លោក ហ៊ុន សែន ចំអកឲ្យតំណាងរាស្ត្របក្សប្រឆាំង ករណីនគរបាលម្នាក់ដួលមុខរថយន្ត

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)

ករណីប៉ូលីសម្នាក់ដួលមុខរថយន្តនៅខេត្តបន្ទាយមានជ័យកាលពីចុងសប្តាហ៍មុន បានក្លាយជាប្រធានបទមួយ ដែល​មានការ​ជជែកគ្នានៅពេល​ប្រជុំពេញអង្គរដ្ឋ​សភានៅព្រឹកថ្ងៃចន្ទនេះ រវាងមេដឹកនាំបក្សកាន់អំណាចនិងតំណាង​រាស្ត្រ​បក្ស​ប្រឆំាង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអកឲ្យតំណាងរាស្ត្រគណបក្សម្នាក់ដែលបានជំរុញឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតលើករណីមន្រ្តីនគរបាលផ្តួលខ្លួននៅពីមុខរថយន្តរបស់មន្រ្តីគណបក្សសង្រ្គោះជាតិ​នៅក្រុង​ប៉ោយប៉ោយប៉ែត ខណៈលោក អេង ឆៃអ៊ាង បានលើកយកបញ្ហានេះមកជជែកក្នុងពេលប្រជុំសភា។

បើតាមវីដេអូដែលផ្សាយតាមហ្វេសប៊ុកកាលពីចុងសប្តាហ៍មុន​បាន​បង្ហាញថា មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ពិសិដ្ឋ បានផ្តួលខ្លួនឯងនៅមុខរថយន្តមួយគ្រឿងរបស់មន្រ្តីគណបក្ស​សង្គ្រោះ​ជាតិប្រចាំខេត្តបន្ទាយមានជ័យ ​​លោក​ ម៉ង់​ ពុទ្ធី​។ ក្រោយកើតហេតុការណ៍ សមត្ថកិច្ចបានចាប់​ឃុំខ្លួន​មន្ត្រីបក្សប្រឆំាងរូបនោះ​ ដោយចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា។

​ករណី​នេះត្រូវបានតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិលោក អេង ឆៃអ៊ាង លើកយកមកធ្វើជាប្រធានបទ​មួយ នៅក្នុង​កិច្ច​ប្រជុំ​ពេ​ញអង្គរដ្ឋសភា ដោយលោកវិភាគថា ករណីមន្ត្រីនគរបាលច្រកប៉ោយប៉ែតដួលមុខ​រថយន្ត​នោះគឺជាការសំដែង​​៖ «ពេលយើងមើលទិដ្ឋភាពក្តាប់ដៃ ដៃក្តាប់អាយកូម ក្តាប់សោឡាន បើមនុស្សដួល​ដោយ​សារ​ដៃ​ប៉ះ​ទង្គិច ដៃក្តាប់អត់បានទេ (លាត) ព្រោះកាលណា​មានកម្លាំងមក​ គឺមនុស្សលាដើម្បីទប់​ មិន​អាច​លាត​ទេ ប៉ុន្តែក្នុងករណីក្តាប់គឺអា​ចមា​ន​ជម្ងឺ​មួយ​ដែលយើងដឹងហើយ គឺជម្ងឺអត់ទប់ទេ គេហៅ​ថា​ជម្ងឺ អេពី​ឡាប​ស៊ី (ជម្ងឺស្កន់ចូ​ល​) ករណីនេះ អ្នក​ខ្លះ​ចៃ​ដ​ន្យ គឺភ្លាមៗតែម្តង ជួនកាលមានចិត្តដូចថា មាន​អារ​ម្មណ៍​ខឹង​ភ្លា​មទៅ បើគាត់មានជម្ងឺនេះ គាត់មានបញ្ហាហ្នឹងភ្លាម»។

ក្រោយពីលោក អេង ឆៃអ៊ាង ថ្លែងចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បា​ន​ឆ្លើយ​តប​បែប​ឌឺដង​ទៅ​កាន់តំណា​ងរាស្ត្របក្សប្រឆំាងរូបនោះ​ថា បើពូកែ​ធ្វើកោសល្យ​វិច្ច័យ គួរ​តែ​ឈប់​ធ្វើ​តំណាង​រាស្ត្រ​ ហើយទៅ​ធ្វើ​ពេទ្យកោសល្យវិច្ច័យ​វិញ​៖​ «ខ្ញុំគួរតែកោតសសើរឯកឧត្តម អេង ឆៃអ៊ាង ដែល​បាន​ក្លាយ​ទៅជាពេទ្យធ្វើកោស​ល្យវិច្ច័យថា តើ​ដួល​ទៅ​(មន្ត្រី​នគរបាលច្រកព្រំដែន ក្រុងប៉ោយប៉ែត)​វា​ត្រូវ​ក្តាប់​ឬវាត្រូវអី ដូចថាម្យ៉ាងដែរ បើសិនឯកឧត្តមទៅធ្វើ​ពេ​ទ្យ​កោសល្យវិច្ច័យវាល្អជាង​ធ្វើតំណាងរា​ស្ត្រ​»​។

សាលាដំបូងខេត្តបន្ទាយមានជ័យបានឃុំខ្លួនអ្នកបើករថយន្តគឺលោក ម៉ង់ ពុទ្ធី អាយុ៣៨ឆ្នាំ ជាអនុប្រធានគណបក្សប្រឆាំងប្រចាំក្រុងប៉ោយប៉ែត ពីបទពីបទប៉ុនប៉ងមនុស្សឃាត បើទោះជាមានសាក្សីជាច្រើននាក់បានបញ្ជាក់ថា លោក ម៉ង់ ពុទ្ធី មិនបានបើករថយន្តប៉ះនគរបាលរូបនោះក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ