អាជ្ញាធរភ្នំពេញដាក់​​ឱសាន​វាទ​ថ្មី​ឲ្យ​អ្នក​បុរី​កីឡា​ចាក​ចេញ

បុរីកីឡា

អាជ្ញាធររាជធានីភ្នំពេញ បាន​សម្រេច​កំណត់​ឱសាន​វាទ​ថ្មី​សម្រាប់​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​សហគមន៍​បុរី​កីឡា​ទទួល​យក​សំណង និង​ចាក​ចេញ​ពី​អគារ​ចាស់ បន្ទាប់​ពី​ឱសាន​វាទ​ដំបូង​មួយ បាន​ផុត​កំណត់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

ការពន្យារពេលនេះ ត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយរវាងអាជ្ញាធរខណ្ឌ​7មករា និងពលរដ្ឋសហគមន៍បុរីកីឡាកាលពីថ្ងៃ២៥ ខែធ្នូនេះ។

តំណាងពលរដ្ឋម្នាក់អ្នកស្រី ស ស៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា កិច្ចប្រជុំនោះ គឺអាជ្ញាធរមានគោលបំណងរំលឹកដល់ប្រជាពលរដ្ឋពីថ្ងៃផុតកំណត់ដែលសាលារាជធានីភ្នំពេញដាក់ឱសានវាទកាលពីថ្ងៃទី៨ ខែធ្នូ ហើយថា ក្រោយកិច្ចប្រជុំនេះអាជ្ញាធរ បានយល់ព្រមបន្តពន្យាពេលកំណត់រយៈពេល ២សប្តាហ៍បន្ថែមទៀត​ដើម្បីទុកពេលចរចា។

ប៉ុន្តែ អ្នកស្រីអះ​អាង​ថា ប្រសិនបើសំណងនៅតែដដែល គឺពួកគាត់មិនព្រមទទួលយកឡើយ ហើយថា ពួកគាត់ ១១គ្រួសារនេះនឹងទៅរកកិច្ចអន្តរគមន៍ពីក្រសួងរៀបចំដែន ឲ្យជួយដោះស្រាយដូចដែលបានដោះស្រាយជូនអតីតអ្នកនៅអគារប៊ុលឌីង។

អ្នកស្រីបន្ថែមថា៖ «បើដំណោះស្រាយហ្នឹងនៅតែដដែលពួកមីងអត់យកទេ ហើយហ្នឹងដាក់ញត្តិទៅក្រសួងដែនដីសុំឲ្យ លោក ជា សុផារ៉ា ជួយដោះស្រាយឲ្យពួកមីងដូចនៅអាគារប៊ុលឌីងអញ្ចឹង ហើយបើគាត់ប្តឹងពួកមីងក៏ហ៊ានប្រឈមមុខជាមួយច្បាប់ដែរ ព្រោះអីក្រុមហ៊ុន បើអ្នកឯងក្ស័យធនត្រូវទុកដី២អគារនោះឲ្យពួកខ្ញុំ តែអ្នកឯងអត់ធ្វើតាមកិច្ចសន្យាផង ហើយមកប្តឹងពួកខ្ញុំទៀត អញ្ចឹងពួកខ្ញុំមិនខ្លាចដែរ»។

វិអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខណ្ឌ៧មករា លោក លឹម សុធា បានទេជុំវិញការពន្យាឱសាន​វាទ​នេះ។

កាលពីថ្ងៃទី៨ ខែធ្នូ សាលារាជធានីភ្នំពេញ បានដាក់ឱសានវាទ ២សប្តាហ៍ម្តងរួចមកហើយ ឲ្យពលរដ្ឋបុរីកីឡាចំនួន ១១គ្រួសារដែលមិនព្រមទទួលសំណង​នោះ មកទទួលយកសំណងគោលនយោបាយ ដោយកាលណោះ សាលារាជធានីភ្នំពេញថា បើពលរដ្ឋទាំងនោះខកខានមិនព្រមមកទទួលយកសំណងតាមកាលកំណត់នេះទេ ពួកគេនឹងបានបាត់បង់សិទ្ធិទទួលបានសំណង និងដំណើរការដោះស្រាយទំនាស់ក៏ត្រូវបានបញ្ចប់ដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់វីអូឌីកាលពីថ្ងៃទី១១ធ្នូថា ប្រសិនបើពលរដ្ឋទាំងនោះនៅតែមិនព្រមទទួលសំណងគោលនយោបាយនេះ សាលារាជធានីភ្នំពេញនឹងអនុវត្ត​វិធានការរដ្ឋាបាល និងយន្តការតុលាការបន្តទៀត។

ប៉ុន្តែ ពលរដ្ឋបុរីកីឡាអះអាងថា មិនខ្លាចក្នុងការតតាំងរឿងក្តីនេះទេ ដោយថា ពួកគាត់មានឯកសារគ្រប់គ្រាន់​ក្នុងការទទួលបានផ្ទះនៅបុរីកីឡា ហើយថា ម្យ៉ាងទៀត ក្រុមហ៊ុនជាអ្នកល្មើស​កិច្ចសន្យា។

កាលពីថ្ងៃទី២០ ខែធ្នូ អង្គការ និងសហគមន៍​សរុបចំនួន ៣៤ស្ថាប័ន បាន​អំពាវ​នាវ​ទៅ​សា​លារាជធានីភ្នំពេញ ឲ្យ​ទម្លាក់ចោល​ឱសានវាទនោះ និងជំរុញទៅ​សាលារាជធានីភ្នំពេញឲ្យ​ពន្លឿនដំណោះស្រាយ​បញ្ចប់វិវាទដីធ្លីនៅសហគមន៍បុរីកីឡាដោយសន្តិវិធីវិញ។

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ជូនប្រជាពលរដ្ឋ១៧៧៦គ្រួសារ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ ៣៨០គ្រួសារទៀត ទទួលបានសំណងមិនត្រឹមត្រូវ ដោយក្រុមហ៊ុន និងអាជ្ញាធរធ្វើការឈូសឆាយផ្ទះ និងបណ្តេញពលរដ្ឋចេញទាំងបង្ខំ ហើយពលរដ្ឋទាំងនោះបានផ្ទុះការតវ៉ារហូតមកដល់បច្ចុប្បន្ន។

មកដល់ពេលនេះមន្រ្តីសាលារាជធានីភ្នំពេញអះអាងថា អាជ្ញាធរដោះស្រាយបានជាង ៩០%ហើយ ដោយនៅសល់ពលរដ្ឋតិចតួចប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ