គណៈកម្មការសំដែងការខកចិត្ត ដោយមិនមានវត្តណាមួយហ៊ានផ្តល់ទីតាំងធ្វើបុណ្យ លោកបណ្ឌិត កែម ឡី

មនុស្ស​ខ្ទង់លាននាក់​ចូលរួម​ហែសព លោក​បណ្ឌិត កែម ឡី នាពេលកន្លងទៅ (រូបថតសការណីវីអូឌី)

សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី សម្ដែងការខកចិត្តចំពោះព្រះចៅអធិការវត្តមួយចំនួន ដោយថាមិនហ៊ានផ្ដល់ទីកន្លែងធ្វើបុណ្យខួប១០០ថ្ងៃជូនសពលោកបណ្ឌិត កែម ឡី ខណៈព្រះសង្ឃមួយចំនួនបារម្ភខ្លាចអាជ្ញាធរ។

សមាជិកគណៈកម្មការបុណ្យខួបម្នាក់ លោក សៅ កុសល ប្រាប់ VOD នៅថ្ងៃនេះថាគណៈកម្មការបានទៅសុំព្រះចៅអធិការវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ដែលជាកន្លែងធ្វើបុណ្យសពលោកនិងនៅតាមវត្ដអារាមផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ តែមិនត្រូវបានព្រះសង្ឃអនុញ្ញាតឡើយ ដោយលោកថាការមិនផ្ដល់ទីតាំងនោះដោយសារមានគំនាបពីអាជ្ញាធរ។

លោកមានប្រសាសន៍ថា៖ “លោកមានសង្ឃដីកាមិនអនុញ្ញាតទៅវិញ នេះដែលជាចំណុចមួយយើងជាប្រសក់ ជាពុទ្ធបរិស័ទ ដែលខ្វល់សកម្មភាពទាំងឡាយតែងគាំទ្រទៅកាន់ពិធីបុណ្យផ្សេងៗផ្នែកព្រះពុទ្ធសាសនាអីនៅក្នុងវត្ត។ ប៉ុន្តែផ្ទុយទៅវិញ លោកបែរជាមិនបានអនុញ្ញាត នេះបង្ហាញថាពុទ្ធសាសនាយើងត្រូវបានធ្លាក់ចុះហើយពីការដែលមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើបុណ្យនៅកន្លែងនោះ ហើយហេតុផលគឺយើងដឹងស្រាប់ហើយមកពីការគំរាមកំហែង មកពីការមិនហានទទួលនូវសំណើរបស់គណៈកម្មការ ចំពោះការរៀបចំបុណ្យ១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី នេះ។ ប៉ុន្តែបុណ្យផ្សេងៗគេបែរជាអនុញ្ញាតទៅវិញ ចឹងយើងមើលឃើញថាវាគួរឲ្យខកចិត្តចំពោះទង្វើទាំងអស់នេះ ដែលកំពុងកើតមាននៅក្នុងសង្គមរបស់ខ្មែរយើងបច្ចុប្បន្ននេះ“។

លោកបន្តថាមកដល់ថ្ងៃទី២៦ ខែកញ្ញានេះមិនទាន់រកទីតាំងសម្រាប់ធ្វើបុណ្យ១០០ថ្ងៃជូន លោក កែម ឡី បាននៅឡើយ ខណៈដែលលោកថាគណៈកម្មការបានដើរសុំជាច្រើនវត្តក្នុងរាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយលោកអំពាវដល់សប្បុរសជនជួយផ្ដល់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញសម្រាប់ធ្វើបុណ្យខួប១០០ថ្ងៃ មុនដង្ហែឆ្ពោះទៅកាន់ស្រុកកំណើតរបស់លោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ។

ព្រះសង្ឈមួយចំនួននៅវត្តក្នុងរាជធានីភ្នំពេញសុំមិនបញ្ចេញព្រះនាម ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថាការមិនផ្ដល់ទីកន្លែងសម្រាប់ធ្វើបុណ្យខួប១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី ដោយសារតែខ្លាចអាជ្ញាធរគាបសង្កត់។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានបដិសេធករណីនេះ ដោយលោកថាអាជ្ញាធរមិនបានហាមឃាត់ព្រះសង្ឃមិនឲ្យផ្ដល់ទីតាំងធ្វើបុណ្យខួបលោកបណ្ឌិត កែម ឡី ឡើយ។

លោកមានប្រសាសន៍ថា៖ “បង្ហាញហេតុផលជាទឡ្ហីករមកថា អាជ្ញាធរយើងហាមឃាត់ សូមបង្ហាញផង ជាជាងៗគ្រាន់តែចោទប្រកាន់មកលើតែអាជ្ញាធរគ្រប់ចំណុចគ្រប់ពេលវេលាអញ្ចឹង។ សូមឲ្យមានទឡ្ហីករឲ្យច្បាស់លាស់ ដោយសារកន្លែងណាដែលយើងមិនឲ្យដែលថាយើងទៅហាមឃាត់មិនឲ្យវត្តឲ្យ អានេះជាសិទ្ធិសេរីភាពរបស់ចៅអធិការវត្តហើយនិងគណៈកម្មការគ្រប់គ្រងវត្ត“។

លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនៅកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយបាញ់សម្លាប់ សពលោកបណ្ឌិតត្រូវបានតម្កល់ទុកពីរសប្តាហ៍នៅវត្តចាស់ក្នុងរាជធានីភ្នំពេញ មុននឹងដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលមនុស្សចូលរួមខ្ទង់២លាននាក់។

សេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែកញ្ញា គណៈកម្មការបុណ្យឲ្យដឹងថា ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃសពអ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត កែម ឡី គ្រោងរៀបចំធ្វើឡើងរយៈពេល២ថ្ងៃនៅរាជធានីភ្នំពេញ មុននឹងដង្ហែទៅស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៦ ខែតុលាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ