គ.ជ.ប បង្ហាញជំហរថ្មីថាបរទេសកាន់អត្តសញ្ញាណប័ណ្ណខុសច្បាប់នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ឡើងវិញថា គ.ជ.ប អាចលុបឈ្មោះជនបរទេសមិនឲ្យបោះឆ្នោតបាន បើពិនិត្យឃើញថាអ្នកទាំងនោះ មិនបានចូលសញ្ជាតិខ្មែរ ត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ បើទោះបីបរទេសទាំងនោះ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត រួចហើយក៏ដោយ។

កាលពីសប្តាហ៍មុនមន្ត្រី គ.ជ.ប អះអាងថា ជនបរទេសមិនចេះនិយាយខ្មែរសោះ ក៏អាចទៅចុះឈ្មោះបោះឆ្នោតបានដែរ ឲ្យតែពួកគេមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ការអះអាង របស់មន្ត្រី គ.ជ.ប បែបនេះ ជំរុញឲ្យគណបក្សមិនកាន់អំណាចមួយចំនួន ដូចជាគណបក្សសង្ក្រោះជាតិ និងគណបក្សអំណាចខ្មែរ បានប្រកាសធ្វើយុទ្ធនាការ ទប់ស្កាត់ ជនជាតិវៀតណាមខុសច្បាប់ រស់នៅកម្ពុជា មិនឲ្យទៅចុះឈ្មោះបោះឆ្នោត។

ប៉ុន្តែនៅថ្ងៃទី២៦ខែសីហានេះ អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន ថ្លែងនៅក្នុងកិច្ចប្រជុំនៅស្នាក់ការកណ្តាលថា ជនណាមួយ ទៅរារាំង ជនបរទេសដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនឲ្យពួកគេទៅចុះឈ្មោះបោះឆ្នោត លោកថា ជាទង្វើខុសច្បាប់។

ប៉ុន្តែលោក គួយ ប៊ុនរឿន បញ្ជាក់ថា គ.ជ.ប អាចលុបឈ្មោះជនបរទេសទាំងនោះចេញពីបញ្ជីបោះឆ្នោតវិញបាន តាមរយៈពាក្យបណ្តឹង របស់គណបក្សនាយោបាយណាមួយ ដែលរកឃើញថា ជនបរទេស ដែលបានចុះឈ្មោះរួចហើយទាំងនោះ បានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសច្បាប់ មិនបានបំពេញលក្ខខណ្ឌ តាមច្បាប់ស្តីពីការចូលសញ្ជាតិ ។

លោកថា៖ «មិនមែនថាបានចុះ [ឈ្មោះបោះឆ្នោត] ហើយចប់សព្វគ្រប់ទេ? ហើយលើកនេះការបិទផ្សាយបញ្ជីតំបូងនេះ យើងទុករយៈវែង ជាងពីការបោះឆ្នោតមុន លើកមុនយើងទុកឲ្យតែ៥ថ្ងៃទេ លើកនេះយើងទុក១០ថ្ងៃ។អញ្ចឹង១០ថ្ងៃនេះល្មមហើយមើលទាំងអស់នៅសាលាឃុំសង្កាត់ ប្រហែលជាគ្រប់គ្រាន់ហើយ ថាឈ្មោះណាខ្លះដើម្បីតាមមើល ។ ដូច្នេះប្រហែលជាយន្តការនេះ អាចនឹងពិនិត្យបានដឹតដល់ ហើយនឹងមិនអាចមាន ភស្តុតាងណាមួយ នៅពេលដែលមានពាក្យប្តឹងជំទាស់ណាមួយ ទៅលើអ្នកបោះឆ្នោតណាមួយដែលមិនបានបំពេញលក្ខខណ្ឌច្បាប់ ហើយជាពិសេសដែលរងការចោទប្រកាន់ថា មិនមែនជាជនជាតិខ្មែរ»។

លោក គួយ ប៊ុនរឿន អះអាងទៀតថា មន្ត្រី គជប នឹងសម្ភាសជនបរទេស ដែលរងពាក្យបណ្តឹងទាំងនោះដោយផ្ទាល់មាត់ និងរកការសហការពីអគ្គនាយកដ្ឋានត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបានឯកសាបញ្ជាក់ថា ពួកគេបានចូលសញ្ជាតិតាមលក្ខខណ្ឌច្បាប់ឬអត់។

ច្បាប់សញ្ជាតិចែងថា ជនបរទេសដែលអាចចូល សញ្ជាតូបនីយកម្ម ឬ សញ្ជាតិខ្មែរបាន ត្រូវចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ យល់ដឹងពីប្រវត្តិសាស្ត្រខ្មែរខ្លះ និងស្នាក់នៅកម្ពុជាជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតពីថ្ងៃទទួលប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍។

កាលពីសប្តាហ៍មុនគណបក្សសង្គ្រោះជាតិ បានស្នើក្រសួងមហាផ្ទៃ បញ្ជាក់ពពីចំនួនជនបទេស ដែលបានចូលសញ្ជាតិខ្មែរ ជំរុញការអនុវត្តច្បាប់ និងទប់ស្កាត់ជនបទេសខុសច្បាប់ ទៅចុះបោះឆ្នោត។

នៅថ្ងៃសុក្រនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់បន្ថែមថា៖ «ព្រោះរឿងនេះជារឿងសំខាន់ណាស់ ព្រោះយើងមិនអាចអនុញ្ញាតិឲ្យជនបរទេស មកសម្រេចជោគវាសនាខ្មែរជំនួសខ្មែរ តាមរយៈនៃការបោះឆ្នោតនេះបានទេ។អញ្ចឹងយើងបានផ្ញើលិខិតទៅហើយ»។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថាជនជាតិវៀតណាម៧ម៉ឺនជាង៦ពាន់នាក់ (៧៦ ៣៩៨) បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី។

ប៉ុន្តែសង្គមស៊ីវិល និងបក្សប្រឆាំងវិញធ្លាប់អះអាងថា ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ នៅកម្ពុជាអាចមានដល់ទៅជាង១លាននាក់។

លោក មេធាវី សុក សំអឿន និងជាសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅ (ERA) លើកឡើងថា តាមច្បាប់ គជប អាចលុបឈ្មោះបទេសដែលខុសច្បាប់នេះពីបញ្ជីបោះឆ្នោត។

លោកថា៖ «ជាធម្មតា អាហ្នឹងគេត្រូវផ្តល់សិទ្ធិ ឧទ្ធរណ៍ឲ្យសមីខ្លួនហើយ ក៏ប៉ុន្តែច្បាប់សញ្ជាតិចំនុចដែលខ្លាំងគឺព្រះរាជក្រិត្រ។ បើ គ.ជ.ប បដិសេធព្រះរាជក្រិត្រ អាហ្នឹងបានមានបញ្ហា តែបើ គ.ជ.ប សំអាងថាគ្មានព្រះរាជក្រិត្រ បដិសេធសញ្ជាតិ ដូចជាអត់មានអីតវ៉ាកើតទេ»។

បើតាម គ.ជ.ប មកដល់ពេលនេះ ក្រសួងមហាផ្ទៃបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានជិត៩លានសន្លឹកហើយ (៨ ៩៩០ ០០០) ក្នុងចំណោមពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត មានចំនួនជាង៩ លាន ៦សែ ននាក់ (៩ ៦៦៤ ២១៦) ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ