កាណាដាអំពាវនាវឲ្យកម្ពុជា​ធានាការបោះឆ្នោតដោយសេរីនៅឆ្នាំ២០១៧ និង​២០១៨

លោកស្រី Donica Pottie (រូបភាពពី http://www.tccc.or.th)

កាណាដា បានសម្តែងការព្រួយបារម្ភ ចំពោះរដ្ឋសភាអនុម័តធ្វើវិសោធនកម្ម​ច្បាប់ស្តីពីគណបក្សនយោបាយថា អាចជះឥទ្ធិពលដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធានាពីការបោះឆ្នោតដោយសេរី និង ត្រឹមត្រូវ​នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។​

ក្នុងសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជាកាលពីថ្ងៃទី២៤កុម្ភៈ បានលើកឡើងថា ការអនុម័តធ្វើវិសោធនកម្ម​លើច្បាប់ស្តីពីគណបក្សនយោបាយនោះ គឺជាការផ្តល់អំណាចថ្មីបន្ថែមទៀត ឲ្យរដ្ឋាភិបាលក្នុងរឹតត្បិត និង រំលាយគណបក្សនយោបាយផ្សេងៗ។​

ឯកអគ្គរដ្ឋទូតរបស់កាណាដា ប្រចាំកម្ពុជាលោកស្រី Donica Pottie ថ្លែងថា កាដាណា មានការព្រួយបារម្ភចំពោះ ស្ថានភាពដែលកើតឡើងនៅប៉ុន្មានខែចុងក្រោយនេះថា អាចជះឥទ្ធិពលលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាឆ្នាំ២០១៧ និង ការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាឆ្នាំ២០១៨។​

លោកស្រី Donica Pottie ថ្លែងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ការធ្វើវិសោធនកម្មនោះ ធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ហើយកាណាដា អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា​ធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី បើកចំហ និង មានតម្លាភាព នៅឆ្នាំ២០១៧ និង ២០១៨។​»

កាលពីថ្ងៃទី២០ខែកុម្ភះ តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានអនុម័តធ្វើវិសោធនកម្ម​ច្បាប់ស្តីពីគណបក្សនយោបាយ សំឡេង៦៦លើ ៦៦ ដោយមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំងនោះទេ។ ក្រោយការអនុម័តការធ្វើវិសោធនកម្មច្បាប់នោះមានការថ្កោលទោសពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ Human Rights Watch អង្គការជាតិនានា និង អាមេរិកថា ច្បាប់នេះ​រឹតត្បិតគណបក្សនយោបាយផ្សេងៗ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ