សមត្ថកិច្ចរុះរើបដាទាមទារឲ្យដោះលែងលោក កឹម សុខា នៅ៣កន្លែងផ្សេងគ្នា​

គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការលើកបដាទាមទារដោះលែងលោក កឹម សុខា

សមត្ថកិច្ចនៅក្នុងរាជធានីខេត្ត៣ផ្សេងៗគ្នា បានរុះរើបដា ដែលមានរូប និង សារទាមទារឲ្យដោះលែងលោក កឹម សុខា ដោយសំអាងថា ជាទង្វើខុសច្បាប់ព្រោះករណីនេះ មេបក្សប្រឆាំងរូបនេះកំពុងស្ថិតនៅក្នុងដំណាក់កាល​តុលាការ។​

អនុប្រធានគណបក្សសង្គ្រោះជាតិ​លោកស្រី មូរ សុខហួរ ប្រាប់វីអូឌីថា ​ បដាជារូបភាពនិងសារ ៣ កន្លែងដែលដកហូតនោះមាននៅភ្នំពេញ មណ្ឌលគិរី និង ខេត្តកំពត។

លោកស្រី៖ «បាន២៥ ខេត្តក្រុង ហើយពីព្រឹកមិញនេះ ខ្ញុំបានព័ត៌មាននៅខេត្តមណ្ឌលគិរី ខាងប៉ូលីស គេបានប្រាប់ឲ្យយើងដក ដល់សួរទៅថាបានបញ្ជាពីណា ថាបានបញ្ជាពីអភិបាលខេត្ត​! នៅខេត្តកំពត មួយទៀត »។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក  ខៀវ សុភ័គ លើកឡើងថា ក្រសួងមិនបានបញ្ជាទេ។ ទោះយ៉ាងណាលោកថា ចំណាត់ការរបស់អាជ្ញាធរ ដែលរារាំង និង រុះរើបដារបស់គណបក្សសង្គ្រោះជាតិទាំងនេះជា រឿងត្រឹមត្រូវ។​

លោក ខៀវ សុភ័គ បន្តថា ការលើកបដាទាំងនេះ មិនមានប្រយោជន៍ដល់ការស្វែងរកដំណោះស្រាយទេ ផ្ទុយទៅ​នាំឲ្យប៉ះពាល់ផ្នែកផ្លូវច្បាប់ដល់គណបក្សសង្គ្រោះជាតិ​ទៀតផង។​

លោក៖«ការលើកស្លាក លើកអីវាអត់មានប្រយោជន៍អីចំពោះការដោះលែងលោក កឹម សុខា នោះទេ ទី ១ , ទី២ តុលាការគេអត់បានចោទទៅលើបក្សសង្គ្រោះជាតិទេ  គេចោទតែបុគ្គលកឹមសុខា មួយ ដូច្នេះការដែលផ្លាក លើកអីសុំដោះលែងវានាំឲ្យការពាក់ព័ន្ធគណបក្សសង្គ្រោះជាតិនឹងឯង។ ខ្ញុំយល់ អ្វីដែលសមត្ថកិច្ចបានដកផ្លាកនេះចេញត្រឹមត្រូវ ហើយអ្វីចឹងៗ វាអត់ប្រយោជន៍ទេ»

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិ បានប្រកាសថា ​នឹងធ្វើយុទ្ធនាការលើកបដាជា រូបភាព នៅតាមទីស្នាក់ការគណបក្សនេះ ​ទូ​ទាំ​ងប្រទេស​​ដើម្បីទាមទារឲ្យ​មាន​ការ​ដោះ​លែង​​ លោក កឹម សុខា​ ដោយគ្មានលក្ខខ័ណ្ឌ​។​

ទោះជា មានការរារាំង និង មានការរុះរើខ្លះក៏ដោយ ប៉ុន្តែលោកស្រី មូរ សុខហួរ បញ្ជាក់ថា បដារូប និង សារទាមទារឲ្យដោះលែងលោក កឹម សុខា លើកនៅតាមស្នាក់ការគណបក្សបានទូទាំងប្រទេសហើយ។​

លោក​កឹម សុខា ដែល​ពេល​នេះ ​កំពុង​ត្រូវ​បានឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្តត្បូងឃ្មុំ បន្ទាប់ពីការចាប់ខ្លួន​កាលពីរំលងអធ្រាត្រ ថ្ងៃទី៣ខែកញ្ញា ដោយចោទថា ពីបទក្បត់ជា​តិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ