នាយក្រឹម សុំអោយភរិយាដើមបន្ធូរដៃ

រូបភាពពី​ហ្វេសប៊ុក

ក្នុងកិច្ចសម្ភាសន៍ជាមួយ​ភ្នាក់ងារ VOD កាលពីល្ងាចថ្ងៃទី​២៥ សីហា ​លោក​​​អ៊ូ ប៊ុណ្ណារ៉ាត ហៅក្រឹម​បានអះអាងថា លោក​​​មិនមាន​អ្វីនិយាយ​​ជុំវិញ​​​​​ប្រតិកម្ម​​របស់ភរិយា​​​​​ដែលបានសម្ភាសន៍អោយបណ្ដាញផ្សព្វផ្សាយ​ពាក់ព័ន្ធនឹង​រឿងលោកមាន​​​​ស្នេហា​ស៊ីជម្រៅ​ជាមួយ​នាងលាភនោះទេ ​​​បើទោះជាលោកបានសារភាព​នោះ​​​ការ​ហែកហួរនោះគឺមិនខុសពីការបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកយ៉ាងធ្ងន់ធ្ងរ ដែល​មិនខុសពី​មិនទុក​​អោយ​ប្ដី។ ​​លោក​បាន​​​បញ្ជាក់ថា​​​​​អ្វីដែលភរិយា​​​​​ទម្លាយចេញ ដោយមានទាំងការប្រកាសដាក់បណ្ដឹង​នាងលាភ​​​​​​ពីដណ្ដើម​ប្ដីនោះផង គឺ​ជារឿងសមស្រប​ តែលោកបញ្ជាក់ថាភរិយារបស់លោកគួរតែ​​​​​បន្ធូរ​។

លោកនិយាយថា​លោកមិនមែនមិនខឹងនោះទេ តែលោក​យល់ថា​អារម្មណ៍ខឹងច្រលោត ឬ​ការលើកឡើងរបស់​ ​អ្នកស្រី វង់ ឡុងមុន្នី ​ជាភរិយាស្រប​ច្បាប់គឺជា​​​​​​អ្វីដែលមនុស្សទូទៅមិនអាច​​ទ្រាំបាន។ លោកថា​ខ្លួនមិនហ៊ានហាម​ឃាត់ចំពោះ​អ្វីដែលបាន​កើតឡើងនោះទេ ដោយ​លោកបានទាំង​​​អះអាងថាបើភរិយាដើមរបស់លោក​​​យល់ថា​​​អ្វីដែលបាន​ធ្វើឡើងគឺជារឿងសប្បាយចិត្ត គឺបន្តធ្វើទៀតចុះ សម្រាប់លោកពេញចិត្តទទួលយក។

ឆ្លើយតប​នឹងសំណួរថា​​តើ​​លោកអាចនឹងដាច់ចិត្ត​​សុំលែងភរិយា​​ក្រោយ​​​​រងការអាម៉ាស់នេះទេ លោក​​ថាមិនមាន​គម្រោង​​​​ដល់ថ្នាក់​ចង់លែងប្រពន្ធកម្សត់កម្រ​​នោះទេ ​ថ្វីដ្បិត​តែអ្វីដែល​ភរិយា​ដើម​បាននិយាយ​គឺជា​បំផ្លាញ​ចំពោះ​​​លោក​​​​មិនខុសពី​ដើរស្រាតខោ។ លោកថា​ធម្មតា​​មនុស្សស្រី​​​​​គឺពិតជាពិបាកចិត្តនៅ​​ពេល​​​​ស្វាមី​​ទៅមាន​​ប្រពន្ធថ្មី ​ប៉ុន្តែលោកអះអាងថា​តាំង​ពីបានទាក់ទងជាមួយ​នាងលាភ លោកមិន​​​​​​ដែលចោល​ផ្ទះ និងមិន​​អើពើចំពោះ​កូន​​ៗទាំង​៤ដែលជាដំណក់ឈាមរបស់​​​អ្នកស្រី វង់ ឡុងមុន្នី នោះ​ទេ គឺមានតែប្រឹងរក​​លុយទ្វេរដង​​​​ដើម្បី​​ផ្គត់ផ្គង់គ្រួសារ​ប្រចាំថ្ងៃ​។

លោកសារភាព​​​​រវាង​លោក និង​​​​​​​​​​តារាកំប្លែងនាង​​គង់ ចាន់ស៊ីណា ហៅ​​នាង​​លាភ ពិតជារួមរស់ជាមួយគ្នា​​រហូតដល់មានកូន​ភ្លោះ​​​ក្នុងពោះដែលក្នុងពេលនេះ​គឺនាង​លាភ​ពរ​​ពោះ​​ប្រមាណជាង៥ខែ តែលោកនៅអះអាងថាមិនបានស្រឡាញ់​​នាងលាភ ហើយភ្លេចប្រពន្ធដើម និង​ចោលផ្ទះសម្បែងម្ដងឡើយ។ សូម្បីតែរឿងលុយកាក់ គឺនាងលាភទទួលបាន​តែកម្រៃត្រូវសម្ដែងប៉ុណ្ណោះ ចំណែក​​លុយកាក់ធំៗគឺ​អ្នកស្រី វង់ ឡុងមុន្នី នៅតែទទួលបានដដែល។ លោកបាន​​ទាំងចាត់ទុកថា​​ ​​​តារាកំប្លែង​​ស្រីលាភ ​​មិនដែល​​ហ៊ាន​តបត​ណាមួយជាមួយ​​​​អ្នកស្រី វង់ ឡុងមុន្នី នោះទេ ​​សូម្បីតែ​​​ការ​តោងទាមលុយកាក់​ដែលលោក​រកបាន ក៏នាងទុកអោយតែលោក​​ផ្គត់ផ្គង់ប្រពន្ធកូន​​​​​​​ដោយមិនហ៊ានប៉ះពាល់នោះដែរ។ លោក​បាន​បន្តថា ​​នាងលាភមិនដែលបញ្ចេះអោយលោក​​​ដាក់ពាក្យសុំលែង​​​​​អ្នកស្រី វង់ ឡុងមុន្នី ​​នោះទេ តែលោកសារភាព​​ពិតជាមានរឿងរ៉ាវខ្លះផ្ទុះឡើងក្នុងផ្ទះ ដែលបញ្ហា​នោះ​​លោកថា​​​​​​មិនពាក់ព័ន្ធ​នឹង​នាងលាភទេ គឺពាក់ព័ន្ធនឹងការប្រច័ណ្ឌច្រើន និង​​​​ការ​​រងសម្ពាធពីការងារតែម្ដង។

លោក​​មិន​​មាន​​ប្រតិកម្មជុំវិញ​​​គម្រោងដាក់បណ្ដឹង​របស់ភរិយា​ដើម​​​​​​​​​​លើតារាកំប្លែងនាង​លាភដូចគ្នា​​ បើទោះជាការ​រួមរស់របស់លោក និងនាង ខុស​​ច្បាប់​​ឯកពន្ធភាពដែលអាចនឹងមាន​បញ្ហា​។ លោកទទូចអោយ​អ្នកស្រី វង់ ឡុងមុន្នី  ​បន្ធូរដៃកុំដាក់បណ្ដឹង ​ ​ដើម្បី​ទុកមុខ​​មើលគ្នា និងដើម្បីអោយលោកបានបន្ត​​មើលថែកូនៗ​ទាំង​​​៤ដោយមិនមាន​បញ្ហា​​។ លោកសារភាពថា​​​មិនចង់​​​​​​​បោះបង់នូវការ​ទទួលខុសត្រូវ​ចំពោះនាងលាភនោះទេ ដោយសារតែនាងបាន​ពរពោះកូនភ្លោះដែលជាដំណក់ឈាមរបស់លោក​​ប្រមាណជា៥ខែហើយ។

លោកក៏ប្រកាសមិនចង់បាត់បង់​អ្នកស្រី វង់ ឡុងមុន្នី ដូចគ្នា​​ ដោយ​អះអាងថា​​​លោក និងអ្នកស្រី គឺប្ដីប្រពន្ធកម្សត់កម្រ និងមានអនុស្សាវរីយ៍ជាមួយគ្នា​​​រាប់ ដោយសូម្បីអំពើហិង្សា ឬការ​​ជេរប្រមាថ​​​​​ក៏លោកមិនធ្លាប់បានធ្វើ។ លោកនៅតែចាត់ទុក​ថា​ខ្លួនលោកគឺ​​ជា​ស្វាមី​​​ល្អ និងជា​​ឪពុក​ល្អ ដោយក្នុងគ្រួសារ​លោកថាមិនដែល​អោយ​​​អ្នកស្រី វង់ ឡុងមុន្នី និងកូនៗខ្វល់រឿងលុយកាក់នោះទេ ដោយបានទាំង​រៀបការ​កូនច្បង​អោយមានវែកមានឆ្នាំង​មុននេះ​ផង។

លោកចង់​​អោយអ្នកស្រី​ផ្ដល់​ឱកាស​អោយលោកបានដើរផ្លូវទាំង​២ ​ដែលមានន័យថា​​​​អនុញ្ញាតិអោយលោក​​​​មើលខុសត្រូវ​​កូន​​​​​​​ៗទាំង​​៤ជាដំណក់ឈាមក្រោយរៀបការៀង និង​បាន​មើលថែ​កូនភ្លោះក្នុងផ្ទៃរបស់​នាងលាភផង ដែលពេល​​នេះ​មានវ័យ​៥​​ខែក្នុងពោះ។ លោក​នៅតែអះអាងថា​​​​​​​​​​​អត់ចង់បាត់បង់​​​អ្នកណាម្នាក់ទាំងអស់ក្នុងចំណោមប្រពន្ធស្រប​ច្បាប់ និងមិនស្របច្បាប់ទាំង​២​ ប៉ុន្តែបើអ្នកស្រី វង់ ឡុងមុន្នី នៅតែដាក់បណ្ដឹងទៅកាន់តុលាការ​​​តាមច្បាប់​ឯកពន្ធភាព គឺលោក​ត្រៀមខ្លួនចូល​​បំភ្លឺតុលាការ ​ដោយមិនមានគម្រោង​​​គេចវេះ​ឡើយ​។

យ៉ាងណាមិញ លោកបាន​ប្រកាសថា​មក​ទល់ម៉ោងនេះ អ្នកស្រី វង់ ឡុងមុន្នី មិនបាន​​ដាក់បណ្ដឹងទៅកាន់​​តុលាការដូចអ្វីដែលបានប្រកាសឡើងនោះទេ ​​​​​ទើបលោកយល់ថាស្ថានភាពនៅអាច​​ដោះស្រាយបាន​​ ជាពិសេសបើសិជា​​អ្នកស្រី​​​​​មានការបន្ធូរដៃ។

​លោក​​​ទទួលស្គាល់​​អ្វីដែលអ្នកស្រី​ វង់ ឡុងមុន្នី ទម្លាយចេញ​គឺជាការ​បំផ្លាញខ្លួន តែលោកមិនខឹងមិនច្រលោតនោះទេ ​ហើយក៏គ្មានគំនិត​​​ទៅ​សុំលែងភរិយាយព្រោះតែរឿងប៉ុណ្ណឹងនោះដែរ ដោយលោកបានទាំងលើកឡើងថា​អ្វីៗដែលអ្នកស្រី​​​​​​​​​​បានធ្វើ គឺដោយសារតែ​​ការ​ឈឺចិត្ត និង​​​​​អារម្មណ៍​ប្រច័ណ្ឌខ្លាំង​​​ក្រោយ​ពីដឹង​​ថា​លោកទៅមាន​​ភរិយាថ្មី ហើយថែមទាំង​មានកូនជាមួយគ្នា​​៥​ខែក្នុងពោះបែបនេះ​។ សូម្បីតែ​អ្នកស្រី វង់ ឡុងមុន្នី ​ប្រកាស​​ថា​​នាង​លាភ​​បង្ខំអោយលោក​​​​​​​សុំលែង ក៏លោកបញ្ជាក់មិនដែលបាន​​​ឮនោះដែរ។ លោកថា​​អ្វីៗជាការ​​យល់ច្រលំ ​ដោយ​ការពិត​នោះគឺនាង​លាភដ្បិតថា​បាន​រួមរស់ជាមួយលោក តែមិនដែល​មាន​​គំនិត​​​ណាមួយអោយលោក​​​​​​លែងប្រពន្ធ ​ដើម្បី​បានលោក​ពេញសិទ្ធិ​ម្នាក់ឯងនោះទេ ដោយ​​នាង​មានតែប្រឹងស្ងាត់ស្ងៀម មិនហ៊ានធ្វើដល់ថ្នាក់ហ្នឹង​នោះទេ។

លោក​​ថា​អ្នកស្រី វង់ ឡុងមុន្នី មិនមែនប្ដឹងនាងលាភជាលើកទី​​១ទេ គឺច្រើនដងមកហើយ​​ ​​​​តែមកពីពេលកន្លងមកចេះតែមានដំណោះស្រាយទើប​​​​ស្ងាត់រហូតមក។ យ៉ាងណាមិញ លោក​សារភាព​​ថាកំហឹង​របស់អ្នកស្រី វង់ ឡុងមុន្នី ​គឺទប់លែងជាប់ហើយ​​​ ​ទើប​ឈានដល់ការប្រកាស​ជាសាធារណៈ។ លោកអះអាងថា​មិនមានអារម្មណ៍ខ្វល់ខ្វាយណាមួយ​​​​ដូចគ្នាចំពោះបណ្ដឹងដែលបានប្រកាសឡើង ដោយលោកយល់ព្រមតាមចិត្តអ្នកស្រី​​​គ្រប់រឿង សូម្បីតែ​ចង់អោយលោក​​ទៅកាន់តុលាការ​​ពាក់ព័ន្ធនឹងរឿងច្បាប់ឯកពន្ធភាព។ លោកនៅតែអះអាងថាមិនចង់បាត់បង់​​អ្នកណា​ម្នាក់ ទើបអ្នកណាៗ​​ក៏​​មានការ​កោតសរសើរ​ចំពោះនាង​លាភ ដែល​​​មានសំណាង​ត្រូវបាន​​​នាយក្រឹម​ការពារ ក្រោយពេល​ផ្ទុះរឿងជាមួយភរិយា​ដើម​។ ​​​

នាងលាភ បានអះអាងថា​​​​ខ្លួននឹង​ចាំមើលចំណាត់ការរបស់អ្នកស្រី វង់ ឡុងមុន្នី ​បន្តបន្ទាប់សិន ​ដោយនាងបញ្ជាក់ថា​បើ​អ្នកស្រី​ចង់ប្ដឹង​ ក៏មានតែឡើងបំភ្លឺតាមការ​កោះហៅរបស់​តុលាការ​ តែបើអ្នកស្រី​​​​​​គ្រាន់តែកំឡាក៏អ្នកនាង​សប្បាយចិត្ត។ អ្នកនាង​ច្រាន​ចោលសំណើរសុំអោយបកស្រាយ ដោយ​នាងត្រឹមតែលើកឡើងថាសុំមិន​និយាយ និងថា​រង់​ចាំអោយ​​រឿងរ៉ាវកើតឡើងឈានដល់ដំណាក់ៗ​សិន​ចាំនាង​បន្តដោះស្រាយ​។ ​នាង​បានទទួលស្គាល់ថា​ខ្លួនពិត​ជាមាន​កូនភ្លោះជាមួយ​នាយក្រឹម តែត្រង់ការ​ចោទ​​ថានាងធ្លាប់មាន​ជម្លោះជាមួយភរិយាដើម​​នាយក្រឹម និង​ធ្លាប់​​បញ្ចេះ​​នាយក្រឹមអោយ​​សុំលែងភរិយា​ដើម គឺនាង​បញ្ជាក់ថា​​សុំ​​មិន​ធ្វើការបកស្រាយ។

មកទល់ពេលនេះ​គេនៅមិនទាន់ដឹងថា​​​អ្នកស្រី វង់ ឡុងមុន្នី  នឹងមានជំហរ​បន្ទន់ឥរិយាបទយោគ​យល់ ឬ​​បន្តដាក់បណ្ដឹង​នោះទេ បន្ទាប់ពី​​នាយក្រឹម​ត្រូវ​បាន​បណ្ដាញសារព័ត៌មាន​​បង្ហោះថាមិន​អាចបោះបង់នាង​លាភ ដែលមានន័យថាគឺលោក​​​​ចង់ជិះទូក​​២​​​ដូច​អ្វីដែល​​​​ភរិយាដើម​ប្រកាសដាច់ខាតមិនទទួលយក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ