ក្រសួងសុខាភិបាលថាការអប់រំថា្នក់ឱសថសាលាពេទ្យ IU មិនបំពេញតាមលក្ខខណ្ឌ

(រូបភាពពីហ្វេសប៊ុក)

ក្រសួងសុខាភិបាលថាការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររងឱសថឬឱកាសថការីមធ្យមនៅសកលវិទ្យាល័យអន្ដរជាតិឬហៅកាត់ថា IU មិនបានបំពេញតាមលក្ខខណ្ឌបច្ចេកទេសរបស់ក្រសួងសុខាភិបាលទេ។

កាលពីថ្ងៃទី២២ ខែសីហា ម្ចាស់គណនីយហ្វេសបុកម្នាក់ឈ្មោះថា Ahh Lin បានសរសេរសារនៅលើគេហទំព័រហ្វេសបុកផ្ទាល់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថា៖ “តំណាងឲ្យនិស្សិតសាកលវិទ្យាល័យអន្ដរជាតិ (IU) ដែលសិក្សាជំនាញឱសថការីមធ្យម មាននិស្សិតប្រមាណ ០០០នាក់ សូមសម្ដេចមេត្តាជួយរកដំណោះស្រាយឲ្យពួកក្មួយផង។ ការសិក្សាដំបូងសាលាថា ត្រូវចំនាយពេល៣ឆ្នាំ ដោយក្រោយពេលបញ្ចប់ការសិក្សាអាចបើកឱសថស្ថានរង  ហើយបើចង់បើកជាឱសថស្ថាន ត្រូវសិក្សា៣ឆ្នាំបន្ថែម។ ប៉ុន្ដែឥឡូវពួកក្មួយបានចំនាយពេល៤ឆ្នាំក្នុងការសិក្សាថ្នាក់ឱសថសាស្រ្ដ តែក្រោយពេលបញ្ចប់ការសិក្សាពុំមានក្រសួងណាទទួលស្គាល់ទ្បើយ ហើយមិនអាចបើកឱសថស្ថានរង ក។ ដូចដែលសាលាបានកំនត់ទុកឡើយ ហើយបើចង់បើកឱសថស្ថានបាន ត្រូវសិក្សា៤ឆ្មាំបន្ថែម។ សរុប៨ឆ្នាំ បើមិនសិក្សាបន្ថែមមិនអាចបើកឱសថស្ថានរង ក ហើយក៏គ្មានក្រសួងណាទទួលស្គាល់ ហើយការសិក្សាកន្លងមកនឹងអសាបង់គ្មានតម្លៃ”។

ឆ្លើយតបចំពោះការស្នើសុំរបស់និស្សិតសកលវិទ្យាល័យអន្តរជាតិ (IU) ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៣ ខែសីហា បានលិខិតផ្ញើជូនសកលវិទ្យាធិការនៃសកលវិទ្យាល័យអន្ដរជាតិ (IU) ដោយបញ្ជាក់ថា ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររងឱសថឬឱកាសថការីមធ្យមនៅសកលវិទ្យាល័យអន្ដរជាតិ (IU) មិនបានបំពេញតាមលក្ខខណ្ឌបច្ចេកទេសរបស់ក្រសួងសុខាភិបាលទេ។

លិខិតបានសរសេរថា៖ និស្សិត ដែលបញ្ចប់កាសិក្សានៅសកវិទ្យាល័យអន្តរជាតិ IU ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវសិក្សាបន្ថែមតាមតម្រូវការរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ និងនៅពេលបញ្ចប់កាសិក្សានិស្សិតត្រូវប្រលងចេញថ្នាក់ជាតិជាប់ ដូចជានិស្សិតដទៃទៀត ទើបទទួលបានសញ្ញាបត្របរិញ្ញាបត្រឱសថ និងចូលត្រូវចូលជាសមាជិកគណៈឱសថការីកម្ពុជា”

និស្សិតពេទ្យម្នាក់ដែលសិក្សានៅសកលវិទ្យាល័យអន្ដរជាតិផែ្នកឱសថបានមានប្រសាសន៍ប្រាប់វីអូឌីដោយស្នើសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា មុនពេលចូលរៀន ខាងសាលាហ្នឹងក៏ដូចជាលោកគ្រូអ្នកគ្រូបានសន្យាថា បើពួកគេរៀនចប់បរិញ្ញាបត្ររង គឺអាចមានសិទ្ធិក្នុងបើកឱសថស្ថានរង “ក” បាន តែនៅពេលដែលពួកគេរៀនចប់បែបជាមិនអាចបើកបានទៅវិញ។

និស្សិតដដែលអះអាងថា៖ បើសិនជាសាលាមិនបានសន្យាជាមួយខ្ញុំថាទេ [] ពួកខ្ញុំក៏មិនទៅរៀនដែរ តែដោយសារការសន្យារបស់សាលា! អីញ្ចឹងបានពួកខ្ញុំទៅរៀន! ពេលចូលរៀន ពួកខ្ញុំបានចុះឈ្មោះ ខ្ញុំបានសួរទៅលោកគ្រូ ដែលបង្រៀននៅហ្នឹងដូចជាគាត់ជា Dean (ព្រឹទ្ធបុរស) នៅខាងឱសថ គាត់ថា បើកបាន អាចបើកបាន

និសិ្សតម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់វីអូឌីថា កាលពីថ្ងៃទី២៥ ខែសីហា ខាងសាលា IU បានអញ្ចើញសិស្សដែលបានតវ៉ាពីបញ្ហាខាងលើមកប្រជុំនិងស្ដាប់ការណែនាំរបស់សាលា ដោយសាលាបានផ្ដល់ការសិក្សាដោយមិនបង់ប្រាក់ចំនួន១ឆ្នាំចំពោះអ្នកដែលមានបំណងចង់រៀនបន្ដថា្នក់បរិញ្ញាប័ត្រ ប៉ុន្ដែមិនប្រាកដថាឆ្នាំទីប៉ុន្មានឲ្យប្រាកដ។

លោកថា៖ បានសួរគេដែរ (ការបើកឱសថស្ថានរង ) តែគេអត់មាននិយាយអី! គេថាមកពីតម្រូវការស្រុកខ្មែរយើង! និយាយទៅអ្នកខាងខេត្ដ គេអត់ចង់បើក!  [] អត់មានច្បាប់ណា ហាមយើងទេ តែគេអត់ចង់បើករង ក ។ គេចង់បើក (ថ្នាក់) ឧត្ដមតែម្តង []

វីអូឌីនៅតែមិនអាចសុំការបំភ្លឺណាមួយជាក់លាក់ពីលោកវិទ្យាធិការសកលវិទ្យាល័យអន្ដរជាតិ លោក អូ សាណូ បានទេរហូតមកដល់ម៉ោងចេញផ្សាយនេះ។

ទាំងអ្នកនាំពាក្យក្រសួងសុខាភិបាលនិងអ្នកនាំពាក្យក្រសួងអប់រំនៅមិនទាន់អាចសុំការឆ្លើយបំភ្លឺណាមួយពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររងឱសថឬឱកាសថការីមធ្យមនៅសកលវិទ្យាល័យអន្ដរជាតិ។

គួរបញ្ចាក់ថាកាលពីថ្ងៃទី១ សីហា កន្លងទៅមាននិស្សិតពេទ្យចំនួន៥០នាក់មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រនៅក្នុងរាជធានីភ្នំពេញបានអំពាវនាវស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឲ្យពួកគេប្រឡងជាប់ ដោយគ្មានការប្រឡងឡើងវិញ បន្ទាប់ពីពួកគេប្រឡងធ្លាក់ជំនាញគ្លីនិកកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ