ភូមា​រក​ឃើញ​សាក​សព​បន្ថែម​ទៀត​ក្នុង​រណ្ដៅ​រួមខណៈ UN ស្នើ​ឲ្យ​បង្កើន​ជំនួយ

កង​ទ័ព​ភូមា បានគាស់​សាក​សព​អ្នក​ភូមិ ១៧​នាក់​ជា​ហិណ្ឌូ​សាសនិក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សាក​សព​កើន​ឡើង​ដល់ ៤៥​នាក់​ហើយ ដោយ​អាជ្ញាធរ​ភូមា​សង្ស័យ​ថា ពួក​គេ​ត្រូវ​បាន​ពួក​បះបោរ​មូស្លីម​សម្លាប់​កាល​ពី​ខែ​មុន នៅ​ក្នុង​អំពើ​ហិង្សា​ដែល​បាន​បង្ខំ​មនុស្ស​ដល់​ទៅ ៤៣​ម៉ឺន ៦​ពាន់​នាក់ ឲ្យ​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​បន្ត​ថា សាក​សព​ទាំង​នោះ ត្រូវ​បាន​គេ​រក​ឃើញ​កប់​នៅ​ក្រោម​ភូមិ​មួយ​ស្ថិត​ក្នុង​រដ្ឋ​រ៉ាក់ឃីន​នៅ​ភាគ​ខាង​លិច​ប្រទេស​ភូមា ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ បន្ទាប់​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​ពេល​ពួក​បះបោរ​មូស្លីម​រ៉ូហ៊ីងយ៉ា បាន​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​ និង​ជំរុំ​យោធា​ប្រហែល ៣០​កន្លែង។

អង្គការ​សហ​ប្រជាជាតិ បាន​ពិពណ៌នា​ប្រតិបត្តិការ​យោធា​តប​ត​ទៅ​នឹង​ការ​វាយ​ប្រហារ​នោះ​ថា​ជា «ការ​បោស​សម្អាត​ជាតិ​សាសន៍» ក្នុង​បំណង​បណ្ដេញ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ចេញ​ពី​ភូមា ដែល​ជា​ប្រទេស​កាន់​ពុទ្ធ​សាសនា។

ប៉ុន្តែ រដ្ឋាភិបាល​ភូមា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​និយាយ​ថា ខ្លួន​កំពុង​តែ​កម្ចាត់​ពួក​ភេរវករ។

អគ្គរដ្ឋ​ទូត​ភូមា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក ហួ ដូសួន បាន​ប្រាប់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គ្មាន​ការ​បោស​សម្អាត​ជាតិ​សាសន៍​នោះ​ឡើយ ហើយ​ក៏​គ្មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែរ។ អ្នក​កាទូត​ភូមា​រូប​នេះ និយាយ​បន្ថែម​ថា មេដឹកនាំ​ភូមា​ដែល​បាន​តស៊ូ​ដើម្បី​សេរីភាព និង​សិទ្ធិ​មនុស្ស​ជា​យូរ​មក​ហើយ​នោះ នឹង​ដើរ​តាម​គោល​នយោបាយ​បែប​នេះ​នោះ​ទេ។

រដ្ឋាភិបាល​ភូមា​និយាយ​ថា មុន​នឹង​រណ្ដៅ​សព​ដ៏​ច្រើន​បែប​នេះ​ត្រូវ​បាន​រក​ឃើញ​នោះ មនុស្ស​ជាង ៤០០​នាក់​ហើយ ត្រូវ​បាន​សម្លាប់ ភាគ​ច្រើន​គឺ​ជា​ជន​បះបោរ។

នៅ​អំពើ​ហិង្សា​នេះ សមាជិក​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ហិណ្ឌូ​នៅ​ក្នុង​ប្រទេស​ភូមា បាន​ជាប់​នៅ​ចន្លោះ​កណ្ដាល​នៃ​ជម្លោះ​ជាតិ​សាសន៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ