បទយកការណ៍៖ កង្វះ​ខាត​ការ​បណ្ដុះ​បណ្ដាល កសិករ​ជ្រើស​រើស​វិធី​ប្រើ​ប្រាស់​ថ្នាំ​គីមី​ដោយ​ខ្លួន​ឯង

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 11:25 AM | បទយកការណ៍ | 0 | 797

«យើងពិសោធខ្លួនយើង ពិសោធន៍ថា ដូចឥឡូវខ្ញុំដាក់ ៣០សេសេ អញ្ចឹងបន្លែយើងវារៀងអន់ ឆេះត្រួយ អូអាហ្នឹងប្រតិកម្មថ្នាំហើយ»។

នេះជាការរៀបរាប់របស់កសិករម្នាក់រស់នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពីការប្រើប្រាស់ថ្នាំពុល លើបន្លែ។ លោក ថា ចាន់ធឿន អាយុ ៣១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា លោកប្រើប្រាស់ថ្នាំគីមី​សម្រាប់សម្លាប់សត្វល្អិតទៅ​លើ​ដំណាំ​ម្រះចំនួន ២៥​ឆ្នាំមកហើយ ប៉ុន្តែ លោក​ថា លោក​រៀន​ប្រើ​ថ្នាំ​គីមី​នេះ​ដោយ​ខ្លួន​ឯង និង​ចេះ​តៗ​គ្នា។

លោកថា៖ «យើងពិសោធខ្លួនយើង ពិសោធន៍ថា ដូចឥឡូវខ្ញុំដាក់ ៣០​សេៗ អញ្ចឹងបន្លែយើងវារៀងអន់ឆេះត្រួយអូ អាហ្នឹង ប្រតិកម្ម​ថ្នាំហើយ សារក្រោយយើងដាក់ត្រឹម ១៥ ទៅ ២០សេសេ ហើយសត្វល្អិតវាងាប់អត់​ បើវាងាប់ គុណភាពវាអាចបាន ត្រឹមប៉ុណ្ណឹង។ ទឹក ២៥​លីតហ្នឹង បើយើងបាញ់លើសដូចថា ​៣០​សេសេ ​ដាក់ទឹក ២៥​លីត អាចវាធ្វើទុកត្រួយ សារក្រោយយើងថយវិញ ថយគុណភាពថ្នាំវិញ»។

បុរសរាងស្គរ​សម្បុរខ្មៅរូបនេះនិយាយថា ថ្នាំពុលដែលទិញយកមកប្រើរាល់ថ្ងៃនេះ លោកមិនសូវចាំឈ្មោះទេ គឺគ្រាន់តែដឹងថា ថ្នាំនោះសម្រាប់សម្លាប់សត្វល្អិតដែលបំផ្លាញបន្លែ​ម្រះ​របស់​គាត់​តែ​ប៉ុណ្ណោះ។

ភ្នែកក្រឡេកទៅមើលម្រះ និងសំបក​ថ្នាំដែលចោលនៅជាប់នឹងខ្ទម លោក ចាន់ធឿន រៀបរាប់ថា កន្លងមក លោកបានពុលថ្នាំ ដោយសារ​ពេលដែលលោកបាញ់ថ្នាំសម្លាប់សត្វល្អិតលើបន្លែ មិនប្រើសម្ភារការពារ។

លោកថា៖ «បើយើងប្រើ​ឲ្យគ្រប់គ្រាន់​ ខ្លួនយើងមិនសូវប៉ះពាល់នោះទេ ប៉ះពាល់តែបន្លែទេ។ ដូចខ្ញុំនិយាយអញ្ចឹង មានអាវភ្លៀង មានស្រោមដៃ ស្រោមជើង វ៉ែនតាអីអញ្ចឹងទៅ អាហ្នឹងមិនប៉ះពាល់អ្វីទេ។ វាអត់ដូចដំណាំទេ ដំណាំវាត្រូវស្រោចពីលើវា។ ធ្វើទុក្ខ​យើង ពោះវាចាប់ផ្ដើមកូរ ឲ្យតែបាញ់ថ្នាំហើយ យប់ហឹ្នងចាប់ផ្ដើមធ្វើទុក្ខ យើងកូរពោះហើយ ចង់ផ្ដាយសាយ អាហ្នឹងយើងចង់ពុល»។

កំពុងអង្គុយក្រោមដើមចេកនៅម៉ោង ២​រសៀល អ្នកស្រី យឿន ឆាំ អាយុ ៥៦​ឆ្នាំ រៀបរាប់ប្រាប់អ្នកសារព័ត៌មាន ខណៈដែលអ្នកស្រីទើបទិញ​ថ្នាំមកពីផ្សារដើម្បីបាញ់សម្លាប់សត្វល្អិតថា អ្នកស្រីប្រើប្រាស់ពុលលើបន្លែ ៣០​ឆ្នាំហើយ។ មិន​ខុសពី​កសិករ​ដាំ​ម្រះ​នោះ​ឡើយ កសិករ​ដាំ​បន្លែ​ត្រសក់​រូប​នេះ បាន​ប្រាប់​ថា គាត់​បាន​ប្រើ​ប្រាស់​ថ្នាំ​គីមី​តាម​រយៈ​ការ​ស្វែង​យល់​ដោយ​ខ្លួន​ឯង និង​មិន​បាន​ដឹង​អំពី​របៀប​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​នោះ​ឡើយ។

អ្នកស្រី៖ «ថ្នាំសត្វល្អិត យើងដាក់តែវាទៅ ដង្កូវតែវាទៅ មួយគំរបទឹកមួយប៉ោតយើងហ្នឹង អាប៉ោតធម្មតាយើងហ្នឹង អាប៉ោតចាស់ៗពីដើមរែកទឹកហ្នឹង មួយគំរមគេដាក់មួយអាហ្នឹងទៅ។ អាហ្នឹងមួយមុខមួយកញ្ជក់ៗយើងហ្នឹង។ ឧបមាថា ​នៅក្នុងចម្ការហ្នឹង វាមាន ៣​ប្រភេទ ដាក់ ៣ប្រភេទអញ្ចឹងមក ​ហ្នឹងហើយលាយចូលគ្នា​តាំងពីថ្នាំជំនួយ​មួយមុខទៅ ថ្នាំស្រមើមួយមុខទៅ ដង្កូវ​មួយមុខទៅ ហើយជីក្នុង ៣០​អា យើងដាក់ ១​បាវ ទៅ ២​បាវ ដាក់ជីគីមីហ្នឹង»។

សម្បុរខ្មៅ​រាងធាត់ កសិករ​រូបនេះនិយាយថា ថ្នាំពុលដែលកសិករប្រើសម្រាប់សម្លាប់សត្វ​ល្អិត​លើបន្លែភាគច្រើនជាថ្នាំ​យកមក​ពីប្រទេសវៀតណាម ថៃ ចិន កូរ៉េ។

កំពុងដើរមើលបន្លែកសិករម្នាក់ទៀត អ៊ុន ម៉ុន បាន​រៀបរាប់ថា គាត់ និង​កសិករ​ដទៃ​ទៀត បាន​រៀន​ប្រាស់​ប្រាស់​ថ្នាំ​គីមី​ពុល​ដោយ​ខ្លួន​ឯង ដោយ​មិន​មាន​អ្នក​ជំនាញ​ផ្នែក​ថ្នាំ​គីមី​ចុះ​ទៅ​បណ្ដុះ​បណ្ដាល​ពួកគាត់​នោះ​ឡើយ។

សម្លឹងមើលសំបកកំប៉ុងថ្នាំ និងបេជីដែលចោលនៅជាប់របងជិតកន្លែងដាំបន្លែ កសិករ​រូប​នេះ​ប្រាប់​ថា​ គាត់​បារម្ភពីសុខភាពរបស់គាត់ បន្ទាប់​ពី​គាត់​បាន​ប្រើប្រាស់ជី និងថ្នាំពុលនេះអស់រយៈ​ពេល ៣០​ឆ្នាំ​ហើយមក ទាំងមិនបានសិក្សាពីរៀបប្រើ​ប្រាស់​នោះ​ឡើយ។

លោកថា៖ «ខ្ញុំមិនដែលឭផង គ្មាន​អ្នកណាមកចុះបង្រៀនផង ចង់មានដែរ ចង់ឲ្យគេ​ចុះមកបង្រៀនដែរ​ ប៉ុន្តែ មិនឃើញអ្នកណាចុះមកផង»។

អនុភូមិព្រែកត្រែង លោក បែន ជា បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​តែ ១០​គ្រួសារ​ប៉ុណ្ណោះ​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​នៅ​ក្នុង​ភូមិ​របស់​គាត់ ដែល​បាន​ប្រកប​របរ​ដាំ​បន្លែ​ច្រើន​ជាង​គេ ដោយ​កសិករ​ទាំង​នោះ នាំ​បន្លែ​ទៅ​លក់​នៅ​លើ​ទីផ្សារ​បាន​ចន្លោះ​ពី ៣ ទៅ ៤​តោន​ក្នុង​មួយ​គ្រួសារ។

ប៉ុន្តែ លោក​សារភាព​ថា លោក​មិន​បាន​ដឹង​ថា តើ​ថ្នាំ​គីមី​អ្វី​ខ្លះ ត្រូវ​បាន​កសិករ​ទិញ​យក​ទៅ​ប្រើ​ប្រាស់​នោះ​ឡើយ ហើយ​ក្រុម​កសិករ​បាន​ប្រើ​ប្រាស់​ថ្នាំ និង​ជី​គីមី​តាម​របៀប​ចេះ​តៗ​គ្នា។

លោកថា៖ «អត់មាន គាត់ធ្វើតែខ្លួនគាត់ ដូចថា ចំណេះដឹងគាត់រៀនពិសោធន៍ពីគ្នា គាត់ពិសោធន៍ពីគ្នាទៅវិញទៅមក ធ្វើម៉េច បានផល​ច្រើនគ្នាទៅ អត់មានអ្នកណាមកបណ្ដុះបណ្ដាល មិនដែលមានទេ ហើយគាត់បាញ់តែខ្លួនគាត់ ថ្នាំទីផ្សារ អាថ្នាំគីមីហ្នឹង យកមកបាញ់ទៅ»។

លោកបន្តថា កន្លងមក​អាជ្ញាធរបានស្នើទៅខាងមន្ទីរកសិកម្មឲ្យចាត់អ្នកជំនាញមកបង្រៀន​កសិករពីររបៀបប្រើប្រាស់ថ្នាំ​ពុលលើបន្លែ​ដែរ  ប៉ុន្តែ រហូត​មក​ដល់បច្ចុប្បន្ន​នេះ មិន​មាន​អ្នកជំនាញណាចុះទៅ​បង្រៀន​ប្រជាកសិករ​នោះទេ។

នាយកប្រតិបត្តិអង្គការសេដាកដែលធ្វើការផ្តោតលើកសិកម្ម លោក​ សម វិទូ បាន​មើល​ឃើញ​ជា​ទូទៅ​ថា ប្រជា​កសិករ​ភាគ​ច្រើន​សុទ្ធ​តែ​រៀន​ប្រើ​ប្រាស់​ថ្នាំ​ និង​ជី​គីមី​ដោយ​ខ្លួន​ឯង ឬ​ចេះ​តៗ​គ្នា ប៉ុន្តែ មិន​មាន​អ្នក​ជំនាញ​ផ្នែក​ថ្នាំ​ជីគីមី​កសិកម្ម​ចុះ​ទៅ​បង្រៀន​ដល់​ប្រជា​កសិករ​នោះ​ឡើយ។

វិធី​ប្រើ​ប្រាស់​ថ្នាំ​ និង​ជី​គីមី​កសិកម្ម​បែប​នេះ លោក វិទូ ថា វា​នឹង​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​កសិករ​ខ្លួន​ឯង​ដោយ​ផ្ទាល់ ហើយ​ក៏​ប៉ះ​ពាល់​ដល់​អ្នក​បរិភោគ​បន្លែ​ផង​ដែរ​។

ជាង​នេះទៅ​ទៀត លោក វិទូ អះ​អាង​ថា កង្វះ​ដំណេះ​ដឹង​អំពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​ជីគីមី​កសិកម្ម​បែប​នេះ ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ផង​ដែរ។

លោកថា៖ «ផលប៉ះពាល់ដល់គាត់នោះ គឺអាចរយៈពេលវែង និងរយៈពេលខ្លី។ រយៈពេលខ្លីនេះ វាអាចពុលភ្លាមៗ ពុលរហូតដល់ក្អូត វិលមុខ ឬក៏រាគរូសអីអញ្ចឹងទៅ ហើយខ្លាំងបំផុតអាចរហូតដល់ស្លាប់។ ពុលរាំរៃអាហ្នឹង គាត់អត់ដឹងថាពុលទេ។ បន្ទាប់ពីបាញ់ថ្នាំហើយ រៀងហត់អស់កម្លាំង អញ្ចឹងគាត់​ហូប​ស្ករអីថែមទៅ មានកម្លាំងឡើងវិញបាញ់តទៀត។ ពេលជួបបញ្ហា ហ្នឹងយូរៗទៅ វាអាចប៉ះពាល់ទៅដល់គ្រឿងក្នុង ប៉ះពាល់ដំបូងបំផុត យើងមើលស្បែកគាត់ឡើងគ្រើម អាចជ្រុះក្រចកដៃ អាចក្រិនថ្លើម និងប៉ះពាល់ដល់សួត»។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹង​កាល​ពីឆ្នាំមុន​​ថា កម្ពុជាបាន​ចំណាយ​ថវិកា​ជាង ២០០លានដុល្លារអាមេរិក សម្រាប់នាំ​ចូល​បន្លែពីបរទេស ដើម្បីយកមក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដោយ​​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម។​

បើតាមរបាយការណ៍អង្គការ USAID របស់អាមេរិក បានបង្ហាញថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុង​ប្រកបរបរកសិកម្ម ប៉ុន្តែ កសិករ​អាចដាំបន្លែបានតែ ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ។

ក្រុមកសិករស្នើទៅរដ្ឋាភិបាលឲ្យចាត់អ្នកជំនាញផ្នែកកសិកម្មចុះទៅបង្រៀនពួកគេ ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំលើបន្លែ ដោយ​សារ ​បច្ចុប្បន្ននេះ ពួកគេប្រើថ្នាំពុលលើបន្លែ គឺចេះតៗគ្នា។

«ចង់ឲ្យគេមកបង្រៀនតើ ហើយសប្បាយចិត្តទៀត ព្រោះគេមកប្រាប់ឲ្យយើងចេះប្រើប្រាស់ថ្នាំ យើងប្រើទៅអត់ខូច អត់ខូច ដំណាំយើងហើយ វាអត់ខូចសុខភាពយើងទៀត យើងអ្នកហូបក៏អត់ខូចសុខភាពដែរ»៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required