ក្រុមយុវជនថាលុយ លោក ហ៊ុន សែន មិនសំខាន់ សំខាន់គឺយុត្តិធម៌លោក កែម ឡី

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 5:51 PM | កែម ទ្បី | 0 | 2318 ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានប្រារព្ធឡើងនៅវត្តចាស់កាលពីពេលកន្លងទៅ

ក្រុមយុវជនស្នើឲ្យរដ្ឋាភិបាលសង់រូបសំណាកលោក កែម ឡី នៅទីកន្លែងដែលគេបាញ់សម្លាប់លោក និងថា ចំពោះទឹកប្រាក់ ដែលលោកនាយករដ្ឋមន្ដ្រីបានឧបត្ថម្ភនោះ មិនសំខាន់ឡើយ បើមិនទាន់រកយុត្ដិធម៌ពិតប្រាកដ។

នៅរសៀលថ្ងៃពុធទី២៦ខែកក្កដាឆ្នាំ២០១៧ ក្រុមយុវជនបានដាក់ញត្តិថ្មីមួយទៀត នៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ប៉ុន្ដែត្រូវបានមន្ដ្រីនៅទីនោះ បដិសេធមិនទទួលយក ដោយថា ខ្លឹមសារនៅក្នុងញត្តិនោះ មិនមែនជា «ករណីជាក់ស្ដែង»។

បន្ទាប់ពីមន្ដ្រីខុទ្ទកាល័យនាយករដ្ឋមន្ដ្រីបដិសេធ ក្រុមយុវជនបានពាំនាំញត្តិនោះ ទៅដាក់ទៅទីស្ដីគណៈរដ្ឋមន្ដ្រីវិញម្ដង ដោយស្នើដល់រាជរដ្ឋាភិបាល អនុញ្ញាតសាងសង់រូបសំណាក់លោក កែម ឡី នៅលើទីតាំង ម្ដុំស្ដារម៉ាត ក្បែរស្ដុបបូកគោ កែងផ្លូវព្រះមុនីវង្ស និងផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ ជាទីកន្លែង ដែលខ្មាន់កាំភ្លើងបាញ់សម្លាប់រូបលោក កាលពីថ្ងៃទី១០កក្កដាឆ្នាំ២០១៦។

សមាជិកសមាគមសម្ព័ន្ធនិសិត្សបញ្ញាវន្ដខ្មែរ លោក គង់ រ៉ៃយ៉ា ឲ្យ VOD ដឹងថា លោកនិងក្រុមយុវជន មិនសង្ឃឹមថា នឹងមានការឆ្លើយតបជាវិជ្ជមាន ទៅនឹងសំណើសុំ សាងសង់រូបសំណាកលោក កែម ឡី នៅការ៉ាស់សាំងកាល់តិច ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ នោះទេ។

ប៉ុន្ដែលោកថា ​បន្ទាប់ពីឃើញលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសជួយឧបត្ដម្ភទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ សម្រាប់ថ្លៃចំណាយបុណ្យខួប១ឆ្នាំ និងថ្លៃសាងសង់ចេតីយលោកបណិ្ឌត កែម ឡី លោក គង់ រ៉ៃយ៉ា យល់ថា លោក ហ៊ុន សែន ពិតជាមានទឹកចិត្តមនុស្សធម៌ មិនមែនជាការសំដែងនោះទេ។

យុវជនដែលធ្លាប់ត្រូវបានជាប់ពន្ធនាគារដែលរដ្ឋាភិបាលចោទថាធ្វើ«បដិវត្តន៍ពណ៌»រូបនេះបន្ថែមថា ប្រាក់ឧបត្តម្ភពីលោកនាយករដ្ឋមន្ដ្រី គឺមិនសំខាន់ទេ ហើយអ្វីដែលសំខាន់នោះ គឺយល់ព្រមតាមសំណើ ដើម្បីសាងសង់រូបសំណាកលោក កែម ឡី និងស្វែងរកយុត្ដិធម៌ពិតប្រាកដជូនក្រុមគ្រួសារថែមទៀត។

លោកថា៖ «ទាក់ទងជាមួយនឹងយុត្ដិធម៌ បើសិនការផ្ដល់លុយហ្នឹង ចេញពីទឹកចិត្ត ពីបេះដូងរបស់គាត់ អាណិតស្រឡាញ់ទៅក្រុមគ្រួសារ ក៏ដូចជាវិញ្ញានក្ខន្ធលោកបណ្ឌិត កែម ឡី គាត់ប្រាដកណាស់ថា នឹងរកយុត្ដិធម៌ពិតប្រាកដ […] ទឹកប្រាក់វាមិនសំខាន់ទេ សំខាន់គឺយុត្ដិធម៌​ បើសិនជាគ្មានយុត្ដិធម៌ពិតប្រាដកទេ ទឹកប្រាក់គឺអត់មានតម្លៃ»។

អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ទិត សុធា ថា លោកបានដឹងរឿងនេះទេ ព្រោះលោកមិនមែនជាអ្នកទទួលញត្តិ។

កាល​ពី​ថ្ងៃ​ទី១៥ កក្កដា​ឆ្នាំ២០១៧ លោក ហ៊ុន សែន បានផ្តល់លុយ១ម៉ឺនដុល្លារ សម្រាប់សងថ្លៃ​ជំពាក់​​ថ្លៃ​រៀបចំ​អាហារ​ថ្ងៃ​បុណ្យ​ខួប១​ឆ្នាំ លោក កែម ឡី នៅភូមិ​អង្គតាកុក ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ក្រោយមក លោក ហ៊ុន សែន អះអាងថា លោកផ្តល់លុយ៥ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីសង់ចេតិយ លោក កែម ឡី។
ករណីនេះ ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ​ រចនា បានសំដែងការខកចិត្ត ដោយថា ក្រុមគ្រួសារខាងប្ដីមិនគួរទទួលយកប្រាក់ឧបត្ថម្ភពីលោក ហ៊ុន សែន ទេ ដោយអ្នកស្រីថា គ្រប់គ្នាដឹងច្បាស់ហើយ «អ្នកណានៅពីក្រោយករណីឃាតកម្មនេះ»។

គួរបញ្ជាក់ថា លោក​ កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន នៅ​ក្នុង​ម៉ាត​ ក្បែរការ៉ាស់​​សាំង​កាល់តិច ​ម្ដុំ​ស្តុប​បូកគោ។ ហើយមាន​បុរសឈ្មោះ អឿត អាង ដែលសមត្ថកិច្ចចោទថាជាខ្មាន់កាំភ្លើង និងហៅថា​​ «ជួប សម្លាប់» តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​កាត់​ទោស ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​​នេះ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required