អាជ្ញាធររាជធានីរារាំងអ្នកភូមិមិនឲ្យធ្វើពិធីដាក់បណ្តាសាអ្នកបាញ់សម្លាប់លោក កែម ឡី

អាជ្ញាធរខណ្ឌ៧មករាចុះដកហូតយករូបទីងម៉ោងដែលអ្នកភូមិធ្វើតំណាងឲ្យឃាតកបាញ់សម្លាប់លោក កែម ឡី

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅសហគមន៍បូរីកីឡាត្រូវបានរំខានម្តងទៀតពីសំណាក់អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ ខណៈអ្នកភូមិធ្វើពិធីដាក់បណ្តាសាជនដៃដល់និងអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។

នៅព្រឹកថ្ងៃទី២៦ខែកញ្ញានេះ យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដែលធ្វើឡើងនៅសហគមន៍បុរីកីឡា ត្រូវអាជ្ញាធររារាំងថ្មីទៀត នៅពេលអ្នកតវ៉ាលើករូបថតមន្ត្រីសង្គមស៊ីវិលដែលកំពុងជាប់ឃុំ ធ្វើពិធីលែងចាប និងដាក់បណ្តាសាជនដៃដល់បាញ់សម្លាប់លោក កែម ឡី និងអ្នកនៅពីក្រោយឃាតកម្មនេះ។

ប៉ុន្តែយុទ្ធនាការនោះ ត្រូវបានអាជ្ញាធរខណ្ឌ៧មករាចុះរារាំង ដោយសម្រុកចូលទៅឆក់យកបដារូបភាពខ្លះហែកចោលនិងដកហូតយករូបទីងម៉ោងដែលអ្នកភូមិធ្វើតំណាងឲ្យឃាតកបាញ់សម្លាប់លោក កែម ឡី នោះ។

លោក កែម ឡី ជាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះមួយរូបត្រូវបានគេបាញ់សម្លាប់ទាំងព្រឹកព្រលឹមក្នុងហាងស្តាម៉ាតមួយនៃស្ថានីយប្រេងឥន្ទនៈកាល់តិច ជាប់ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

គិតត្រឹមថ្ងៃនេះ ឃាតកម្មនោះមានរយៈពេលជាងពីរខែកន្លះហើយ ដែលរដ្ឋាភិបាលមិនទាន់វែកមុខអ្នកពាក់ព័ន្ធ យកមកផ្តន្ទាទោស ស្វែងរកយុត្តិធម៌ឲ្យគ្រួសារនៃជណរងគ្រោះនៅឡើយទេ បើទោះបីទីតាំងដែលឃាតករបាញ់សម្លាប់នោះ ឡោមព័ទ្ធដោយកាមេរាសុវត្ថិភាពស្អេកស្កះក៏ដោយ។

តំណាងអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅសហគន៍បូរីកីឡា អ្នកស្រី ង៉ូវ ណារី អាយុ៥៥ឆ្នាំ និយាយប្រាប់អ្នកសារព័ត៌មានក្រោយអាជ្ញាធររារាំងថាចំណាត់ការរបស់អាជ្ញាធរនេះមិនបានចូលរួមចណែកគោរពសិទ្ធិពលរដ្ឋបែបជំនឿសាសនានិងមិនសហការស្វែងរកយុត្តិធម៌ ករណីបាញ់សម្លាប់ លោក កែម ឡី ទេ។

អ្នកស្រីថា៖ «ខ្ញុំធ្វើទីងម៉ោងហ្នឹងតំណាងឲ្យឃាតក ដើម្បីឲ្យតុលាការយមរាជឲ្យកាត់ទោសឲ្យឃើញទាន់ហន់។អញ្ចឹងពួកសន្តិសុខនិងអាជ្ញាធរដែលគាត់មករឹបអូសទីងម៉ោងហ្នឹង បានន័យថាគាត់ការពារឃាតក ហើយគាត់មិនមែនរកឃាតករឲ្យប្រជាពលរដ្ឋទេ»។

តំណាងអ្នកធ្វើយុទ្ធនាការម្នាក់ទៀត គឺអ្នកស្រី ស ស៊ន បង្ហាញការខកចិត្តថា រដ្ឋាភិបាលគួរតែលើកទឹកចិត្តពួកគាត់ដែលបានធ្វើការតវ៉ាជំរុញឲ្យមានយុត្តិធម៌សង្គមនេះ គាត់ថារដ្ឋាភិបាលមិនគួរប្រើកម្លាំងមករារាំងពួកគាត់ដែលប្រើប្រាស់សិទ្ធិទាមទារដោយសន្តិវិធីបែបនេះទេ។

លោកថា៖ «ឃាតក យើងចង់ឃើញទាំងអស់គ្នាណាស់ ដើម្បីប្រជាពលរដ្ឋយើង អ្នកការពារសិទ្ធិមនុស្សផ្សេងៗទៀត និងអ្នកវិភាគឲ្យគាត់មានសុវត្ថិភាព មិនអាចឲ្យឃាតកមកសម្លាប់បាត់ៗ អត់មានរកឃាតកឃើញទេ បោកគ្រាប់បែកថ្ងៃមុនតែជាង១០ថ្ងៃទេ ចាប់បានទាំងអស់៨នាក់ ហើយហេតុអី លោកបណ្ឌិត កែម ឡី ជាង២ខែហើយនៅតែមិនមានពន្លឺអីឲ្យប្រជាពលរដ្ឋអស់ចិត្តសោះ»។

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ black monday
អាជ្ញាធរប្រមាណជាជិត២០នាក់ដែលចុះរារាំង

អាជ្ញាធរប្រមាណជាជិត២០នាក់ដែលចុះរារាំងនោះ គ្មាននរណាម្នាក់ពន្យល់ពីមូលហេតុនៃការចុះទប់ស្កាត់អ្នកតវ៉ាពាក់អាវខ្មៅនៅសហគមន៍ក្រីក្រនេះទេ។

ប៉ុន្តែកន្លងទៅលោក ហ៊ុន សែន ធ្លាប់បញ្ជាឲ្យទប់ស្កាត់អ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ តវ៉ាទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំនេះ ដោយបារម្ភថាចលនាអាវខ្មៅនោះអាចក្លាយជាចលនាបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាល។

តែសង្គមស៊ីវិលវិញរិះគន់ថា វិធានការទប់ស្កាត់របស់រដ្ឋាភិបាលនោះថាជាការខ្លាចស្រមោលខ្លួនឯង ដោយសារតែភាពអយុត្តិធម៌ច្រើននៅក្នុងសង្គមមិនត្រូវបានដោះស្រាយនិងថាបានរំលោភសេរីភាពបញ្ចេញមតិដោយសន្តិវិធីដែលចែងដោយរដ្ឋធម្មនុញ្ញ។  

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅឈានដល់សប្តាហ៍ទី២១ហើយ បន្ទាប់ពីតុលាការសម្រេចឲ្យឃុំខ្លួនមន្ត្រីអាដហុក៤រូប និងមន្ត្រី គ.ជ.ប មួយរូប ទាក់ទិននឹងសំនុំរឿងដែលគេចោទថាជារឿងនយោបាយ ។

ការបាញ់សម្លាប់លោក កែម ឡី និងការចាប់ឃុំខ្លួនមន្ត្រីសង្គមស៊ីវិលនេះ ត្រូវបានសហគមន៍អន្តរជាតិចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីបារម្ភថាស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។

សហគមន៍អន្តរជាតិទាំង៣៦ប្រទេសរួមទាំងប្រទេសមហាអំណាចសហរដ្ឋអាមេរិកនិងសមាជិកសហភាពអឺរុបទាំង២៨ប្រទេសជំរុញឲ្យរដ្ឋាភិបាលធ្វើយ៉ាងណាកែសម្រួលស្ថានការណ៍នយោបាយ ធ្វើការផ្នែកសិទ្ធិមនុស្សធ្វើការដោយគ្មានការភ័យខ្លាចឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ