ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមាននាទីដោះស្រាយវិវាទការងារបានឲ្យដឹងថា បន្ទាប់ពីច្បាប់សហជីពត្រូវបានបង្កើតឡើងចំនួនពាក្យបណ្តឹងបានថយចុះ ដោយសារការកំណត់ពីសមត្ថកិច្ចរបស់សហជីពនៅក្នុងច្បាប់នេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលលោកស្រី ឈីវ ភិរម្យ បានឲ្យដឹងថា បណ្តឹងពីវិវាទការងារដែលបានប្តឹងមកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ ដោយថានៅឆ្នាំ២០១៥ មាន៣៦៥បណ្តឹង តែនៅឆ្នាំ២០១៦ បានថយមកនៅ៣៣០បណ្តឹង និងឆ្នាំ២០១៧ ត្រូវបានកត់សំគាល់ថាកាន់តែតិចជាងឆ្នាំមុនបន្ថែមទៀត។ លោកស្រីបានលើកឡើងបន្ថែមថា មូលហេតុដែលធ្វើឲ្យបណ្តឹងនេះកាន់តែធ្លាក់ចុះនោះ ដោយសារតែច្បាប់សហជីពបានកំណត់ពីសហជីពណា ដែលមានសិទ្ធិពេញលេញក្នុងការដាក់បណ្តឹង ដែលច្បាស់លាស់ ត្រឹមត្រូវជាងច្បាប់ពីមុន។
លោកស្រីថា៖ «ពេលនេះ សហជីពដែលអាចនាំបណ្តឹងមកក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទាល់តែមានភាពជាតំណាងបំផុត ហើយភាពជាតំណាងរបស់គាត់ត្រូវបានកាត់បន្ថយ ពីមុនទាមទារឲ្យមានសមាជិកភាពចាប់ពី៥០% បូកមួយ។ ច្បាប់សហជីពថ្មី បានបន្ធូរបន្ថយឲ្យតែ៣០%ទេ បានបន្ធូរបន្ថយតែត្រូវតែមានលក្ខខណ្ឌ ទើបអាចយកមកដាក់បាន។ បើមិនអញ្ចឹងទេ គេមិនមែនហៅគាត់ថាជាសហជីពដែលមានភាពជាតំណាងបំផុតបានទេ។ បើសិនជាសហជីពគាត់បង្កើតឡើងកាលពីម្សិលមិញ ហើយគាត់យករឿងមកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលមុនមានរឿងពោរពាស មានរឿងច្រើន អាហ្នឹងវាបានជួយម្យ៉ាងដែរ »។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថាបណ្តឹងធ្លាក់ចុះមែនតែមិនអាចបញ្ជាក់ថា ក្នុងវិស័យការងារមិនមានវិវាទទេ។ លោកថាបន្ទាប់ពីមានច្បាប់នេះ មកមានបណ្តឹងជាច្រើនដែលត្រូវបានក្រសួងការងារសម្រេចមិនបញ្ជូនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោយសារតែលើកឡើងថា សហជីពនោះមិនមែនតំណាងឲ្យកម្មករពិតប្រាកដ ហើយសហជីពមួយចំនួនទៀតសោតមិនត្រូវបានក្រសួងទទួលចុះបញ្ជីនោះទេ។ លោកចាត់ទុកថាច្បាប់នេះវាបានរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីព និងធ្វើឲ្យខាតប្រយោជន៍របស់កម្មករធ្ងន់ធ្ងរ។
លោកថា៖ «ធាតុពិតនីតិវិធីពីមុនគឺយើងប្រើតាមច្បាប់ស្តីពីការងារ តែឥឡូវច្បាប់ស្តីពីសហជីពហាក់ដូចជាគ្រប់ដណ្តប់ច្បាប់ស្តីពីការងារក៏ដូចជានីតិវិធីមួយចំនួនព្រោះអីនៅក្នុងហ្នឹងគេបានចែងពីអំណាចរបស់សហជីព ព្រោះថាសហជីពដែលមានភាពជាតំណាងបំផុតទើអាចតំណាងឲ្យកម្មករ ដូច្នេះកម្មករម្នាក់គាត់អត់បានចូលសហជីពណាទេ ហើយគាត់ទៅពឹងតំណាងសហជីពឲ្យជួយគាត់ដើម្បីឲ្យសហជីពដែលគាត់ទៅពឹងនោះ ក៏អត់អាចធ្វើជាតំណាងឲ្យគាត់បានដែរ អញ្ចឹងយើងពិបាកដែលរកបុគ្គលណាដែលការពារកម្មករហើយ »។
គួររំលឹកផងដែរថា ច្បាប់ស្ដីពីសហជីពត្រូវបានដាក់ឲ្យអនុវត្តកាលពីខែឧសភាឆ្នាំ២០១៦ ដែល មានចំនួន១៧ជំពូកនិង១០០មាត្រា។ ចំពោះបក្សប្រឆាំង សហជីពឯករាជ្យ និងអង្គការសង្គមស៊ីវិល នៅតែអះអាងថា ច្បាប់សហជីពនេះ មិនបានការពារប្រយោជន៍សហជីពនិងកម្មករនោះទេ ខណៈខ្លឹមសារខ្លះគឺមានចរិតផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ៕