របាយការណ៍បង្ហាញថា កំណើននាំចេញក្នុងវិស័យកាត់ដេរធ្លាក់ចុះ

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

របាយការណ៍សមាគមរោងចក្រកាន់ដេរនៅកម្ពុជា បង្ហាញថា កំណើននៃការនាំចេញផលិតផល ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ មានការថយចុះ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ ដោយសារតែផលិតកម្មក្នុងវិស័យនេះបានថយចុះ។​

របាយការណ៍បង្ហាញថា រយៈពេល៦ខែឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែមិថុនា វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ទទួលបានកំណើននាំចេញទន់ខ្សោយ គឺនៅចន្លោះ៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦ មានកំណើនដល់៧ភាគរយ។

ថ្លែងក្រោយកិច្ចប្រជុំមួយកាលពីថ្ងៃម្សិលមិញ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កេន លូ បានឲ្យអ្នកសារព័ត៌មានដឹងថា ការកើតឡើងឬ ថយចុះនៃអត្រាកំណើននាំចេញនេះ គឺជារឿងធម្មតា ដែលតែងកើតមាននៅលើទីផ្សារអន្ដរជាតិ។

ទោះយ៉ាងណាលោក កេន លូ បានសំដែងក្ដីបារម្ភថា អត្រាប្រាក់ឈ្នួលរបស់កម្មករកម្ពុជា ដែលនឹងដំឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨នោះ នឹងធ្វើឲ្យកម្ពុជា ពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃ ដោយសារថ្លៃដើមនៃការផលិតកើតឡើង​។ លោកស្នើឲ្យរដ្ឋាភិបាល ធ្វើយ៉ាងណាជួយ ធ្វើឲ្យថ្លៃដើមនៃការផលិតថយចុះ ដោយថានៅពេលខាងមុខក្រុមអ្នកផលិតត្រូវបង្កើនផលិតផលរបស់ពួកគេដើម្បីប្រកួតប្រជែង។​

ដោយឡែក របាយការណ៍ របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ ឬហៅកាត់ថា IMF ដែលចេញផ្សាយកាលពីសប្ដាហ៍មុន បង្ហាញដែរថា វិស័យកាត់ដេរសំលៀកបំពាក់នៅកម្ពុជា ទទួលបានកំណើនទន់ខ្សោយបន្ដិច ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧  ធ្លាក់មកត្រឹម ៧ភាគរយ ពោលគឺធ្លាក់ចុះ ០,២ភាគរយ ពីចំនួន៧,២ភាគរយនៅឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ