ក្រសួង​​ថាអ្នកស្លាប់៨នាក់នៅខេត្ត​កំពង់ធំដោយសារ «ដង្ហូវព្រូនទ្រីស៊ីណែឡា»

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 6:05 PM | សុខភាព | 0 | 3125

ក្រសួងសុខាភិបាលរកឃើញថា អ្នកស្លាប់ចំនួន​៨នាក់នៅក្នុងខេត្តកំពង់ធំ​បន្ទាប់ពីការបរិភោគសាច់សត្វព្រៃមិនឆ្អិតល្អនោះគឺ បណ្តាលមកពីមេរោគមួយប្រភេទដែលមានឈ្មោះថា «ដង្ហូវព្រូនទ្រីស៊ីណែឡា» ឆ្លងតាមរយៈសាច់មិនឆ្អិតល្អ។​

ក្នុងសេចក្តីប្រកាសរបស់ក្រសួងចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រោគសញ្ញានៃជំងឺដង្កូវព្រូនទ្រីស៊ីណែឡា មានដូចជា ក្អួតចង្អោរ រាករូស អស់កម្លាំង គ្រុនក្តៅ ឈឺពោះ ឈឺក្បាល ក្អក រមាស់ស្បែក ឈឺសន្លាក់និងសាច់ដុំ ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃនិងជើង) រាក និងទល់លាមក ក្នុងអំឡុងពេល ១ឬ២ថ្ងៃបន្ទាប់ពីឆ្លងជំងឺនេះចូលក្នុងខ្លួន។​

ក្រសួងបន្តទៀតថា ក្រោយពេលទទួលទានសាច់ដែលមានដង្កូវព្រូននេះ ចាប់ផ្តើមពី ២ទៅ ៨សប្តាហ៍​ មានរោគសញ្ញាធ្ងនធ្ងូរ ដូចជា ពិបាកធ្វើចលនា មានបញ្ហាដល់បេះដូងនិងដង្ហើម​ សួត ថ្លើម និងខួក្បាលជាដើម ពិសេសអាចបណ្តាលឲ្យស្លាប់ផងដែរ។

ក្រសួងសុខាភិបាលបានបន្ថែមទៀតថា ការឆ្លងរាតត្បាតនៃជំងឺខាងលើ គឺស្ថិតនៅតំបន់ព្រៃឡង់ ភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកអូសណ្តាន់ ខេត្តកំពុងធំ។

ក្រសួងសុខាភិបាល កំពុងធ្វើការតាមដាន និងជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍របស់ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា (ទ្រីស៊ីណែឡូស៊ីស)នេះ តាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh។ ក្រសួងប្រកាសឲ្យសាធារណៈជនទាំងអស់ ត្រូវផ្តល់ព័ត៌មានបន្ទាន់តាមលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ (ឥតគិតថ្លៃ) ឬទំនាក់ទំនងទៅក្រសួងសុខាភិបាលផ្ទាល់ តាមរយះលោក លី សូវ៉ាន់ ទូរស័ព្ទលេខ ០១២​ ៨២៥ ៤២៤។ ម៉ាប់ ស៊ុយ Mabsuy168@gmail.com

 

 

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required