គណៈកម្មាធិការសភាច្រានចោលសំណើរបក្សប្រឆំាងដែលសុំ​វិសោធនកម្មច្បាប់ទាក់ទងប្រព័ន្ធយុត្តិធម៌

ស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋសភា បានច្រានចោលសំណើរបក្សប្រឆំាងដែលស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ចំនួន៣ទាក់ទិននឹងប្រព័ន្ធយុត្តិធម៌ ដោយថាសំណើរនោះធ្វើឡើងខុសនីតិវិធី។

ច្បាប់ចំនួនបីនោះរួមមាន ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំនិងករប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ក្រោយពីប្រជុំបិទទ្វាជិត២ម៉ោងនៅថ្ងៃពុធនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាបានសម្រេចច្រានចោលសំណើររបស់គណបក្សសង្គ្រោះជាតិដែលស្នើសុំវិសោធនកម្មច្បាប់ចំនួន៣ ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌ ដោយថា សំណើររបស់បក្សប្រឆំាងធ្វើឡើងខុសនីតិវិធីច្បាប់។

លោកថា៖ «សេចក្តីស្នើច្បាប់នេះមិនបានដាក់ជូនឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សុំយោបល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាមុននៅឡើយទេ ធម្មតាច្បាប់ដែលពាក់ព័ន្ធនិងវិស័យតុលាការ ត្រូវសុំយោបល់របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាមុន ចំពោះសេចក្តីស្នើច្បាប់នេះលោកមិនបានធ្វើ ដូច្នេះហើយជាការខុសនីតិវិធីមួយធ្ងន់ធ្ងរ »។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយិ៍នៃរដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឬទ្ធិ ដែលចូលរួមប្រជុំនៅថ្ងៃនេះមានប្រសាសន៍ថា ការដែលគណៈកម្មាធិការអចិន្ត្រៃយិ៍ច្រានចោលសំណើរសុំវិសោធនកម្មច្បាប់ចំនួន៣ ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌នោះ ធ្វើឡើងដោយរំលោភលើបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដោយលោកថា ការសម្រេចព្រមឬមិនព្រម ទាល់តែសភាពេញអង្គជាអ្នកមានសិទ្ធិសម្រេចលើសំណើរនេះ។

យ៉ាងណាក៏ដោយលោក យ៉ែម បុញ្ញឬទ្ធិ ថាគណបក្សសង្គ្រោះជាតិនឹងយកការសម្រេចនោះទៅពិភាក្សាឡើងវិញ។ លោកថា ក្រោយពីពិភាក្សារួចក្រុមការងារបក្សនឹងដាក់សំណើរនេះជាថ្មីទៀតទៅគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាពិនិត្យឡើងវិញ មុនដាក់ទៅប្រជុំពេញអង្គនាពេលខាងមុខនេះ។

លោកថា ៖ «ក្រុមតំណាងរាស្ត្រភាគតិចនឹងយកសេចក្តីស្នើច្បាប់  (ទាក់ទិននឹងប្រព័ន្ធយុត្តិធម៌) ធ្វើវិសោធនកម្មយកទៅសិក្សា យកទីពិនិត្យ ពីព្រោះគណៈកម្មាធិការទី៦លោកលើកមានហេតុផល ពីមូលហេតុអ្វីខ្លះ ដូច្នេះយើងនឹងយកទៅពិនិត្យ ហើយកែលម្អ ហើយដាក់បញ្ជូនមក (គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា) ផ្សារទៀត»

គួរបញ្ជាក់ថា ច្បាប់ចំនួន៣ទាក់ទិននឹងប្រព័ន្ធយុត្តិធម៌ ដែលគណបក្សប្រឆាំងស្នើរដ្ឋសភាធ្វើវិសោធនកម្មនោះ តំណាងរាស្ត្រដែលមានតែគណបក្សប្រជាជនចំនួន៦៨បានអនុម័តកាលពីចុងឆ្នាំ២០១៣ ពេលតំណាងរាស្ត្រក្សសង្គ្រោះជាតិទាំង៥៥រូបធ្វើពហិកាប្រឆាំងលទ្ធផលបោះឆ្នោត។ ច្បាប់ទាំង៣នោះ ត្រូវអង្គការសង្គមស៊ីវិលប្រឆាំងតវ៉ាជាបន្តបន្ទាប់តាំងពីបញ្ជូនទៅដល់ដៃសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រហូតដល់ព្រះមហាក្សត្រ ដោយអះអាងថា ច្បាប់៣នេះបានផ្តល់អំណាចកាន់តែខ្លាំងដល់រដ្ឋាភិបាលក្នុងការត្រួតត្រាលើតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ