លោក ហ៊ុន សែន បញ្ជា​ឲ្យ​ពិនិត្យ​ផ្លូវ​ច្បាប់​ ដើម្បី​បិទ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​បញ្ជា​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ដើម្បី​បិទអង្គការ​សង្គម​ស៊ីវិល​មួយ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ ដោយ​ថា អង្គការ​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។

នៅ​ក្នុង​ពិធី​សំណេះ​សណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​នៅ​ឯ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ពិនិត្យ​មើល​ផ្លូវច្បាប់​ដើម្បី​បិទ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

លោក​លើក​ឡើង​បន្ថែម​ថា អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​មក។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ការ​ពិត​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​នៅទីក្រុង​ភ្នំពេញ អាហ្នឹង​ត្រូវ​តែ​បិទ​ចោល ព្រោះ​អាហ្នឹង​ធ្វើ​តាម​បរទេស​ណា! អាហ្នឹង​គួរ​មើល! ក្រសួង​មហាផ្ទៃ​គួរ​មើល! ព្រោះ​អាហ្នឹង​គឺ​ថា បរទេស​ជា​អ្នក​ឲ្យ​បង្កើត​ណា មិន​មែនខ្មែរ​អ្នក​បង្កើត​ទេ​! បរទេស​ជា​អ្នក​ឲ្យ​បង្កើត​ណា! មើល​អា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ហ្នឹង​មួយ​ទៀត។ […] អញ្ចឹង​ទេ អា​នេះ​បរទេស​​ឲ្យ​បង្កើត អាហ្នឹង​វា​ខុស​រឿង»។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០២ ​ដោយ​លោក កឹម សុខា ដែល​ក្រោយ​មកបាន​​លា​ឈប់ និង​ទៅ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០០៧។

ការ​បញ្ជា​ពី​សំណាក់​លោក ហ៊ុន សែន ​ឲ្យ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​សម្រាប់​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បែប​នេះ បាន​កើត​ឡើង​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​អង្គការ​សង្គម​ស៊ីវិល​បរទេស​មួយ​ចំនួន​ដែល​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដទៃ​ទៀត បាន​ជំរុញ​ឲ្យ​មាន​ការ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ ដោយ​ចាត់​ទុក​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ