ក្រោយប៉ះ​បារាំង មឿន សុខ​ហ៊ុច ​បាត់​​ឱកាស​យកខ្សែ​ក្រវាត់មាស

រូបភាពពីហ្វេសប៊ុក

ការប្រកួត​ដណ្ដើមខ្សែ​ក្រវាត់​មាសនៅក្នុង​ប្រទេសថៃ​កាលពី​យប់ថ្ងៃទី​២៦ ​កុម្ភៈ កីឡាករ​កម្ពុជា​​​ មឿន សុខ​ហ៊ុច ​​​​មិនទទួលជោគជ័យ​នោះទេ ​​​បន្ទាប់ពីគេត្រូវ​បាន​​​​គណកម្មការ​​​​​ផ្គូរ​ផ្គង​​​​​​អោយ​ប៉ះជាមួយ​ជា​កីឡាករ​​ជនជាតិ​បារាំង​។ ពេញ​រយៈពេល​​៣​ទឹក​​​​​ កីឡាករ​កម្ពុជាខំ​ណាស់ ​តែ​នៅតែមិនអាច​​ទៅរួច​​សម្រាប់​ឱកាស​ឡើង​ដណ្ដើម​ខ្សែ​ក្រ​វាត់​នៅ​វគ្គ​​ផ្ដាច់​ព្រ័ត្ត។

ការប្រកួត​ដែល​បានធ្វើឡើង​​នៅ​ខេត្តប៉ាតាយ៉ា​ប្រទេសថៃ​នេះ ​​​ជាជំនួប​ប៉ះគ្នា​រវាង​កីឡាករ​​​​​​៤​រូប​​​ដែល​សុទ្ធតែ​ជា​ម្ចាស់​​​ខ្សែ​ក្រវាត់​​​ប្រាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​កាលពី​​​ច្រើនខែ​មុន។ ​​ការ​ប្រកួតនេះ​ត្រូវ​បានរៀបចំ​​​ដោយ​គណកម្មការ​​អន្តរជាតិ​របស់​​​ប្រទេសថៃ ដោយមានកីឡាករ​ផ្នែកប្រដាល់​សេរី​​​ច្រើន​ប្រទេសចូលរួម ​​ដោយការ​ប្រកួត​​​លើកទី​១​ជ្រើស​បាន​​​ម្ចាស់ខ្សែ​ក្រវាត់​ប្រាក់​ម្នាក់ លើកទី​​២​ជ្រើស​បានម្ចាស់ខ្សែ​ក្រវាត់​ប្រាក់​​ម្នាក់​ លើកទី​​៣​​​​ជ្រើស​​បានខ្សែ​​ក្រវាត់ប្រាក់​​ម្នាក់ និង​​លើកទី​៤​ជ្រើស​​​​​​បាន​ម្ចាស់ខ្សែ​ក្រវាត់​​ប្រាក់​​ម្នាក់ទៀត ទើប​តម្រូវអោយ​ម្ចាស់ខ្សែ​ក្រវាត់​ប្រាក់ទាំង​​​៤​​​ប៉ះគ្នា​​កាលពី​យប់ថ្ងៃ​ទី​​​​២៦ ​កុម្ភៈ  ដើម្បី​ដណ្ដើម​យក​​​ខ្សែ​ក្រវាត់​មាស​។

ក្នុង​ចំណោមម្ចាស់ខ្សែក្រវាត់ប្រាក់​​​​​​​ទាំង​​៤ កីឡាករ​កម្ពុជា​មឿន សុខ​ហ៊ុច គឺ​​​ម្ចាស់​ខ្សែ​ក្រវាត់​​ប្រាក់​របស់​ព្រឹត្តិការណ៍​ MAX  Muy Thai ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍តាម​ដានយ៉ាង​ខ្លាំង សម្រាប់​ការប្រកួត​នា​យប់​នោះ។ ​​​ក្នុង​នោះ​​​កីឡាករ​​​កិត្តិយស​​​មកពី​ប្រទេស​ផ្សេង​ៗ​ក៏ឃើញ​ប្រកួត​​គ្នា​កម្រ​សង្វៀន​ផងដែរ ដោយ​គ្រាន់តែ​​​​​ការ​ប្រកួត​​គ្នា​រវាង​ពួកគេ​​​មិនសូវការ​ចាប់អារម្មណ៍​ដូច​ការ​ប្រកួត​របស់​​កីឡាករ​ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់ទាំង​​៤​។ ​​

ម្ចាស់ខ្សែ​​​ក្រវាត់​​ប្រាក់​ទាំង​៤​នោះរួម​មាន កីឡាករ​កម្ពុជា  មឿន សុខ​ហ៊ុច(កម្ពុជា​) កីឡាករ Luke Bar ជន​ជាតិ​​​​វែលឡ៍  ​​កីឡាករ Fabrice Delannon ជនជាតិ​ហ្គាណា និងកីឡាករ Guillaume Pascal ជន​ជាតិ​បារាំង​។ កីឡាករ​ទាំង​​៤​តម្រូវ​អោយ​ចាប់​គូ​គ្នា​​​​​ប្រកួត​ចាញ់ធ្លាក់​ៗ ​ដោយ​កីឡាករ​​កម្ពុជា​​​ប៉ះ​ជាមួយ​កីឡាករ​​​ជនជាតិ​បារាំង ហើយ​កីឡាករ​​​​​​​អឺរ៉ុប​ និង​​​​ស្បែកខ្មៅ​​ប៉ះគ្នា​។ ការ​ប្រកួត​នេះ គឺ​អ្នកឈ្នះ​​​​២​រូប​ប៉ះ​គ្នា​ដណ្ដើម​យកខ្សែ​ក្រវាត់​មាស ហើយ​អ្នកចាញ់​ត្រូវ​​​​​​អស់​ឱកាស ដោយ​សារតែមិនមាន​​ការ​ប្រកួត​កំណត់​​យក​លេខ​​​​៣ និង​លេខ​​​៤​នោះ​ឡើយ។ អ៊ីចឹង​ហើយ​ទើប​​ក្រោយ​ប្រកួត​ចាញ់ ​មឿន សុខ​ហ៊ុច ​មិនត្រឹមតែ​​​​​​​​​បាត់​ខ្សែក្រវាត់មាស​ដែលខ្លួន​ចង់​បាន​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​​​​​​​​បាត់​​​​ទឹកប្រាក់​​ប្រមាណ​​​ជា​​៣ម៉ឺន​ដុល្លារ  ​​​ដែល​​​កម្មវិធីកំណត់​​អោយ​នោះដែរ។ ​

​​យោង​តាមការប្រកាស​​អ្នកឈ្នះ​ខ្សែ​ក្រវាត់មាស នឹងទទួល​ទឹកប្រាក់​​​ប្រមាណជា​​​​៣​ម៉ឺន​​​ដុល្លារ​សហរដ្ឋ​អាមេរិក ទើប​​គេឃើញកីឡាករ​ទាំង​​៤​ប្រឹ​ងណាស់​ដើម្បីមុខ​មាត់ខ្លួនផង និង​​ដើម្បី​​​​​​​​​​​បាន​លុយ​​ត្រលប់មកវិញ​​ផង។ ​កីឡាករ​​​មឿន សុខ​ហ៊ុន ថ្លែង​ប្រាប់​មុនចេញទៅ​ប្រកួត​​ថា​​​​​​​បើ​ប្រកួត​ចាញ់​​​កីឡាករទាំងអស់​នឹង​បានតែ​តម្លៃ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែលោកមិនបានដឹង​ថា​​​​​​តម្លៃខ្លួនសម្រាប់​អ្នកមិន​បានខ្សែ​ក្រវាត់មាស នឹង​​​​​​​បានកម្រិតណា​នោះទេ។

យ៉ាងណាមិញ លោកថា​​បើ​ប្រកួត​ឈ្នះ​នឹង​​​​ទឹកប្រាក់ច្រើន ទើប​​​​​​លោក​​​​ប្រឹង​ប្រែង​ហ្វឹកហាត់ណាស់​​​​​មុន​ពេល​​​​មានឈ្មោះ​​​​​ឡើង​យន្ត​​​ហោះ​ចេញ​ទៅ​ប្រកួត។ ការ​ប្រកួតដែល​បានធ្វើឡើង​នោះ ​កីឡាករកម្ពុជាដែលជា​ម្ចាស់ខ្សែ​ក្រវាត់ប្រាក់​មួយ ​មាន​​ឱកាស​វាយត្រូវ​គូប្រកួត​ច្រើន​ក្នុងទឹកទី​១ ប៉ុន្តែ​ក្នុងទឹកទី​​២ ​និង​ទី​​៣​ ចាញ់​កម្លាំងកីឡាករ​​បារាំង​ទើប​គេឃើញ​​​​​អ្នកទស្សនា​​​​តាម​​ការ​បន្ត​ផ្ទាល់នៅ​លើ​កញ្ចក់ទូរទស្សន៍​លេខ​​៨ថៃ​ ​​​បានដឹង​តាំង​ពីមុន​​​​ប្រកាសលទ្ធផលថា​​កីឡាករ​កម្ពុជា​​​ចាញ់​ពិន្ទុ។

យ៉ាងណាមិញ ក៏​ចាត់ទុកថា​ជា​មុខ​មាត់ផងដែរ ដោយសារតែ​ការប្រកួត​នោះ​​​​ត្រូវ​បានធ្វើឡើងនៅ​ក្នុង​ប្រទេសថៃ​​​តែមិនមានកីឡាករ​ថៃ​​​​ក្នុងចំណោម​​៤​នាក់ ដែល​មាន​សិទ្ធិ​ឡើង​ប្រកួត​យក​ខ្សែ​ក្រវាត់មាស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ