​​កែវ នីសា ​ប្រកាសសម្ដែង​តួ​ម្ដាយ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 9:00 AM | កំសាន្ដ | 0 | 6586 ​អ្នកនាង ​កែវ នីសា (វង្ស សុម៉ាលីន)

ខុស​ពីការ​ប៉ាន់ស្មាន ​ដែរថាតារា​សម្ដែង​​​ល្បី​ឈ្មោះ​អ្នកនាង ​កែវ នីសា នឹង​មិន​​​​ទទួលសម្ដែង​ជា​តួ​ម្ដាយឬ​ជា​តួ​វ័យ​​ចំណាស់​​​​​​​​​​ក្នុង​​ខ្សែ​រឿង​​​​​​​ តារា​ស្រី​រូប​នេះ​បានអះអាងថា ​អ្នកនាង​​​មិន​ដែល​ច្រាន​ចោល​​​​មិនសម្ដែង​ជា​តួ​ម្ដាយ​នោះទេ ដោយ​អ្នកនាង​​​​​ប្រកាស​​ស្វាគមន៍​សម្រាប់​ការ​អញ្ជើញ​​ជាតួ​បែប​នេះ​នោះ​ផង។

ជាមួយ​គ្នា​នោះ​ នាងបាន​បង្ហើប​ថា​ខ្លួន​បានសម្ងំ​​សម្ដែង​​ជា​តួ​​​​វ័យ​ជ្រេ​​​​​​មួយរឿង​រួចទៅ​ហើយ ​ដោយ​គ្រាន់តែ​រឿង​​ដែល​នាង​​បាន​សម្ដែងចប់​នោះ​​មិនទាន់​​នៅបាន​​​ដាក់​បញ្ចាំង។​ អ្នកនាង ​កែវ នីសា និយាយថា​​អ្នកនាង​​​បាន​ឮ​ជា​ច្រើន​​រួច​មក​ហើយ​ពី​ករណី​ដែល​បាន​ចោទ​ថា​ ​អ្នក​នាង​មានស្នេហា​ជាមួយ​អ្នក​នេះ​ជាមួយ​នោះ និង​ថា​​​នាង​​ប្រកាន់ខ្លួន​​មិន​​ទទួលសម្ដែងក្រៅពី​​តួ​វ័យ​ក្រមុំ និងនៅក្មេង​ជាដើម​។ ​​​

អ្នកនាង​ថា​​ការសម្ដែង​ត្រូវ​ចេះ​បត់បែន ​ហើយមិន​អាច​​ទាល់តែ​​តួ​ឯកឬ​​ជា​តួ​ក្មេង​​រហូត​​ទើបទទួល​​​​សម្ដែង​បានទេ​ដោយសារតែ​វ័យ​របស់​តារា​សម្ដែង​ម្នាក់ៗ​ក៏មិនអាច​សម្ដែងជា​តួ​ក្មេង​បាន​​រហូត​​​ក្នុង​រឿង​។

អ្នកនាង​ថា​​​​​​​​​សំខាន់​ គឺ​តួ​ដែល​តម្រូវអោយ​សម្ដែង​​​​អាច​រុញអោយ​អ្នកនាង​​​សម្ដែង​បានអស់ពី​សមត្ថភាព​និង​សមស្រប​​​​ចំពោះ​​​​​កេរ្តិ៍ឈ្មោះរបស់អ្នកនាង​​​ ឬ​អត់​​ប៉ុណ្ណោះ។ អ្នកនាង​និយាយថា​មិន​មែនទើបតែ​នេះ​​នោះទេ ដែល​នាង​ប្រកាន់ជំហរ​ទទួល​​​សម្ដែង​​​​​​ជា​តួ​ចំណាស់​ ឬ​តួ​វ័យជ្រេដោយមិនប្រកាន់ខ្លួនខុស​ពីការ​យល់ខុស ពោលគឺតាំង​ពី​អ្នកនាង​​នៅ​ក្មេងជាង​នេះ និង​​​​​មមាញឹកជាមួយ​នឹង​ការសម្ដែង​​​​កាលពីច្រើន​ឆ្នាំមុន​នោះ​ផង​។

​ប៉ុន្តែ​មក​ពីមិនធ្លាប់​មាន​ផលិតករ​ណា​ម្នាក់​​​ទាក់ទង​អោយ​អ្នកនាង​ទៅសម្ដែងជា​​តួ​វ័យ​​នោះទាល់តែ​​សោះ ទើប​​​​​​​​អ្នក​នាង​មិនដែល​បានបញ្ចេញ​​សមត្ថភាព​​​​​​​​​​ជា​តួ​​វ័យជ្រ ឬ​តួម្ដាយ ​នៅក្នុង​ភាពយន្ត។

​អ្នកនាង​ថា​​​​​​​ខ្លួន​​​​ចង់មានបទ​ពិសោធន៍​គ្រប់​តួ ហើយមិនមែនដោយសារតែ​ហេតុ​ផល​​មាន​​តារា​សម្ដែង​​ថ្មី​ៗ​រះ​ច្រើន ទើប​អ្នកនាង​ប្ដូរ​ជំហរ​​ទទួលសម្ដែង​ជា​តួម្ដាយឬ​ជា​តួវ័យជ្រេ​នោះទេ ​​​​​​​ដោយអ្នកនាង​ប្រកាស​ថាខ្លួន​ក៏​លែង​​ពឹង​ផ្អែកទាំងស្រុង​លើការ​សម្ដែង​ដូចមុន។

ជាក់ស្ដែង​រាល់ថ្ងៃ​ អ្នកនាង​ក៏នៅតែ​មាន​​ផលិតករ​រាប់មិនអស់ ទាក់ទង​អោយ​នាង​សម្ដែង​ជា​តួឯក​ជា​ហូរហែ​ដោយ​គ្រាន់តែ​អ្នកនាង​​​​​មិន​មានពេល​ទទួលទៅវិញ។ អ្នកនាងថា​ខ្លួន​នឹង​សាកល្បង​​សម្ដែងជាតួម្ដាយ​​​ក្នុងភាពយន្ត​ណាមួយ ​​​​​​​​​​​​​​​​​​​​ហើយអ្នកនាង​ក៏​​មិនខ្វល់រឿង​​ទទួលសម្ដែង​តួម្ដាយ ​ក៏ធ្លាក់កូដ​​ដោយ​មានផលិតករ​អោយសម្ដែង​​ជាតួ​​ចាស់​បែបហ្នឹង​រហូត​នោះ​ទេ។

អ្នកនាង​និយាយថា​ «​ខ្ញុំ​អត់​ដែល​បដិសេធ​​ថា​អត់សម្ដែងជា​​តួ​ម្ដាយ​​​​សោះ ​សំខាន់​​​​គឺ​អត់មាន​ផលិតករ​ណា​ហៅ​អោយសម្ដែង ទើប​អត់ដឹង​សម្ដែង​យ៉ាងម៉េច​​​!»។

អ្នកនាង​ថា​​ខ្លួន​​​​​​​​​បានទទួលសម្ដែងរួច​​ហើយក្នុងភាពយន្ត​​មួយរបស់ទូរទស្សន៍​បាយ័ន​​​​​​ដោយអ្នកនាង​សម្ដែង​ជា​តួ​​មេម៉ាយ​​​​​​​ និងមានវ័យកណ្ដាល។

អ្នកនាងថា​​ខ្សែ​រឿងដែល​អ្នកនាង​បានសម្ដែង​ទើប​ចប់ថ្មី​​ៗ​នោះ ​​គឺអ្នកនាង​​អត់​បាន​សម្ដែង​ជាតួ​​​ស្រីដែល​​​មាន​អាយុ​​​វ័យក្មេង​ដូច​​រឿង​មុនៗ​​នោះទេ ​​​ហើយក៏ចាត់ទុកថា​ជា​លើកទី​​១​ផងដែរ ដែលនាង​បានសម្ដែង​​ជា​តួ​​​វ័យ​ជ្រេ ​​​បើទោះជា​​​តំណែង​របស់​នាង​នៅតែ​ជា​តួឯក។

នាង​និយាយ​ថា​ «​ខ្ញុំ​​​ពេញចិត្ត​សម្ដែងគ្រប់​​តួ អត់ដែល​ថា​ប្រកែកទេ ជាក់ស្ដែង​មុន​នេះ​បន្តិច​​ខ្ញុំ​បានសម្ដែង​​រឿង​ភាគ​ថ្មី​​អោយ​​បាយ័ន គឺ​សម្ដែង​ជា​​​នារី​មេម៉ាយ​​វ័យ​​ចំណាស់ ​ហើយ​​មានប្រុស​ក្មេង​តាមស្រឡាញ់​​!»។

​​អ្នកនាង​​​​​​​​ កែវ នីសា ​បន្ត​​ថា​​អ្នកនាង​មិនទាន់មានស្នេហា​​ដូច​អ្វីដែល​បាន​​​លើកឡើង​នោះទេ សូម្បីតែ​​​​​​​​ពាក់ព័ន្ធ​នឹង​​​​​តារា​សម្ដែង​លោក​ លឹម ជា​ឡាយ ​​ដែល​សារព័ត៌មាន​​ចុះ​ផ្សាយ​នោះ ​ក៏មិនមាន​​នោះដែរ។ អ្នកនាងថា​​​ខ្លួនមិនខ្វះ​អ្នកស្រឡាញ់​​នោះទេ ប៉ុន្តែ​បណ្ដាល​មកពី​នាង​​​​​​​​​​មិនចង់​ខ្វល់​ខ្វាយ​ពី​រឿង​នេះ ហើយក៏​ចង់ទុកពេល​​​​​​​​​​​​ជាមួយ​អាជីវកម្ម​​​មួយរយៈសិន។

អ្នកមេម៉ាយ​​រូប​នេះ​បន្ត​ថា​ ​អ្នកនាង​​មមាញឹក​​​កាន់តែ​ច្រើន ជា​មួយ​នឹងអាជីវកម្ម​​​​​​​​​លក់​​ផលិតផល​​ថែរក្សាសម្រស់​​​នៅ​លើ​អនឡាញ ដោយ​អ្នកនាង​បញ្ជាក់ថា​​​​​​​​​ជា​​រឿយៗ​​ត្រូវ​​​ឡើង​ចុះ​យក​ឥវ៉ាន់​​​នៅ​ក្នុង​ប្រទេស​ថៃ និង​​​​​​កូរ៉េ​​​ជា​ញឹកញាប់។

​​​​​​​​​កែវ នីសា​ ​បន្ត​ថា​​​​​​​​អ្នកនាង​​​​ដ្បិតថា​​​​ជាពិធីការិនី​​​​របស់​ទូរទស្សន៍​​ CTN ប៉ុន្តែ​​​កញ្ញា​មានសិទ្ធិ​ថត​រឿង​អោយ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ផ្សេង​​​ ​អ៊ីចឹង​ហើយ​ទើប​នាង​បានទទួល​សម្ដែង​ជា​តួឯកក្នុង​រឿង​​ថ្មីរបស់​​ប៉ុស្ដិ៍​បាយ័ន។ យ៉ាងណាមិញ អ្នកនាង​ថា​​នឹង​​ត្រៀម​សម្ដែង​រឿង​ថ្មីរបស់​​​​ CTN ផង​ដែរ ​​​​ដោយខ្សែរឿង​នោះ​នឹង​​​​ប្រកាស​ចេញ​ថត​នៅពេលខាង​មុខ។

អ្នកនាង​ក៏​​ប្រកាស​​​​​មិន​​ទទួល​ធ្វើ​កម្មវិធី​​ថ្មី​នៅ​​ក្នុង​​ស្ថាប័ន​មួយ​នេះ​ផងដែរ ​ដោយសារតែ​នាង​ចង់​ទុក​ពេល​​​​ទទួលរឿង​ថ្មី​​​នៅ​​​ CTN និង​ចង់ទុកពេល​​​​​​​​​​​​​ធ្វើអាជីវម្ម​នៅ​​លើ​អនឡាញ​​​​​អោយជោគជ័យសិន៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required