រដ្ឋមន្ត្រីការបរទេសរបស់ម៉ិចស៊ិកបញ្ជាក់ជំហរថា ពួកគេមិនចរចាជាមួយអាមេរិក ករណីការចំណាយលើការសាងសង់ជញ្ជាំងតាមព្រំដែននោះទេ គឺមានការពិភាក្សាតែលើចំណុចពង្រឹងចំណងទាក់ទង ក្នុងនាមប្រទេសជិតខាងគ្នាតែប៉ុណ្ណោះ។
រដ្ឋមន្ត្រីការបរទេសម៉ិចស៊ិក លោកLuis Videgaray ថ្លែងក្នុងស្ថានទូតម៉ិចស៊ិកប្រចាំនៅវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ចំណុចដែលនឹងមិនចរចាជាមួយអាមេរិកនោះ គឺអ្វីដែលមិនអាចទៅរួច ត្រង់ថា ឲ្យជួយចេញថ្លៃចំណាយចំពោះការសាងសង់ជញ្ជាំងនៅតាមព្រំដែន។នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។
ការប្រកាន់ជំហរអនុវត្តចំពោះអ្វីដែលលោកបានសន្យាពេលឃោសនាបោះឆ្នោតនោះ លោកត្រាំ កាលពីម្សិលមិញ បានបញ្ជាឲ្យមន្ត្រីជំនាញគូសប្លង់ និង រៀបចំគ្រោងសំណង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ិកប្រវែង ៣២០០ គីឡូម៉ែត្រ។
សេតវិមានបានផ្សព្វផ្សាយថា ពួកគេអាចនឹងប្រើគំនិតមួយគឺការយកពន្ធនាំទំនិញចូលពីម៉ិចស៊ិក ដល់២០ភាគរយ ដើម្បី យកទៅលុយទៅសាងសង់ជញ្ជាំងព្រំដែន។ ប៉ុន្តែការដំឡើងពន្ធនាំចូលនេះ ម៉ិចស៊ិកអះអាងនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអាមេរិកទៅវិញទេ។