ថៅកែរោងចក្រមួយចំនួននៅខេត្តកណ្តាលកាត់បន្ថយកម្មករប៉ះអ្នកកិច្ចសន្យាខ្លី​

កម្មកររោងចក្រមួយស្ថិតនៅឃុំសិត្បូស្រុកស្អាងខេត្តកណ្តាលដែលតម្រូវឲ្យធ្វើការងារក្នុងកិច្ចសន្យាខ្លីបារម្ភ ពីការបាត់បង់ការងារធ្វើ ខណៈក្រុមហ៊ុនប្រកាសកាត់បន្ថយកម្មករនយោជិក ដោយសារតែមិនមានការងារធ្វើគ្រប់គ្រាន់។​

កម្មករកិច្ចសន្យាខ្លីម្នាក់អ្នកស្រី ស៊ូ សុខា ធ្វើការនៅរោងចក្រ ឌីក នា ធី ហៅរោងចក្រថ្នល់ចិន ឲ្យដឹងថា អ្នកស្រីឮព័ត៌មានថា រោងចក្រនោះគ្រោងបញ្ឈប់កម្មករជាច្រើននាក់នៅខែក្រោយនេះ ក្រោមហេតុផលថា គ្មានការងារឲ្យធ្វើ។

អ្នកស្រីបន្តថា ក្រោយឮព័ត៌មានបែបនេះក្រុមកម្មករកិច្ចសន្យាខ្លីបារម្ភខ្លាចអត់ការងារធ្វើ ដោយថា ពួកគាត់ ងាយគេបញ្ឈប់ជាងកម្មករកិច្ចសន្យាវែង។

អ្នកស្រីបន្ថែមថា «កិច្ចសន្យាខ្លីគឺគេឆាប់បញ្ឈប់អាណត្តិ ទាំងខ្ញុំទាំងគេធ្វើការទាំងភ័យ ឱបមាថា យើងធ្វើការ បានពាក់កណ្តាលខែអញ្ចឹងចាប់ផ្តើមភ័យទៀតហើយ ខែក្រោយមិនដឹងថាគេតអាណត្តិឲ្យអត់ទេ ចេះតែ   ព្រួយបារម្ភអញ្ចឹង ក្លាចតែគេបញ្ឈប់ទៅអត់ការងារធ្វើ ពិករកការងារធ្វើថ្មី ហើយម្នាក់ៗសុទ្ធខ្វះខាតលុយ កាក់ទាំងអស់ ហើយយើងត្រូវការលុយកាក់អញ្ចឹងដល់ពេលគេបញ្ឈប់អញ្ចឹងយើងពិបាកដែរណា»

កម្មករកិច្ចសន្យាខ្លីម្នាក់ទៀតអ្នកស្រី ស៊ុយ សាក់ម៉េង ឲ្យដឹងថា អ្នកស្រីធ្វើការនៅរោងចក្រនោះរយៈពេល ៣ខែហើយក្នុងកិច្ចសន្យាខ្លីដោយ១ខែធ្វើកិច្ចសន្យាម្តង ហើយថា ប្រសិនបើក្រុមហ៊ុនបញ្ឈប់មែននោះ ពួកគាត់នឹងអត់ការងារ ហើយជីវភាពគ្រួសារនឹងជួបការខ្វះខាត។

អ្នកស្រីបន្តថា ការធ្វើការងារក្នុងកិច្ចសន្យាខ្លីបែបនេះគឺពួកគាតមិនទទួលអត្ថប្រយោជន៍ផ្សេងៗទេថែមទាំង ប្រឈមក្រុមហ៊ុនបញ្ឈប់មុនគេទៀត។

អ្នកស្រីបន្ថែមថា «កម្មករម្នាក់ៗតែងតែចង់បាន​កិច្ចសន្យាការងាររយៈពេលយូរហើយគ្មានអ្នកណាចង់បានខ្លីទេ ព្រោះអីពេលដែលគេបញ្ចប់អញ្ចឹងយើងពិបាករកការងារធ្វើ ហើយទំរាំតែបានធ្វើការមួយៗរោងចក្រមួយៗ តម្រូវឲ្យយើងជុសឈាមផង ធ្វើសៀវភៅការងារផង ហើយបើសិនបានធ្វើការក៏មិនចង់ឈប់ដែរ អញ្ចឹងសុំ លក្ខខណ្ឌការងារហ្នឹងឲ្យធ្វើកិច្ចសន្យាវែងៗទៅមិនចង់បានខ្លីៗទេ ខ្ញុំមកធ្វើការរោងចក្រព្រោះខ្ញុំលុយបាន ខ្ញុំមកហ្នឹង»

ប្រធានរដ្ឋភិបាលរោងចក្រ ឌីក នា ធី លោក តាំង ស៊ុន ហេង មានប្រសាសន៍ថា ក្រុមហ៊ុនមិនបានបញ្ឈប់ កម្មករនោះគឺគ្រាន់តែបញ្ចប់កិច្ចសន្យាការងារតែប៉ុណ្ណោះ ហើយថា កញ្ចប់នេះដោយសារក្រុមហ៊ុនគ្មានការ ឲ្យកម្មករធ្វើ។ លោកបន្តថា ពេលមានការងារក្រុមហ៊ុននឹងបន្តកិច្ចសន្យាការងារដល់កម្មករទាំងនោះវិញ។

លោកបន្ថែមថា «វាទាក់ទងការងារ រោងចក្រវាអត់ការងារធ្វើគេបញ្ចប់កិច្ចសន្យាមិនមែនបញ្ឈប់ទេ ពេល មានការងារធ្វើវិញរោងចក្រគេបន្តកិច្ចសន្យាវិញហើយ»

តំណាងសហជីពសហភាពការងារកម្ពុជាប្រចាំរោងចក្រ ឌីក នា ធី លោក ភិន សុភា មានប្រសាសន៍ថា ក្រុមហ៊ុនពិតជាគ្រោងបញ្ចប់កិច្ចសន្យាការងារកម្មករមួយចំនួនពិតមែនដោយថៅកែថា អត់ការងារឲ្យកម្មករ ធ្វើ។ លោកបន្តថា រោងចក្រ ឌីក នា ធី អាចនឹងត្រូវបញ្ចប់កិច្ចសន្យាកម្មករពី៥០ទៅ៦០នៅចុងខែនេះ។ លោក​ឲ្យដឹងទៀត រោងចក្រនៅតំបន់នោះចំនួន​៨ផ្សេងទៀត​ ក៏មានការបញ្ចប់កិច្ចសន្យាកម្មករដូចគ្នានេះដែរ។​

លោកបន្តថា នៅតំបន់នោះមានរោងចក្រជាងច្រើនអត់ការងារឲ្យកម្មករធ្វើ ដោយរោងចក្រខ្លះបញ្ចប់កិច្ច សន្យា និងខ្លះទៀតព្យួរការងារ។

លោកបន្ថែមថា «រោងចក្រខ្លះគេមានលក្ខខណ្ឌរបស់គេ បើរោងចក្រគេធំមានទីផ្សារធំ ល្អៗអញ្ចឹងគេអត់ឲ្យ ផ្តាច់កិច្ចសន្យាទេគេឲ្យព្យួរ ឬក៏គេឲ្យសម្រាកទទួលបាន៥០%វាអាស្រ័យទៅលើរោងចក្រ និងលទ្ធិភាព របស់រោងចក្រនីមួយៗ»

លោក ភិន សុភា បន្តថា ពេលដែលក្រុមហ៊ុនកាត់បន្ថយកម្មករនយោជិក គឺកម្មករដែលធ្វើការងារកិច្ច សន្យាខ្លីរងផលប៉ះពាល់ខ្លាំងជាងគេ ដែលលោកថា ភាគីពាក់ព័ន្ធគួរតែគិតគូរឡើងវិញចំពោះការផ្តល់កិច្ច សន្យាខ្លីដល់កម្មករ។

បើតាមកម្មកររោងចក្រ ឌីក នា ធី មានកម្មករនយោជិកប្រមាណ២០០០នាក់ដែលច្រើនធ្វើការងារក្នុងកិច្ច សន្យាខ្លី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ