វិភាគ៖ តើការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​អាច​បញ្ចប់​និទណ្ឌភាព​នៅកម្ពុជា បានដែរឬទេ?

លោកស្រី ជា វណ្ណាត អ្នកវិភាគបញ្ហាសង្គម

៤០ឆ្នាំក្រោយពេលរបបខ្មែរក្រហមបានបញ្ចប់ទៅ កម្ពុជានិងអង្គការសហប្រជាជាតិបានបង្កើតឲ្យមានសាលាក្តីខ្មែរក្រហមដើម្បីកាត់ទោសអតីតមានដឹកនាំក្នុងរបបអាវខ្មៅដែលបានសម្លាប់ផ្តាច់ផ្តិលជីវិតប្រជាជនខ្លួនឯងប្រមាណជា២លាននាក់។ ប្រជាពលរដ្ឋខ្មែរប្រហែលជាមានសង្ឃឹមថានិទណ្ឌភាពដែលកើតឡើង៤០ឆ្នាំមកនេះអាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលប្រហែលជា២ឬ៣ឆ្នាំទៅមុខទៀតនេះ។

យ៉ាងណាមិញការបញ្ចប់និទណ្ឌភាពក្នុងរបបខ្មែរក្រហមមិនមែនមានន័យថាកម្ពុជាមានយុត្តិធម៌សង្គមនោះទេ។ ភាពគ្មានទោសពៃរ៍ចំពោះជនដែលបានប្រព្រឹត្តបទល្មើសនៅតែកើតមាននៅក្នុងសង្គមខ្មែរ។

ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត អ្នកតំណាងពិសេសអង្គការសហប្រជាជាតិបានលើកឡើងនូវកង្វល់បញ្ហានីតិរដ្ឋនិងប្រព័ន្ធយុត្តិធម៌ ជម្លោះដីធ្លី ស្ថានភាពពន្ធនាគារ និងបញ្ហារំលោភសិទ្ធមនុស្ស។ លោកស្រីបានទទូចឲ្យក្រសួងយុត្តិធម៌ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីការបង្ហាញភស្ដុតាង ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងធានាថាចៅក្រមទាំងអស់អនុវត្តតាមគោលការណ៍នេះ ដោយថាកុំឲ្យដាក់ទោសនរណាម្នាក់ដោយគ្មានសំអាងហេតុផ្នែកច្បាប់ត្រឹមត្រូវ។

ចាប់តាំងពីឆ្នាំ១៩៩៣មក អ្នកកាសែតចំនួន១៣នាក់ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមអ្នកកាសែតទាំង១៣នាក់នោះ មានតែពីរករណីប៉ុណ្ណោះដែលជនសង្ស័យត្រូវបានកាត់ទោសដាក់ពន្ធនាគារ។ មានករណីបួនក្នុងចំណោមករណីទាំងនេះ ដែលជនសង្ស័យត្រូវបានចាប់ខ្លួន ក៏ប៉ុន្តែពួកគេត្រូវបានដោះលែងវិញ។ ចំពោះករណី៨ផ្សេងទៀត គ្មានជនណាម្នាក់ត្រូវបានចាប់ខ្លួនឡើយ។

ក្រៅពីអ្នកសារព័ត៌មាន មានសិល្បករ ពិសិទ្ធ ពីលីកា, ទូច ស៊ុននិច, ពៅ បញ្ញាពេជ្រ សកម្មជនសិទ្ធិមនុស្ស ប្រធានសហជីពដូចជាលោក ជា វិជ្ជា និងលោក រស់ សុវណ្ណរ៉េត សកម្មជនព្រៃឈើលោក ឈុត វុទ្ធី អ្នកវិភាគលោក កែម ឡី ត្រូវបានបាញ់សម្លាប់ ហើយយុត្តិធម៌មិនទាន់រកឃើញនៅឡើយ។ ការបាញ់សម្លាប់កម្មករ៤នាក់នៅលើផ្លូវវ៉េងស្រេងកាលពីថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០១៤ និងការបាញ់កម្មការិនី៣នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង ក៏ហាក់នៅស្ងាត់ នៅពេលដែលឃាតកកំពុងរស់នៅក្រៅសំណាញ់ច្បាប់។

ភាពចម្រូងចម្រាស់គឺនៅត្រង់ថា មានទេវិធីដើម្បីបញ្ចប់និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា?

អ្នកវិភាគបញ្ហាសង្គមនិងជាអ្នកច្បាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ មានសុទិដ្ឋិនិយម ហើយបញ្ជាក់ថាមានវិធីដើម្បីបញ្ចប់និទណ្ឌភាពនេះ៖

លោកថា៖ «ទី១ ជនរងគ្រោះក៏នៅរស់ បងប្អូនឬគ្រួសារផ្ទាល់ហ្នឹង គឺទាមទារឲ្យគេរកយុត្តិធម៌។ ទាមទារហើយទាមទារទៀត។ ហើយក្នុងករណីដែលដូចជាតុលាការបង្អែរបង្អង់យូរឬកាត់ហើយមិនយុត្តិធម៌នោះ មានអ្នកស្ម័គ្រចិត្តដែលមានជំនាញទាមទារឲ្យមានការកាត់ទោសឡើងវិញ»

បើតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ មន្រ្តីតុលាការ សមត្ថកិច្ច ក៏ត្រូវតែឯករាជ្យ និងធ្វើការដោយឥតលំអៀងដែលអាចនឹងផ្តល់យុត្តធម៌តាមរយៈការស៊ើបអង្កេតរបស់ខ្លួន។

លោកថា៖ «ចៅក្រម ព្រះរាជអាជ្ញាក៏អញ្ចឹងដែរ គឺមិនត្រូវជាសមាជិកគណបក្សនយោបាយនិងធ្វើសកម្មភាពនយោបាយ។ ត្រូវមានក្រមសីលធម៌តឹងរឹង ដោយធ្វើការឯករាជ្យ ឥតលំអៀង»

មាត្រា១២៨នៃរដ្ឋធម្មនុញ្ញចែងថា អំណាចតុលាការឯករាជ្យ រក្សាអនាគតិ ការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។

របាយការណ៍អង្គការអន្ដរជាតិឈ្មោះគម្រោងយុត្តិធម៌ពិភពលោក ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានចាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានស្ថានភាពនៃការគោរពនីតិរដ្ឋទាបជាងគេបំផុត ក្នុងចំណោមប្រទេសចំនួន១១៣ លើពិភពលោក ។

នៅក្នុងតារាងពិន្ទុដែលវាយតម្លៃដោយអង្គការដដែលនេះបង្ហាញថា យុត្តិធម៌ក្នុងរឿងស៊ីវិលទទួលបានពិន្ទុទាងគេ០.១៩ ក្នុងពិន្ទុខ្ពស់បំផុត១។ ការវាយតម្លៃនេះបានផ្តោតលើការប្រឈមលើអំណាចរបស់រដ្ឋាភិបាល ភាពអសកម្មនៅក្នុងការបំបាត់អំពើពុករលួយ ការចំហរបស់រដ្ឋាភិបាល សិទ្ធិជាមូលដ្ឋានរបស់មនុស្ស សណ្តាប់ធ្នាប់និងសន្តិសុខ ការជម្រុញអនុវត្តច្បាប់ យុត្តិធម៌ក្នុងរឿងស៊ីវិល និងយុត្តិធម៌ក្នុងរឿងព្រហ្មទណ្ឌ។

កម្ពុជាបានធ្វើឲ្យមានភាពប្រសើរតិចតួច បើប្រៀបធៀបទៅនឹងសន្ទស្សន៍ដែលចេញដោយអង្គការដដែលនេះកាលពីឆ្នាំ២០១៥ ដែលទទួលបានពិន្ទុ០.៣៧។

លោកស្រី ជា វណ្ណាត គឺជាអ្នកវិភាគបញ្ហាសង្គម។ លោកស្រីយល់ថា សង្គមគួរតែរួមគ្នា ដើម្បីទទួលខុសត្រូវនិងជម្រុញឲ្យមានយុត្តិធម៌សង្គម។ លោកស្រី ជា វណ្ណាត មានប្រសាសន៍ថាដើម្បីផ្លាស់ប្តូរឲ្យមានយុត្តិធម៌ បញ្ចប់និទណ្ឌភាពនោះ ត្រូវឲ្យមានការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋពីវប្បធម៌ធ្វើហី មិនអើពើមិនដឹងមិនឮ ទៅជាវប្បធម៌មួយដែលប្រជាពលរដ្ឋមានការចូលរួមសកម្មនៅក្នុងបញ្ហាសង្គម។ លោកស្រីកត់សំគាល់ថាការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាគ្មានប្រសិទ្ធភាព៖

លោកស្រីថា៖ «បើយើងចាប់ច្បាមតែខាងលើ យើងថាការអនុវត្តច្បាប់ត្រូវតែអញ្ចេះៗ ចុះប៉ុន្មានសតវត្សរ៍ហើយ ដែលយើងថាអញ្ចឹង? ហើយយើងពង្រឹងបានប៉ុន្មានហើយ? សព្វថ្ងៃដែលថាពង្រឹងបាននោះ គឺច្រើនតែធ្វើប៉ះពាល់ទៅលើប្រជាពលរដ្ឋប្រទេសដទៃ ជាពិសេសប្រទេសអ្នកមាន ប្រទេសធំ។ ឧទាហរណ៍ដូចជាកាលពីទសវត្សរ៍៩០ ដែលខ្មែរក្រហមចាប់ជនជាតិបារាំង អង់គ្លេស និងអូស្ត្រាលី។ រដ្ឋាភិបាលប្រទេសទាំង៣ហ្នឹងដាក់សម្ពាធដាក់ហើយដាក់ទៀតទាល់តែមានការចាប់ខ្លួនអ្នកប្រព្រឹត្តទៅផ្តន្ទាទោស។ ហើយបើអត់មានប៉ះពាល់ដល់បរទេសទេការអនុវត្តច្បាប់អត់មានប្រសិទ្ធភាព»

ដោយធ្វើការវិភាគការអនុវត្តច្បាប់នៅកម្ពុជា លោកស្រី ជា វណ្ណាត បានធ្វើការវិភាគថាអាជ្ញាធរកម្ពុជាបច្ចុបុ្បន្នមានសមត្ថភាពធ្វើការទាំងក្នុងការស៊ើបអង្កេតករណីឃាតកម្ម រួមទាំងករណីប្លន់។ បើតាមលោកស្រី សំណួរគឺថា តើអាជ្ញាធរខ្វះលទ្ធផល ធនធានហិរញ្ញវត្ថុ ឬអ្វីដែលធ្វើឲ្យករណីឃាតកម្មខ្លះមិនត្រូវបានផ្តល់យុត្តិធម៌។

លោកស្រីថា៖ «មានករណីខ្លះដែលថាឃាតកម្មមានការសម្លាប់មនុស្ស មនុស្សស្លាប់ដែលជាភារកិច្ចរបស់អាជ្ញាធរ។ អាជ្ញាធរចង់មិនចង់ ប្រជាពលរដ្ឋប្តឹងក្តីមិនប្តឹងក្តី គឺអាជ្ញាធរត្រូវធ្វើ។ តែហេតុអ្វីមិនធ្វើ? ខ្វះសមត្ថភាពឬធនធានហិរញ្ញវត្ថុ ឬធនធានមនុស្ស។ រួចបើកាលណាខ្វះយូរៗទៅមិនពង្រឹងការអនុវត្តច្បាប់ ចាំតែខាងលើស្រែកនោះបានធ្វើ»។

បើតាមលោកស្រី ជា វណ្ណាត កម្ពុជាត្រូវការពេលវេលាយូរថែមទៀត ដើម្បីបណ្តុះការចូលរួមរបស់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មនៅក្នុងការលុបបំបាត់និទណ្ឌភាពនិងដើម្បីបញ្ចប់នូវវប្បធម៌ធ្វើហីនិងសន្សំសុខតែឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ