សភាវិសោធនកម្មមាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់ចរាចរណ៍ដោយបង្កើនផាកពិន័យលើអ្នកប្រព្រឹត្ត​ល្មើស

ការផាកពិន័យចរាចរណ៍នាពេលកន្លងមក (មាស មុនី)

រដ្ឋសភាបានធ្វើវិសោធនកម្មចំនួន៩មាត្រា​ នៅក្នុង​ច្បាប់ចរាចរណ៍ផ្លូវគោកឆ្នំា២០១៥ នាព្រឹកនេះ ដោយ​បង្កើនការ​​​​ផាកពិន័យធ្ងន់ធ្ងរ​លើអ្នក​ប្រព្រឹ​ត្ត​បទ​ល្មើស​ចរាចរណ៍ ខណៈអំពើល្មើសនៅតែបន្តកើតមាន​។

មាត្រា​ទំាងនោះរួមមាន មាត្រា៨, ៤០, ៤១, ៤៧, ៤៨, ៧៥, ៧៧, ៨២ និងមាត្រា៩០។ ក្នុង​ចំណោ​ម​មាត្រា​ទំាងនេះ​ គឺមាត្រា៧៥និងមាត្រា៨២ នៃច្បាប់ចរាចរណ៍ផ្លូវគោក បាន​​បង្កើន​ការ​ផាក​ពិន័យ​អន្តរការណ៍​​ធ្ងន់ធ្ងរលើ​អ្នកប្រព្រឹ​ត្ត​បទ​ល្មើស​​ចរាចរណ៍។

មាត្រា​៧៥នៃច្បាប់ចរាចរណ៍ថ្មីមានខ្លឹមសារថា ជនណាបើកប​រយានយន្តដោយគ្មានបណ្ណបើកបរឬក្នុង​រយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវ​ពិន័យអន្តរការណ៍​ពី៨សែនទៅ៤លានរៀល ខណៈមាត្រាដដែលនៃច្បាប់ចាស់ផ្តន្ទាទោស​ពី១សែនទៅ៨សែនរៀល។

រីឯមាត្រា៨២នៃច្បាប់ចរាចរណ៍ថ្មីមានខ្លឹមសារថា ជនណាបើក​បរយានយន្តដោយគ្មានប័ណ្ណ​សម្គាល់​រថ​យន្តឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវ​ពិន័យអន្តរកា​រណ៍ពី​៤សែនទៅ១លានរៀល ខណៈ​មាត្រា​ដដែល​នៃ​ច្បាប់​ចាស់​ពិន័យ​ពី១សែនទៅ៨សែនរៀល​។

ទោះជាយ៉ាងណាមាត្រាថ្មី​ទំាងនេះ ត្រូវ​បានយកទៅអនុវត្តជិត​មួយ​ឆ្នាំ​ក្រោយ​ពីលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​មោឃភាព​មាត្រា​ចាស់មួយចំនួនក្នុង​ច្បាប់ចរាចរណ៍ផ្លូវគោក​ មុន​ការ​អនុម័តរបស់​សភា​ដោយ​សំឡេង​៩៣ នាថ្ងៃទី២៦ ខែ​ធ្នូ​​នេះ។

ក្នុងរបាយការណ៍ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅកម្ពុជាបានបង្ហាញថា ជារៀងរាល់ថ្ងៃយ៉ាងហោចណាស់មានមនុស្សចំនួន៦នាក់បានស្លាប់និង១៧នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទំាងប្រទេសកម្ពុជា។ ចំនួនអ្នកស្លាប់នេះ ច្រើនជាង៣០ដង នៃចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺគ្រុញចាញ់ គ្រុនឈាមនិងគ្រាប់មីនរួមបញ្ជូលគ្នា។

តាមរបាយការណ៍ ក្រសួងមហាផ្ទៃបានឲ្យដឹងថា បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥និងឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍ថយចំនួន២៧១លើក ស្មើ១២,៥% អ្នកស្លាប់ថយចំនួន១០០នាក់ ស្មើស១២% និងអ្នករបួសថយចំនួន៤៥១នាក់ ស្មើ១២%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ