​វិភាគ៖ តើកំណែទម្រង់​អំពើពុក​រលួយ​នៅ​កម្ពុជាមានប្រសិទ្ធភាពកម្រិតណា?

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

បន្ទាប់ពីបាត់បង់អសនៈចំនួន២២ក្នុងរដ្ឋសភា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើកំណែទម្រង់វិស័យមួយចំនួន ក្នុងនោះការប្រឆាំងអំពើពុករលួយក៏ជាអទិភាពមួយ​ដែល​គណ​បក្សកាន់អំណាចចាស់វស្សានេះដាក់ក្នុងផែនការរបស់ខ្លួនផងដែរ។

ក្នុងប្រតិបត្តិការប្រឆាំងអំពើពុករលួយដែលធ្វើឲ្យមានការចាប់អារម្មណ៍ក្រោយពីប្រកាសធ្វើ​កំណែទម្រង់នោះ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក អាំង មាលតី ដែលជាប្រធានសាលាដំបូង​រាជធានីភ្នំពេញ និងក្រឡាបញ្ជីតុលាការកំពូលម្នាក់ និងការចាប់ខ្លួន លោក ស៊ុត ឌីណា ដែលជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង  ដោយចោទថាពាក់ព័ន្ធនឹងអំពើពុករលួយ។

មិនត្រឹមតែប៉ុណ្ណោះអង្គភាពប្រឆាំងអំពើពុករលួយ បានប្រើដាវអាជ្ញាសឹករបស់​ខ្លួន ទៅលើ​មន្រ្តីសិទ្ធិ​ម​នុស្សសមាគមអាដហុក៤រូបនិង​អគ្គលេខាធិការរងគជប លោក នី ចរិយា ដោយចោទថា សូកប៉ាន់សាក្សី និង​សមគំនិតសូកប៉ាន់សាក្សីក្នុងទំហំទឹកប្រាក់ប្រហែលពីរបីរយដុល្លារ។ប៉ុន្តែមជ្ឈដ្ឋានជាច្រើន​យល់ថា ចំណាត់ការប្រឆាំងនឹងមន្រ្តីសិទ្ធិមនុស្សទាំងនេះគឺជារឿងនយោបាយ ដោយថា​ទឹក​ប្រាក់នោះ គឺមិនមែនជាលុយរបស់ជាតិនោះទេ។

ដោយឡែក ចំពោះករណីបែកធ្លាយសារឆ្លងឆ្លើយ ដែលគេជឿថា ជាសាររបស់ ធី សុវណ្ណថា និង​លោក ហ៊ុន សែន ដោយ​​ក្នុងនោះ​មាននិយាយពីការ​ផ្តល់លុយ​ខ្ទង់មួយលានដុល្លារ ដើម្បីឲ្យ​បំបែកគណបក្សប្រឆាំងនោះ គឺអង្គភាពប្រឆាំងអំពើពុករលួយមិនមានចំណាត់ការស៊ើបអង្កេតនោះទេ។ផ្ទុយ​ទៅ​វិញ​ ទាំង លោក ហ៊ុន សែន និង​ធី សុវណ្ណថា បានប្តឹងទារជំងឺចិត្តពីលោក សម រង្ស៊ី ចំនួន១២៥០០០០(មួយលានម្ភៃប្រាំម៉ឺនដុល្លារ) ក្រោយពីមេបក្សប្រឆាំងយករឿងនេះទៅនិយាយជាសាធារណៈ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី  លើកឡើងថា ចំណាត់ការប្រឆាំង អំពើពុករលួយនៅកម្ពុជា ធ្វើឡើងដោយគ្មានសមធម៌ ដោយថាវិធានការប្រឆាំងអំពើពុករលួយត្រូវបានអ្នកនយោបាយយកមកធ្វើជាឧបករណ៍ផ្តួល​គូរប្រកួត។ លោកបន្តថា៖ «គឺទីមួយទាក់ទងនឹងករណីលោក កឹម សុខា ដែលយើងឃើញមកដល់ថ្ងៃនេះ មន្ត្រីសិទ្ធិមនុស្សនៅទាំងអស់ដែលត្រូវនៅជាប់ឃុំហ្នឹង គឺដោយសារតែលុយប្រមាណពីរបីរយដុល្លារតែប៉ុណ្ណឹងទេ ប៉ុន្តែដល់ករណីដែលបូមខ្សាច់ដែលត្រូវសង្ស័យថាបាត់លុយរាប់រយលានដុល្លារ ហើយនិងករណីដែលមានធ្លាយរឿងវីដេអូក្រោយថ្មីៗរវាង ធី សុវណ្ណថា និង សម្តេចនាយកអីនេះ យើងឃើញថា ក្រុមប្រឆាំងអំពើពុករលួយមិនបានអើពើក្នុងការស្រាវជ្រាវរឿងហ្នឹងទេ» 

នៅក្នុងរបាយការណ៍​របស់​អង្គការ​តម្លាភាពអន្តរជាតិ​ បង្ហាញថា​ស្ថានភាព​អំពើ​ពុ​ក​រលួយ​នៅ​កម្ពុជា​​​សម្រាប់​​​ឆ្នាំ​២០១៦ គឺ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​អាក្រក់​ដដែល​ និង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុតក្នុង​​ចំណោម​ប្រទេស​ជា​សមា​ជិក​អាស៊ាន។

​របាយការណ៍ដែលចេញផ្សាយនៅ ​ថ្ងៃ​ទី​២៥ មករានេះ ​បាន​ឲ្យ​ដឹង​ថា​ស្ថា​នភាព​អំពើ​ពុក​រលួយ​របស់​ប្រទេស​កម្ពុជា​នៅឆ្នាំ២០១៦ជាប់​​ជាប់​ចំណាត់​ថ្នាក់​លេខ១៥៦ ក្នុង​ចំណោម​១៧៦​ប្រទេស​នៅ​ទូ​ទាំង​​ពិភព​​លោក ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទាប​បំផុត​ទី​៣​នៅ​អាស៊ី​ប៉ាស៊ី​ហ្វិក និង​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​​ក្រោម​គេ​នៅ​ក្នុង​តំបន់​អាស៊ាន។

នាយក​ប្រតិ​បត្តិ​អង្គការ​តម្លាភាពកម្ពុជា​លោក ព្រាប កុល មាន​ប្រសាសន៍​ថា ឆ្នាំ​២០១៦​នេះ​កម្ពុជា​​បាន​ពិន្ទុ២១ ដែលបាន​​បង្ហាញ​ថា​កម្ពុជា​នៅ​តែ​ជា​ប្រទេស​​មួយ​ដែល​មាន​ស្ថានភាព​អំពើ​ពុក​រលួយនៅ​តែ​អាក្រក់​នៅ​ឡើយ ខណៈដែល​ប្រទេស​ភូមា​ដែល​​ជា​​ប្រទេស​មួយ​មាន​ធ្លាប់​មា​ន​ចំណាត់​ថ្នាក់​ស្មើ​រកម្ពុជា​នៅ​ឆ្នាំ​២០​១៤​ ហើយបាន​ហក់​ឡើង​លេខ​១៣៦​នៅ​ពី​លើ​​កម្ពុជា​តាំងពី​ឆ្នាំ​២០១៥​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជាលោក សុខ ឥសាន មិនទទួលស្គាល់​របាយ​ការ​ណ៍​​នេះ​​ទេដោយ​ថារបាយការណ៍​នេះ​វា​ខុស​ពី​អ្វី​ជា​ក់​ស្តែ​ង​ដែល​​រដ្ឋាភិបាលកម្ពុជា​កំពុងព្យាយាម​​ធ្វើ​។

អង្គការតម្លាភាពធ្លាប់ធ្វើការសិក្សាឃើញថា ស្ថាប័នដែលរងការរិះគន់ខ្លាំងពីអំពើពុករលួយ​ច្រើន​​នោះ គឺ​តុលាការ និងបន្ទាប់មក គឺស្ថាប័ននគរបាល។ អង្គភាពប្រឆាំងអំពើ​ពុករលួយក៏ធ្លាប់​លើក​ឡើងថា ស្ថាប័ន​នគរបាល​មានអំពើពុករលួយផងដែរប៉ុន្តែក្រោយមកបានសុំទោសវិញ បន្ទាប់ពីមានប្រតិកម្មពីក្រសួង​មហាផ្ទៃ។

លោក ​ព្រាប កុល កត់សំគាល់ថា អំពើពុករលួយនៅក្នុងជួរនគរបាល និងការបម្រើសេវាសាធារណៈត្រូវ​បាន​កាត់​បន្ថយ។លោកថា«២១ពិន្ទុនេះឆ្លុះបញ្ចាំងថា ក្នុងការយល់ឃើញរបស់អ្នក​បច្ចេកទេស របស់អ្នកធ្វើ​អាជីវកម្មឬក៏​យោង​តាម​ទិន្នន័យសិក្សាស្រាវជ្រាវចំនួន៨ប្រភពដែលបានបង្ហាញជូននេះគឺកម្ពុជាមិនទាន់​មានការរ​ប្រែ​ប្រួល​ទៅ​លើការយល់​ឃើញរបស់គាត់ទេ។ប៉ុន្តែមានការប្រសើរ​ឡើង​ក្នុង​វិស័យ​ខ្លះៗ។ ការប្រមូលពន្ធកើន​ឡើង​ជិត​២០% ។​ការ​ផ្តល់​សេវាតូចៗ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ អំពើ​ពុករលួយ​ក្នុង​វិស័យប៉ូលីស​ចរាចរណ៏ មានភាពល្អប្រសើរដែរ»។

ទោះជាបែបនេះក្តី លោក ​ព្រាប កុល បន្ត​ថាបញ្ហា​ជា​ច្រើន​ដូច​ជា ​ភាពមិនឯក​រាជ្យ​ពីគ្នា​នៃ​អំណាច​ទាំង​បី គឺអំណាចតុលាការ នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ រួមទាំងបញ្ហា​បក្ស​ពួក​និយម​​ ​បាន​ទាញ​ឲ្យកម្ពុជាស្ថិត​ក្នុង​ស្ថានភាព​អាក្រក់នៃអំពើពុករលួយ​បែបនេះ។ លោកមានប្រសាសន៍ថា «គេចង់ឃើញគំនិតផ្លាស់ប្តូរធំៗដូចជាឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ ឯករាជ្យភាពនៃស្ថាប័នជាតិសំខាន់​ៗដែលដឹកនាំការប្រឆាំងអំពើពុករលួយ។​ច្បាប់​សំខាន់ៗដែល​គន្លឹះដែល​ត្រូវការ ច្បាប់ការពារអ្នករាយការណ៏ ហើយ​នឹងបញ្ហាគ្រួសារ បក្សពួក សាច់ញ្ញាតនិយម ដែល​មាន​ទំនាស់​ផលប្រយោជន៍​ក្នុង​ហ្នឹង»

លោក មាស នី បន្ថែមថា អំពើពុករលួយនៅកម្ពុជាគឺជាប្រព័ន្ធ ដែលជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចធំៗ។ លោករំលឹកពីប្រវត្តិនៃការប្រឆាំងអំពើពុករលួយកាលពី៧០ឆ្នាំមុនថា«នៅប្រទេសខ្មែរយើងកាលពីឆ្នាំ ១៩៤៧ មានការរៀបចំឲ្យមានក្រុមប្រឆាំងអំពើពុករលួយម្តងដែរ ដែលកាលណោះ ព្រះអង្គម្ចាស់ យុទ្ធិវង្ស បានត្រូវគេប្រគល់តួនាទីហ្នឹងឲ្យ ក៏ប៉ុន្តែនៅពេលនោះព្រះអង្គម្ចាស់ក៏ធ្វើការអីអត់កើតដែរ ចាប់បានតែក្រុមកូនក្អាត់ រី​ឯថានៈមន្ត្រីធំធ្វើអីគេអត់កើត ក៏សំរេចចិត្តលាលែងពីតំណែង» 

កាលពី​ឆ្នាំ២០១៥​កន្លងទៅ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៦៨ ប្រទេស។ចំណែក​ឯ​របាយការណ៍ឆ្នាំ​២០១៦​នេះ ប្រទេស​មី​យ៉ានម៉ា​ដែល​ធ្លាប់​ជា​ប្រទេស​ធ្លាប់​មាន​ចំណាត់​ថ្នាក់​​ស្មើ​នឹង​កម្ពុជានោះ​បាន​ហក់​ឡើង​លើ​កម្ពុជា៦​ពិន្ទុ​ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្រោមគេ​តែ​ឯង​នៅ​តំបន់​អាស៊ាន។

​ប្រទេស​បី​ដែ​ល​ជាជាប់​លំដាប់​លើ​គេ​​នៅ​ឆ្នាំ​២០១៦នេះ​មាន ដាណឺ​ម៉ាក ប្រទេសញ៉ូហ្សេលែន និង​ហ្វាំង​ឡង់ ខណៈដែល​ប្រទេស​៣​ដែល​ស្ថិត​នៅ​ក្រោម​គេមា​ន​ប្រទេស​កូរ៉េខាង​ជើង ស៊ូដង់ និង​ប្រទេស​ស៊ូម៉ា​លី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ