ការស្ទង់មតិមួយថាយុវជន៩៥ភាគរយត្រៀមទៅចុះឈ្មោះបោះឆ្នោត

យុវជនដែលចូលរួមការប្រលងបាក់ឌុបនាពេលកន្លងទៅ

កម្មវិធីអភិវឌ្ឍធនធានយុវជនកម្ពុជា ហៅកាត់ថា YRDP បានឲ្យដឹងថានឹងមានយុវជនដែលគ្រប់អាយុបោះឆ្នោតចំនួន៩៥ភាគរយ នឹងត្រៀមទៅចុះឈ្មោះដើម្បីបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨។ នេះបើតាមការស្ទង់មតិ។

នាយកប្រត្តិបត្តិអង្គការ YRDP លោក ជាង សុខា មានប្រសាសន៍នៅក្នុងសន្និសិទ្ធកាសែតស្តីពី ផែនការសកម្មភាពសង្កេតការណ៍ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ថ្ងៃ២៦ សីហានេះ ថា តាមការសិក្សារបស់អង្គការលោក មានយុវជន៩៥ភាគរយមានបំណងទៅចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខ។ ហើយលោកបញ្ជាក់ថា ចំនួនយុវជននៅកម្ពុជាដែលគ្រោងទៅចុះឈ្មោះ នឹងធ្វើឲ្យមានឥទ្ធិពលលើសំឡេងឆ្នោត។

លោកមានប្រសាសន៍ថា៖ “នៅពេលដែលចំនួនអ្នកបោះឆ្នោតប្រហែលជាជិតទៅដល់១០លាន ហើយយុវជនមាន៤.៣ ចឹងទូរលេខហ្នឹងខ្ពស់ ដែលគិតថាជាអ្នកដែលធ្វើឲ្យមានឥទ្ធិពលទៅលើសំឡេងនៃសន្លឹកឆ្នោត។ ត្រង់ថា គាត់បោះឆ្នោតឲ្យគណបក្សណាជារឿងរបស់គាត់! តែត្រង់ថា បើសិនជាគាត់បានចុះឈ្មោះ ចឹងគាត់មានឥទ្ធិពលទៅលើសន្លឹកឆ្នោតហ្នឹងដែរ! ត្រង់ចំណុចហ្នឹងដែរយើងខំប្រឹងប្រែង”។

តាមការសិក្សាក្នុងឆ្នាំ២០១៥ របស់អង្គការ YRDP លោក ជាង សុខា ឲ្យដឹងថា ការបោះឆ្នោតឆ្នាំ២០១២ យុវជនដែលមានអាយុពី២១ ដល់២៤ តែ៤២ភាគរយប៉ុណ្ណោះបានទៅបោះឆ្នោត ខណៈដែលយុវជនបានចុះឈ្មោះបោះឆ្នោតហើយ តែមិនបានបោះឆ្នោតមានចំនួនរហូតដល់៥៩ភាគរយ។

លោកបន្តថា ការមិនបានទៅបោះឆ្នោតនេះ ដោយសារតែមិនមានឯកសារគ្រប់គ្រាន់ បញ្ហារកឈ្មោះមិនឃើញ និងការធ្វើដំណើរទៅបោះឆ្នោត ហើយក្នុងនាមជាអង្គការយុវជន យើងប្រឹងប្រែងធ្វើម៉េចឲ្យលទ្ធភាពប្រសើរជាងមុន។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា លទ្ធភាពនៃការទៅបោះឆ្នោតនៅតែជាកង្វល់ ដែលតម្រូងឲ្យអង្គការសង្គមស៊ីវិលធ្វើការលើយុវជនត្រូវតែផ្សព្វផ្សាយលើកទឹកចិត្តធ្វើម៉េចឲ្យគាត់ចុះឈ្មោះកាន់តែច្រើន។

គួរបញ្ជាក់ថាការចុះឈ្មោះបោះឆ្នោតនេះ នឹងចាប់ផ្តើមពីថ្ងៃ០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឯការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ