មូលនិធិ​ណូបែល​បង្កើន​ថវិកា​សម្រាប់​ជយលាភី​ក្នុង​ឆ្នាំ​នេះ

មួយ​សប្ដាហ៍​មុន​នឹង​ការ​ប្រកាស​ពាន​រង្វាន់​ណូបែល​ឆ្នាំ​២០១៧​នោះ មូលនិធិ​ណូបែល បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ជយលាភី​នៅ​ឆ្នាំ​នេះ នឹង​ទទួល​បាន​ថវិកា​ដល់​ទៅ​ជាង ១​លាន​ដុល្លារ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ដោយ​ផ្អែក​តាម​សេចក្ដី​ប្រកាស​របស់​មូលនិធិ​ណូបែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស្តុកខុម AFP បាន​រាយការណ៍​បន្ថែម​ថា ក្រុម​ប្រឹក្សា​ភិបាល​នៃ​មូលនិធិ​នេះ បាន​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​ថា ពាន​រង្វាន់​ណូបែល​ឆ្នាំ​២០១៧​នេះ នឹង​មាន​តម្លៃ​ដល់​ទៅ ១.១​លាន​ដុល្លារ សម្រាប់​ផ្នែក​នីមួយៗ។

កាល​ពី​ឆ្នាំ​២០១២ ថវិកា​ពាន​រង្វាន់​នេះ ត្រូវ​បាន​កាត់​បន្ថយ​ដល់​ទៅ ២០​ភាគរយ ពី ១០​លាន​ក្រូណា មក​នៅ​ត្រឹម ៨​លាន​ក្រូណា​ប៉ុណ្ណោះ ដោយ​ស្ថាប័ន​នេះ​ថា ដើម្បី​កុំ​ឲ្យ​មូលធន​ស្ថាប័ន​នេះ​ជួប​ហានិភ័យ​សម្រាប់​អនាគត​វែង​ឆ្ងាយ។

ថវិកា​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ជយលាភី​ពាន​រង្វាន់​ណូបែល​នោះ បាន​មក​ពី​មូលនិធិ​បន្សល់​ទុក​ដោយ​ស្ថាបនិក​ពាន​រង្វាន់​នេះ គឺ​លោក Alfred Nobel ជា​អ្នក​វិទ្យាសាស្ត្រ​ជន​ជាតិ​ស៊ុយអែត ដែល​បាន​បង្កើត​រំសេវ​ផ្ទុះ។

ជា​ទូទៅ ពាន​រង្វាន់​ណូបែល​សម្រាប់​វិស័យ​ឱសថសាស្ត្រ នឹង​ត្រូវ​ប្រកាស​មុន​គេ​នៅ​ថ្ងៃ​ទី​២ ខែ​តុលា បន្ទាប់​មក​ពាន​រង្វាន់​ណូបែល​ផ្នែក​រូបវិទ្យា និង​គីមីវិទ្យា​នៅ​២​ថ្ងៃ​បន្ទាប់។

ចំណែក​ពាន​រង្វាន់​ណូបែល​សន្តិភាព នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​សម្រាប់​ពាន​រង្វាន់​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ