លោក ហ៊ុន សែន ថាចង់ឃើញការបោះឆ្នោតខាងមុខសេរីនិងយុត្តិធម៌

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

ខណៈមានការរិះគន់ជាបន្តបន្ទាប់ថា យន្តការប្រជាធិបតេយ្យនៅកម្ពុជា កំពុងដើរថយក្រោយយ៉ា​ងគំហុកមកនោះ លោ​​​ក​នា​យ​ក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកចង់ឃើញការបោះឆ្នោតខាងមុខ ដោយសរីនិងយុត្តិធម៌។

ក្នុងពីធីសម្ពោធសាលារៀន នៅខេត្តក្រចេះ នាថ្ងៃទី២៧ខែមីនានេះ លោក ហ៊ុន សែន ថ្លែងថា អាជ្ញាធ​រត្រូវ​ធានាពីសន្តិសុខជូនពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រហូតដល់ក្រោយថ្ងៃបោះឆ្នោត។

លោក ​ហ៊ុន សែន ក៏បានអំពាវនាវលាយឡំនិងការព្រមានថា ដើម្បីធានាដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត លោ​កថា គណបក្សនយោបាយទាំងអស់ត្រូវប្រកួតប្រជែងគ្នា តាមរយៈគោលនយោបាយតែរៀងខ្លួនៗ ជាងប្រើពា​ក្យជេរ​​ប្រ​មា​​ថ ទៅ​លើគណបក្សដទៃ នាំឲ្យប្រឈមនឹងការចាត់វិធានការពីតុលាការ។

លោកថា៖ «ធ្វើយ៉ាងណាឲ្យបរិយាកាស ទាំងការចូលឆ្នាំ សប្បាយរីករាយ និងការបោះឆ្នោត ប្រព្រឹ​ត្ត​ទៅ​ដោ​យស​ន្តិភា​ព ​សន្តិ​សុ​ខ ដោយសេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង»។

នៅពេលថ្មីៗនេះ សហ​គមន៍​ជាតិនិងអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់ បង្ហាញការព្រួយបារម្ភ​ពីភាព​ស្រ​ប​ច្បាប់នៃ​ការ​បោះ​​​​​ឆ្នោតខាងមុខ ខណៈបក្សកាន់អំណាចកែច្បាប់ស្តីពីគណបក្សនយោបាយ និងថាចំណាត់ការ របស់តុលាការ ដែលបានចាប់ឃុំខ្លួន​សកម្មជន​បក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស មន្ត្រី គជប និងសកម្មជនដីធ្លីថាជា ការរឹតបន្តឹងសេរីភាពបញ្ចេញមតិ។

ការផ្ញើសារនយោបាយ របស់មេដឹកនាំបក្សកាន់អំណាចនៅថ្ងៃចន្ទនេះ ស្របគ្នានឹង​សារនយោ​បា​យ​ របស់មេ​ដឹកនាំប្រឆាំងដែលបានសរសេរនៅលើហ្វេសប៊ុកកាលថ្ងៃម្សិលមិញដែរ។

លោក កឹម សុខា បានសរសេរថា ដើម្បី​បានប្រ​យោជ​ន៍ទៅប្រជាពលរដ្ឋនិងប្រទេសជាតិ មានតែការប្រកួតគ្នា តាមគោលនយោបាយ និងមិនត្រូវ​ប្រើពា​ក្យ​អសុរោះ​ ដៀ​លត្មេះវាយប្រហារគ្នា បង្កការឈឺចាប់ដល់ភាគីម្ខាងទៀត នោះទេ។

លោកថា៖ «យើងប្រកួតគ្នាលើ “គោលនយោបាយនៃគណបក្សរៀងៗខ្លួន” ដើម្បីបានផល​ប្រយោជ​ន៍ទៅប្រ​​​​ជា​ពល​រដ្ឋ និងប្រទេសជាតិយើង។ យើងមិនត្រូវប្រកួតគ្នាលើពាក្យសម្ដី អសុរោះ ដៀល​ត្មះ វាយប្រ​ហារ ធ្វើទុក្ខ​បុកម្នេញបង្កការឈឺចាប់ឲ្យគ្នានោះឡើយ។ យើងទុកជូនប្រជាពលរដ្ឋខ្មែរ ដែលជា​ម្ចាស់ឆ្នោ​តជាអ្នក​សម្រេ​ចចុះ»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា NICFEC លោក សំ គន្ធាមី បានសាទរទៅ​នឹងកា​រលើកឡើងរបស់អ្នកនយោបាយទាំងពីរនេះ ដោយថា ការបោះឆ្នោតមួយ ដោយតម្លាភាព ត្រឹម​ត្រូវនិ​ង​យុត្តិធម៌គឺជាការចង់បានរបស់ សហគមន៍ជាតិនិងអន្តរជាតិ ដែលប្រកាន់គោ​លការណ៍​ប្រជា​ធិប​​​តេយ្យ។

ប៉ុន្តែអ្នកឃ្លាំមើលការបោះឆ្នោតរូបនោះ ជំរុញឲ្យរដ្ឋាភិបាល ដោះលែង សកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី ឲ្យមានសេរីភាព ដើម្បីឲ្យពួកគេបានចូលរួមក្នុងកិច្ចការសង្គមដូចមានចែងនៅក្នុងច្បាប់ និងថាដើ​ម្បី​ជា​​​​ភ​ស្តុតាងមួយទៀតបញ្ជាក់ថា រដ្ឋាភិបាលកំពុងស្វែងរកប្រជាប្រិយភាព តាមការប្រកួតប្រជែងមួយដោយតម្លាភាព ខណៈ​ការបោះ​ឆ្នោតជិ​តមកដល់។

លោកថា៖ «សកម្មជន[សិទ្ធិមនុស្ស]ដែលកំពុងជាជាប់ឃុំឃាំងហ្នឹងក្តី និងសកម្មជននយោបាយអីក៏ដោយ ដែលនេះ គាត់[រដ្ឋាភិបាល] គួរតែអន្តរាគមន៍ឲ្យពួកគាត់បាននៅក្រៅឃុំ ដើម្បីឲ្យពួកគាត់ហ្នឹងបានចូលរួមក្នុងវិស័យនយោបាយ ឲ្យបានគ្រប់ៗគ្នា។ អានឹងហើយការប្រកួតប្រជែងដោយយុត្តិធម៌»។

យ៉ាងណាក៏ដោយលោក ហ៊ុន សែន អះអាងថា ពលរដ្ឋនឹងនៅតែបោះឆ្នោតគាំទ្រគណបក្សប្រជជានជនកម្ពុជា បា​​នបន្តដឹកនាំប្រទេស ដែលលោកថាបានខិតខំប្រឹងប្រែងតម្លើងប្រាក់​ខែមន្ត្រី​រា​ជកា​រ លោកគ្រូ អ្នកគ្រូ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន ទឹកភ្លើង ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ