គណបក្ស​យុវជនព្រមាន​ធ្វើ​បាតុកម្មប្រឆំាង​វៀតណាម​

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 1:59 PM | នយោបាយ | 0 | 10894

គណបក្សយុវជនកម្ពុជាបានព្រមានថានឹងធ្វើមហាបាតុកម្មនៅមុខស្ថានទូតវៀតណាមប្រចំាកម្ពុជានៅខែក្រោយនេះ ដោយថាបើរដ្ឋាភិបាលវៀតណាមមិនព្រមប្រកាសជំហររបស់ខ្លួនបញ្ឈប់សកម្មភាពឈ្លានពានទឹកដីប្រទេសកម្ពុជា។

ក្នុងលិខិតរបស់គណបក្សយុវជនកម្ពុជាចុះផ្សាយនៅថ្ងៃទី២៦ខែកញ្ញានេះបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ គណបក្សនេះបានដាក់លិខិតមួយទៅស្ថានទូតវៀតណាមប្រចំាកម្ពុជា ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមចេញសេចក្តីប្រកាសជំហររបស់ខ្លួន ក្នុងការបញ្ឈប់គ្រប់សកម្មភាពឈ្លានពានទឹកដីកម្ពុជា តែវៀតណាមមិនទាន់មានការឆ្លើយតបនៅឡើយ។ លិខិតដដែលបន្តថា នៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ គណបក្សយុវជនកម្ពុជានឹងធ្វើបាតុកម្មប្រឆំាងវៀតណាម ករណីរដ្ឋាភិបាលប្រទេសកម្មុយនីស្តមួយនោះ មិនព្រមបកស្រាយរឿងរំលោភទឹកដីកម្ពុជា។

ក្នុងខ្លឹមសារលិខិតនោះក៏បានអំពាវនាវឲ្យមានការចូលរួមពីអ្នកស្នេហាជាតិក្នុងការធ្វើបាតុកម្ម ដោយថាដើម្បីការពារទឹកដីកម្ពុជា។

លើសពីនេះទៀត គណបក្សយុវជនកម្ពុជាថានៅថ្ងៃ១០ខែតុលា គណបក្សនេះនឹងដឹកនាំបាតុកម្មទៅមុខទីភ្នាក់ងារនៃអង្គការសហប្រជាជាតិប្រចំាប្រទេសកម្ពុជាផងដែរ ដោយថាវៀតណាមរំលោភទឹកដីកម្ពុជានិងរំលោភច្បាប់អន្តរជាតិ។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្យ ស្រស់ មានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតនោះថា លោកនឹងដឹកនាំអ្នកចូលរួមមហាបាតុកម្មប្រឆំាងវៀតណាមប្រមាណ២០០នាក់នៅមុខស្ថានទូតវៀតណាមប្រចំាកម្ពុជានៅថ្ងៃទី១០ ខែតុលា ដោយថាដើម្បីទាមទារឲ្យវៀតណាមបញ្ឈប់សង់ប៉ុស្តិ៍និងជីកស្រះទឹកនៅក្នុងតំបន់កំពុងប្រទាញប្រទង់គ្នានៅតាមព្រំដែនកម្ពុជា-វៀតណាម។ លោកបន្តថា៖ “យើងជ្រើសរើសយកការបាតុកម្មនៅថ្ងៃទី១០ (ខែតុលា) ដោយសារតែមិនមានការដកនិងការឈ្លានពានទឹកដីមកលើកម្ពុជា ហើយមិនមានការបញ្ឈប់សកម្មភាពដែលរំលោភបូរណភាពទឹកដីប្រទេសជិតខាងនោះ យើងនឹងធ្វើបាតុកម្មក្នុងនាមជាម្ចាស់ប្រទេសផងដែរ“។

យ៉ាងណាក៏ដោយ លោក ពេជ្យ ស្រស់ បញ្ជាក់ថាការធ្វើមហាបាតុកម្មនោះ គណបក្សយុវជនកម្ពុជាមិនបានសុំការអនុញាតពីសាលារាជធានីភ្នំពេញនោះទេ ដោយលោកថាការដែលគណបក្សដាក់ញត្តិទៅស្ថានទូតវៀតណាម អាជ្ញាធរកម្ពុជាបានទទួលដំណឹងនេះរួចហើយ។

ទោះជាបែបនេះក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថាការធ្វើបាតុកម្មជាសិទ្ធិរបស់ប្រជាពលរដ្ឋនិងគណបក្សនយោបាយណាមួយ តែលោកថាអ្នកធ្វើបាតុកម្មត្រូវគោរពតាមច្បាប់។ នៅពេលសួរថា បើគណបក្សយុវជនកម្ពុជាធ្វើបាតុកម្មប្រឆំាងវៀតណាម ដោយពុំសុំច្បាប់ពីសាលារាជធានីភ្នំពេញ តើអាជ្ញាធរកម្ពុជានិងទប់ស្កាត់បាតុកម្មនោះឬយ៉ាងណា? លោក មាន ចាន់យ៉ាដា ឆ្លើយយ៉ាងខ្លីថា ចំាពិនិត្យជាក់ស្តែងនៅពេលធ្វើបាតុកម្ម៖ “គណបក្សយុវជនដែលគាត់ប្រកាសនូវរបៀបអញ្ចឹង ខ្ញុំសុំមិនទាន់មានយោបល់ទេ ក៏ប៉ុន្តែក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាអ្នកទទួលភារកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ហើយជាអ្នកអនុវត្តច្បាប់ គឺថាយើងនឹងពិនិត្យមើលជាក់ស្តែង ថាគាត់ធ្វើមែន ឬមួយក៏គាត់យ៉ាងម៉េច យើងនឹងពិចារណាទៅតាមហ្នឹង“។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថាអាជ្ញាធរមិនអនុញាតឲ្យគណបក្សយុវជនធ្វើមហាបាតុកម្មប្រឆំាងនឹងវៀតណាមនោះទេ ដរាបណាមិនមានភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជា ដោយថា រឿងព្រំដែនជារឿងរស៊ើបរបស់រដ្ឋាភិបាល។ លោកបន្តថា រដ្ឋាភិបាលត្រូវមានការឆ្លើយតបដោយប្រុងប្រយ័ត្ន លើករណីនេះ ជាជាងប្រើអាជ្ញាធរទប់ស្កាត់និងបង្ក្រាបក្រុមបាតុករ៖ “រដ្ឋាភិបាលខ្លួនឯងក៏មិនដឹងធ្វើម៉េចឲ្យវៀតណាមឆ្លើយ ប៉ុន្តែទន្ទឹមគេមិនឆ្លើយមកហើយ មកធ្វើបាបគ្នាឯងទៀត ជាសំនួរមួយចោទសួរទៅដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាល ហេតុដូច្នេះវាដល់ពេលរដូវបោះឆ្នោតឬរៀបចំការបោះឆ្នោតផង ខ្ញុំគិតថារដ្ឋាភិបាលនឹងធ្វើការឆ្លើយតបដោយប្រុងប្រយ័ត្ននៅក្នុងស្ថានការណ៍ហ្នឹង“។

កាលពីចុងខែសីហា គណៈកម្មការជំនាញព្រំដែនកម្ពុជា-វៀតណាមបានពិភាក្សាចំនួនពីរថ្ងៃ ដោយនៅក្នុងកិច្ចប្រជុំនោះកម្ពុជាស្នើឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពធ្វើផ្លូវ ជីកស្រះ និងធ្វើប៉ុស្ដិ៍យាមនៅតំបន់ហាមឃាត់ឬតំបន់ស ជាប់ព្រំដែនស្ថិតក្នុងខេត្តរតនគិរី ព្រមទាំងព្រមានថាកម្ពុជានឹងចុះទប់ស្កាត់ បើភាគីវៀតណាមនៅតែមិនគោរពកិច្ចព្រមព្រៀង ប៉ុន្តែមកដល់ពេលនេះវៀតណាមមិនបានផ្អាក់សកម្មភាពនេះនៅឡើយ។ តែកម្ពុជាថានឹងផ្ញើកំណត់ទូតទៅម្ដងទៀត ដើម្បីរំលឹកជាថ្មី។

ចាប់តាំងពីឆ្នាំ២០១១រហូតពាក់កណ្តាលខែសីហាឆ្នាំ២០១៦នេះ កម្ពុជាបានធ្វើកំណត់ទូតសរុប២៣ហើយ ដោយស្នើឲ្យវៀតណាមបញ្ឈប់សាងសង់ឬធ្វើផ្លូវនៅតំបន់ហាមឃាត់ជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required