តុលាការឥណ្ឌូនេស៊ីកាត់ទោស​អ្នកពាក់ព័ន្ធក្រុមISវាយប្រហារកាលពីខែមករា​

តុលាការឥណ្ឌូនេស៊ីបានកាត់ទោសបន្តបន្ទាប់លើអ្នកដែលជាប់ពាក់ព័ន្ធក្រុមIS ដែលបើកការវាយប្រហារដោយកាំភ្លើងកាលពីខែមករាដើមឆ្នាំនេះ នៅក្នុងទីក្រុងចាការតា។

កាលពីម្សិលមិញ តុលាការនៅចាការតា បានសម្រេចកាត់ទោសឲ្យបុរសឈ្មោះ Ali Makhmudin អាយុ៤១ឆ្នាំ ជាប់ពន្ធនាគារ៨ឆ្នាំ បន្ទាប់ពីរកឃើញថាបានជួយដល់ការធ្វើសកម្មភាពវាយប្រហារ។ នេះបើតាមការចុះផ្សាយរបស់BBC។

ហេតុការវាយប្រហារដោយក្រុមISកាលពីដើមឆ្នាំនេះ នៅជិតហាងកាហ្វេមួយនិងជិតប៉ុស្តិ៍យាមរបស់សន្តិសុខ បានបណ្តាលឲ្យជនស៊ីវិលចំនួន៤នាក់បានស្លាប់។ ចំណែកក្រុមវាយប្រហារ៥នាក់បានស្លាប់ដែរ នៅពេលដែលពួកគេបើកការវាយប្រហារជាមួយសមត្ថកិច្ច ចំណែកមនុស្សប្រមាណ៤០នាក់ផ្សេងទៀតត្រូវចាប់ខ្លួនដោយសង្ស័យថា ពាក់ព័ន្ធនឹងការវាយប្រហារ។

តុលាការចាការតា រកឃើញថា Makhmudin បានឧបត្ថម្ភប្រាក់ដល់ការវាយប្រហារជាច្រើនកន្លែងនៅពេលកន្លងមក។ គឺលោកបានឧបត្ថម្ភដល់ក្រុមផ្សេងៗចូលក្នុងទីក្រុងចាការតានិងឲ្យពួកគេធ្វើសកម្មភាពវាយប្រហារ។

Makhmudin សារភាពថា ខ្លួនបានភ្ជាប់ខ្លួនជាមួយក្រុមISតាំងពីឆ្នាំ២០១៤ ហើយប្តេជ្ញាធ្វើសកម្មភាពវាយប្រហារ។ កាលពីសប្តាហ៍មុន បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបានគាំទ្រដល់ពួកISឈ្មោះ Dodi Suridi ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ១០ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ Ali Hamka ត្រូវជាប់ពន្ធនាគារ៤ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ