តុលាការកំពូលលើកពេលសវនាការករណីសុំឲ្យមន្ដ្រីសិទ្ធិមនុស្សនៅក្រៅឃុំ

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

តុលាការកំពូលបានសម្រេចលើកពេលសវនាការ នៅព្រឹកនេះ ពាក់ព័ន្ធនឹងសំណើរបស់មេធាវីការពារក្ដី ដែលសុំឲ្យមន្ដ្រីសិទ្ធិមនុស្សអាដហុក និងមន្រ្តីគជបបាននៅក្រៅឃុំ។

បន្ទាប់ពីរងចាំអស់រយៈពេលជិត៣ម៉ោងនៅព្រឹកថ្ងៃចន្ទនេះ លោក ហួន ជុនឌី ជាមេធាវីការពារក្ដី បានប្រាប់អ្នកសារព័ត៌មានថា តុលាការកំពូលបានសម្រេចលើកពេលសវនាការទៅថ្ងៃទី៦មីនាឆ្នាំ២០១៧វិញ។ លោកបញ្ជាក់ថា ការខកខានសវនាការនៅព្រឹកនេះ គឺបណ្ដាលមកពីមានកំហុសឆ្គងបច្ចេកទេស ដោយថា មន្ដ្រីពន្ធនាគារមិនបានទទួលដីកាពីតុលាការ ដើម្បីនាំខ្លួនជនជាប់ចោទ ពីពន្ធនាគារព្រៃស មកកាន់តុលាការកំពូលឡើយ។ ​

លោកបន្ដថា​ ការលើកពេលសវនាការនេះ អាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កូនក្ដី ដែលថាគួរទទួលបានការជំនុំជម្រះក្ដីដោយឆាប់រហ័ស។

លោកថា៖ «រឿងហ្នឹង តុលាការគាត់ពន្យារពេលសវនាការវិញ ដោយសារមានបញ្ហារអាក់រអួលរឿងបញ្ជូនលិខិត ឲ្យដល់កូនក្ដីនៅពន្ធនាគារ។ វាអាចជាការប៉ះពាល់ដល់រយៈពេលសវនាការដែលឆាប់រហ័ស គឺវាអាចប៉ះពាល់ខ្លះ។ ការពន្យារពេលនេះ ក៏អាចជាឪកាសមួយសម្រាប់ឲ្យកូនក្ដីរបស់យើង មានឪកាសបង្ហាញហេតុផលរបស់គាត់នៅមុខតុលាការបានច្បាស់លាស់ដូចគ្នាដែរ»

លោក ហួន ជុនឌី ជាមេធាវីការពារក្ដី បានបន្ថែមថា ការពន្យារពេលនេះ ក៏មានផលប្រយោជន៍ខ្លះដែរ ដើម្បីឲ្យកូនក្ដីរបស់លោកបានត្រៀមខ្លួន មុនឡើងសវនាការ នៅពេលខាងមុខ។ ប៉ុន្តែ លោកអះអាងថា ការបន្ដឃុំខ្លួនបណ្ណោះអាសន្នលើមន្ដ្រីការពារសិទ្ធិមនុស្សជារឿងពុំត្រឹមត្រូវ ដែលគិតមកទល់ពេលនេះជិត១០ខែហើយ។

មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក៤នាក់ មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវតុលាការសម្រេចឃុំខ្លួនបណ្តោះ​អាសន្ននៅ​ពន្ធនា​គារ​ព្រៃ​ស កាលពីដើ​មឆ្នាំ​២០១៦ ដោយចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី» ទាក់ទិន​សំណុំ​រឿងដ៏​ចម្រោ​ង​ច​​ម្រាស់មួយ ​សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅ “ស្រីមុំ” ដែលត្រូវគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា។

កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែកុម្ភៈ បណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដី ក៏ត្រូវបានច្រានចោលដោយសាលាឧទ្ធរណ៍ជាលើកទី៤ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ