អ្នកមានបញ្ហានៅខេត្ដព្រះវិហារ ខកចិត្ដមិនបានជួប លោក ហ៊ុន សែន

លោក ហ៊ុន សែន សួរសុខទុក្ខសិស្សានុសិស្សនៅខេត្តព្រះវិហារ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

អ្នកមានជម្លោះដីធ្លីនិងក្រុមអាជីវករមួយចំនួននៅខេត្ដព្រះវិហារ សម្ដែងការខកចិត្ដដែលមិនបានជួបនាយករដ្ឋមន្ដ្រី លោក ហ៊ុន សែន ដើម្បីឲ្យលោកជួយដោះស្រាយនូវបញ្ហាមួយចំនួន។

ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើយុទ្ធនាការចុះសួរសុខទុក្ខពលរដ្ឋនៅខេត្ដព្រះវិហារ នៅថ្ងៃទី២៥និងថ្ងៃទី២៦ខែសីហានេះ ដោយថាដើម្បីជួយដោះស្រាយនូវទុក្ខលំបាកមួយចំនួនជូនពលរដ្ឋ។

ប៉ុន្តែទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចគួយ អ្នកស្រី នួន ម៉ុន ប្រាប់VODនៅថ្ងៃទី២៦ខែសីហានេះថា ពួកគាត់ចំនួន៥នាក់ តំណាងឲ្យស្នាមមេដៃពលរដ្ឋ៥១៧នាក់ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ចាំជួបនាយករដ្ឋមន្ដ្រី លោក ហ៊ុន សែន ជាមួយអាជីវករផ្សារនៅក្រុងព្រះវិហារ ដើម្បីសុំអន្ដរាគមន៍ពីប្រមុខរដ្ឋាភិបាលដោះស្រាយជម្លោះដីធ្លី ប៉ុន្ដែអ្នកស្រីមិនបានជួបនោះទេ បើទោះជាចំណាយពេលពីរថ្ងៃក៏ដោយ។ អ្នកស្រីសង្ស័យថា អាជ្ញាធរជាអ្នកពង្វៀងលោកនាយករដ្ឋមន្ដ្រីមិនឲ្យជួបពួកគាត់ ។

អ្នកស្រីបន្ដថា៖ រហូតដល់ព្រឹកនេះ ពួកខ្ញុំខំតែទៅផ្សារអ្នកផ្សារថាអត់ចូលទេទៅណោះបាត់ហើយទៅស្រអែម ទៅប្រាសាទព្រះវិហារ ហើយពួកខ្ញុំឮចាមរាមថា ទៅឈានមុខពួកខំជិះម៉ូតូទៅដល់ឈានមុខស្ងាត់គាត់អត់ដឹងដែរ។ អត់បានផលទេបើទៅសាលាខេត្ដគេអត់ឲ្យចូលបើក្នុងផ្សារខ្ញុំសង្ឃឹមថាបានជួប

មន្ដ្រីអង្គការពន្លកខ្មែរ ដែលតាមឃ្លាំមើលលើករណីនេះ លោក លួត សាំង ឲ្យដឹងថាក្រុមអាជីវករនៅផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ បានរងចាំជួបនាយករដ្ឋមន្ដ្រីដូចពលរដ្ឋនៅតាមបណ្ដាខេត្ដផ្សេងៗទៀតដែរ ដើម្បីឲ្យលោកជួយដោះស្រាយពីភាពមិនប្រក្រតីនៅក្នុងផ្សារ ប៉ុន្ដែលោកថាអាជ្ញាធរបែរជាមិនឲ្យជួបទៅវិញ។

VOD មិនអាចទាក់ទងអភិបាលខេត្ដព្រះវិហារលោក អ៊ុន ចាន់ដា ដែលទើបកាន់តំណែងថ្មី ដើម្បីសុំការឆ្លើយតបបានភ្លាមៗនៅឡើយទេ ដោយទូរសព្ទលោកគ្មានអ្នកទទួល។

លោកបន្ដថា៖ ប្រជាជននៅក្នុងផ្សារហ្នឹងមានបញ្ហាច្រើន! ចឹងទៅគេគិតថា ប្រហែលចូលផ្សារទៅគឺប្រហែលប្រជាជនគេលើកអំពីពុករលួយបង់ពន្ធផ្សារ ជាពិសេសប្រជាជនគាត់ឡើងមកពីសហគមន៍ គាត់រៀបចំឯកសារ ក៏ដូចជាពាក្យបណ្ដឹង ដើម្បីដាក់ជូននាយករដ្ឋមន្ដ្រី ឲ្យដើស្រាយរឿងដីធ្លីនិងបទល្មើសព្រៃឈើនៅខេត្ដព្រះវិហារ

ទោះជាយ៉ាងនេះក្ដី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារ លោក ឡោក ចាន់ មានប្រសាសន៍ថា ការដែលប្រមុខរដ្ឋាភិបាលមិនបានជួបពលរដ្ឋនេះ លោកថាជាការរៀបចំទុករបស់អាជ្ញាធរជាមុន ព្រោះនៅខេត្ដព្រះវិហារមានរឿងអាស្រូវច្រើន ដែលបន្សល់ទុកពីអតីតអភិបាលខេត្ដ លោក អ៊ុំ ម៉ារ៉ា។ លោកបន្ដថា រឿងអាស្រូវនោះដូចជាការគ្មានដំណោះស្រាយដល់អាជីករដែលពាក់ព័ន្ធអំពើពុករលួយ និងគ្មានដំណោះស្រាយដល់ពលរដ្ឋមានជម្លោះដីធ្លីជាដើម។

លោកបន្ដថា៖ អាជីវករផ្សារគាត់អត់បានដោះស្រាយមានរឿងម្ដងៗ! មានបានដោះស្រាយណា! រហូតអ្នកដេញថ្លៃផ្សារហ្នឹង គាត់ដេញបានគាត់សាងសង់ជាមួយគណៈកម្មការ! បានសោភ័ណ្ឌណា មានផ្លូវឲ្យដូចគាត់បង្ហាញណាហ្នឹងទី១ ទី២ ការពង្រួញដីតូចជាគោលការណ៍ផ្លូវពីរមែត្រ ផ្លូវធំបីម៉ែត្រ! ជាក់ស្ដែងផ្លូវធំតែពីរម៉ែត្រហ្នឹង អត់មានដោះស្រាយហើយរហួតដល់ពេលបច្ចុប្បន្ននេះ

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលធ្វើយុទ្ធនាការជាច្រើនខេត្ដកន្លងមក តែងជួបជាមួយអាជីវករ និងបានផ្ដល់សិទ្ធិឲ្យពួកគាត់អាចលក់ដូរនៅផ្សារនីមួយៗអស់មួយជីវិត ដូចជាផ្សារនៅខេត្ដកំពង់ធំ ខេត្ដស្ទឹងត្រែង និងខេត្ដកំពង់ស្ពឺជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ