ព័ត៌មានថ្មីបំផុត៖ អាមេរិកសម្រេចផ្អាកជំនួយជាច្រើនមកកម្ពុជាជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ

ប្រធានាធិបតីអាមេរិក លោក ត្រាំ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ (រូបថតបណ្តាញសង្គម)

រដ្ឋាភិបាល​អាមេរិក បាន​សម្រេច​ផ្អាក​ជំនួយ​ជាច្រើន​ផ្ដល់​មក​កម្ពុជា ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ថ្មី​បំផុត​របស់​មហា​អំណាច​មួយ​នេះ ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​អាមេរិក​ហៅ​ថា ដំណើរ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ការ​បង្ក្រាប​លើ​បក្ស​ប្រឆាំង​ដ៏​ធំ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​សេតវិមាន​នៅ​ល្ងាច​ថ្ងៃ​នេះ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន បាន​​​ប្រកាស​ថា ខ្លួន​នឹង​ព្យួរ ឬ​បិទ​កម្មវិធី​ជំនួយ​យោធា កម្មវិធី​ជំនួយ USAID និង​មូលនិធិ​ជាច្រើន​ទៀត ប៉ុន្តែថា នឹង​បន្ត​ជួយ​​គម្រោង​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា។

សេតវិមាន​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ខ្លួន​ឈាន​ដល់​ការ​សម្រេច​បែប​នេះ ដំណើរ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាមេរិក​ថា ធ្វើ​ឲ្យ​ខ្លួន​មាន​ក្ដី​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ។

ក្រៅ​ពី​ថា លទ្ធិ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ហើយ​នោះ អាមេរិក​បាន​ហៅ​​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​​ពិត​ប្រាកដ​របស់​ប្រជាជន​កម្ពុជា​នោះ​ឡើយ។

អាមេរិក​បាន​សម្រេច​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​កម្ពុជា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧​កន្លង​មក​នេះ​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

បន្ទាប់​មក អាសនៈ​ជាប់​ឆ្នោត​ទាំង​អស់​របស់​បក្ស​ប្រឆាំង​មួយ​នេះ រាប់​ចាប់​តាំង​ពី​អាសនៈ​សភា​រហូត​ដល់​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​ ខណៈ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន​មក។

វិធានការ​ទាំង​ឡាយ​ទៅ​លើ​បក្ស​ប្រឆាំង​ដ៏​ធំ​នេះ ត្រូវ​បាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ថ្កោលទោស ដោយ​ថា កម្ពុជា​កំពុង​ដើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ប៉ុន្តែ ប្រទេស​ចិន​កុម្មុយនីស្ត​ បាន​គាំទ្រ​វិធានការ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង ដោយ​ចាត់​ទុក​ថា ជាការ​ការពារ​ស្ថេរភាព និងសន្តិភាព​​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ