វិភាគ៖ សិទ្ធិ​ឯកជនភាព​​មិន​ត្រូវ​បាន​ការពារ ក្រោយ​សំឡេង​សន្ទនា​តាម​ទូរសព្ទ​ត្រូវ​បាន​បន្ត​ទម្លាយ

បុរសម្នាក់កំពុងនិយាយទូរសព្ទ។

ទីបំផុត​ទៅ មេធាវី​តំណាង​ការពារ​ក្ដី​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កាន់​ពាក្យ​បន្ដឹង​ដាក់​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ ដូច​ការ​រំពឹង​ទុក​មែន ពោល​គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក ហ៊ុន សែន បាន​ប្រកាស​ប្ដឹង​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ដែល​ធ្លាប់​កាន់​តំណែង​ជា​ឧប​នាយករដ្ឋ​មន្ត្រី​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​អភិវឌ្ឍន៍​ជន​បទ។

បណ្ដឹង​ប្រឆាំង​នឹង​លោក លឺ ឡាយស្រេង បាន​កើត​ឡើង​តែ​ ៤​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក លឺ ឡាយស្រេង និង​អតីត​តំណាង​រាស្ត្រ​បក្ស​ហ៊្វុនស៊ិនប៉ិច អ្នកស្រី គី លំអង ត្រូវ​បាន​ទម្លាយ​ដោយ​ទំព័រ​ហ្វេសប៊ុក «សីហា» ដែល​ទំព័រ​ហ្វេសប៊ុក​នេះ​ក៏​ធ្លាប់​បាន​ទម្លាយ​សំឡេង​សន្ទនា​ឯកជន​របស់​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ។

ក្នុង​សំឡេង​សន្ទនា​ដែល​ត្រូវ​បាន​ទម្លាយ​កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​តុលា​នោះ លោក លឺ ឡាយស្រេង បាន​ជជែក​ជាមួយ​អ្នកស្រី គី លំអង ដោយ​ចោទ​សួរ​ថា តើ​ព្រះ​មហាក្សត្រ ព្រះ​ករុណា នរោត្ដម សីហមុនី នឹង​ឡាយ​ព្រះហស្ថលេខា​​លើ​សំណើ​កែ​ប្រែ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ឬ​យ៉ាង​ណា។

សំឡេង​សន្ទនា​នោះ ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចោទ​ថា ជា​ការ​ប្រមាថ​លើ​ព្រះ​មហាក្សត្រ ហើយ​បក្ស​រាជា​និយម​មួយ​នេះ បាន​ប្រកាស​ថា នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អតីត​សហការី​របស់​ខ្លួន។

ក្រៅ​ពី​ជជែក​អំពី​តួនាទី​របស់​ព្រះ​មហាក្សត្រ​ហើយ​នោះ លោក លឺ ឡាយស្រេង ក៏​បាន​និយាយ​ផង​ដែរ​អំពី​ការ​ប៉ុន​ប៉ង​កែ​ប្រែ​ច្បាប់ ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បែង​ចែក​អាសនៈ​សភា​របស់​បក្ស​នេះ​ទៅ​ឲ្យ​បក្ស​តូចៗ ក្នុង​នោះ​មាន​ទាំង​គណបក្ស​ហ៊ុនស៊ិនប៉ិច​ផង​ដែរ។ ក្នុង​សំឡេង​សន្ទនា​នោះ លោក លឺ ឡាយស្រេង បាន​លើក​ឡើង​ថា ប្រធាន​បក្ស​ហ៊ុនស៊ិនប៉ិច សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ទទួល​បាន​លុយ ១​លាន​ដុល្លារ​ពី​លោក ហ៊ុន សែន ជា​ថ្នូរ​ទៅ​នឹង​ការ​ទទួល​យក​អាសនៈ​របស់​គណបក្ស​ប្រឆាំង។

​លោក ហ៊ុន សែន ប្រកាស​កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា​ថា លោក​នឹង​ប្ដឹង​លោក លឺ ឡាយស្រេង ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ហើយ​មួយ​ថ្ងៃ​បន្ទាប់​មក លោក គី តិច មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី បាន​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ជាង​នេះ​ទៅ​ទៀត រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា ថែម​ទាំង​បាន​ជំរុញ​ទៅ​​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឲ្យ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់ និង​តឹង​រឹង​បំផុត​ទៅ​លើ​លោក លឺ ឡាយស្រេង ផង​ដែរ។

លោក គី តិច បានចោទ​លោក លឺ ឡាយស្រេង​ ថាបាន​បរិហាកេរ្តិ៍​លោក ហ៊ុន សែន ជា​សាធារណៈ ដោយ​ថា សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈ។

វា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់​វិធានការ​ទៅ​លើ​បុគ្គល​ទម្លាយ​សំឡេង​សន្ទនា​ឯកជន​ដែរ​ឬ​ទេ ខណៈ​ដែល​បណ្ដឹង​បរិហាកេរ្តិ៍​ជា​សាធារណៈ​ត្រូវ​បាន​ដាក់​ទៅ​តុលាការ និង​ត្រូវ​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​តឹង​រឹង​នោះ?

ជុំ​វិញ​ការ​ទម្លាយ​សំឡេង​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ​​នេះ លោក​មេធាវី សុក សំអឿន បាន​បក​ស្រាយ​ថា ការ​ចោទ​ប្រកាន់​ដោយ​សំអាង​ទៅ​លើ​សំឡេង​បែក​បែក​ធ្លាយ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ ប្រសិន​បើ​ការ​ផ្សព្វផ្សាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​សាម៉ី​ខ្លួន​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «វាទាល់តែរដ្ឋាភិបាលមានភស្ភុតាងណាដែលបង្ហាញថា គាត់អនុញ្ញាតឲ្យគេផ្សព្វផ្សាយ។ … អញ្ចឹងមនុស្សនិយាយគ្រប់គ្នា គេចង់ដាក់គុកនណារ គេថតសំឡេងចោទ​គេជាប់គុកពេញទឹកពេញដីអស់ហើយ ស្រេចតែ​ចិត្តគេ។ ដូច្នេះ ទាល់តែអ្នកហ្នឹងឲ្យគេផ្សព្វផ្សាយ»។

សិទ្ធិ​ឯកជន​ភាព​របស់​ពលរដ្ឋ​កម្ពុជា ក៏​ត្រូវ​បាន​ការពារ​​ដោយ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នានា​ផង​ដែរ ដើម្បី​ធានា​ថា ភាព​ឯកជន​របស់​បុគ្គល​គ្រប់​រូប មិន​ត្រូវ​រំលោភ​បំពាន​នោះ​ឡើយ។

មាត្រា ៤០ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​ចែង​ថា «……អាថ៌​កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរគមន៍ និង​តាម​ទូរស័ព្ទ ត្រូវ​បាន​ធានា»។

ចំណែក​ឯ​ក្រម​ព្រហ្ម​ទណ្ឌ​ត្រង់​មាត្រា ៣១៨ បាន​ចែង​ថា អំពើ​ប្រព្រឹត្ត​ដោយ​គំនិត​ទុច្ចរិត ស្ដាប់ ឬ​ធ្វើ​ឲ្យ​ច្របូល​ច្របល់​ការ​សន្ទនា​តាម​ទូរស័ព្ទ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១សែន ទៅ ១​លាន​រៀល។

អ្នក​ជំនាញ​ខាង​ព័ត៌មាន​វិទ្យា លោក ង៉ែត ម៉ូសេ បាន​លើក​ឡើង​ថា ភស្តុតាង​ណា​ដែល​ត្រូវ​បាន​យក​មក​ដោយ​រូបភាព​មិន​ស្រប​ច្បាប់​នោះ គឺ​មិន​អាច​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ភស្តុតាង​បាន​នោះ​ទេ។

លោកបន្ថែមថា ការសន្ទនាតាមទូរស័ព្ទ គឺជាភាពឯកជនរបស់បុគ្គលម្នាក់ៗ ហើយការចូលទៅយកសំឡេងសន្ទនាឯកជននេះ គឺជាការបំពានទៅលើភាពឯកជនរបស់មនុស្ស ហើយរដ្ឋាភិបាលគួរមានវិធានការលើការជ្រៀតចូលក្នុងភាពឯកជននេះ។

បើទោះបី​សិទ្ធិ​ឯកជន​ភាព​ ត្រូវ​បាន​ការពារ និង​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញត​ និង​ក្រម​ព្រហ្ម​ទណ្ឌកម្ម​កម្ពុជា​ក៏​ដោយ ប៉ុន្តែ សំឡេង​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ ត្រូវ​បាន​ទម្លាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ «សីហា» តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិឯកជនភាព​​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក​ដ៏​គួរ​ឲ្យ​សង្ស័យ​នេះ បាន​បញ្ចេញ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​ក្រុម​​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​មាន​ទាំង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​សព្វ​ថ្ងៃនេះ។

ហើយ​បុគ្គលក​ថ្មី​បំផុត​ដែលសិទ្ធិ​ឯកជនភាព​ត្រូវ​បាន​រំលោភ​បំពាន​នោះ គឺ​លោក លឺ ឡាយស្រេង បន្ទាប់​ពី​លោក​បាន​និយាយ​រិះគន់​ជា​បន្ត​បន្ទាប់ ជុំ​វិញ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ជា​ពិសេស​ការ​ប៉ុន​ប៉ង​រំលាយ​បក្ស​ប្រឆាំង និង​ការ​ប៉ុន​ប៉ង​បែង​ចែក​អាសនៈ​​បក្ស​មួយ​នេះ ដែលល​បាន​មក​ដោយ​ការ​បោះ​ឆ្នោត​ពី​ប្រជា​ពលរដ្ឋ។

ជា​រួម​មក រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ចាត់ការ​ទៅ​លើ​បុគ្គល​ដែល​ទម្លាយ​សំឡេង​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ​ទេ ប៉ុន្តែ បែរ​ជា​ចាត់​ការ​លើ​ជន​ស្លូត​ត្រង់ ដែល​សិទ្ធិ​ឯកជន​របស់​ពួកគេ​​ត្រូវ​បាន​រំលោភ​បំពាន​ហើយ ហើយ​ថែម​ទាំងប្រឈម​មុខ​នឹង​បណ្ដឹង​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ