ទស្សនៈចំពោះការ​​ប្តូរទីតាំងសាលា​រចនា

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​​(រូបភាព​ពី​បណ្តាញ​សង្គម)

មានមតិផ្សេងៗគ្នាចំពោះគម្រោងផ្លាស់ប្តូរទីតាំងសាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ឬ​ហៅ​ថា សាលា​រចនា ទៅ​សង្កាត់​ជ្រោយចង្វារ ដើម្បី​ពង្រីក​ទីតាំង​សារៈ​មន្ទីរ​ជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក ថៃ នរៈសត្យា កាលពីម្សិលមិញ បាន​ទទួល​ស្គាល់​អំពី​ផែនការ​ផ្លាស់​ប្ដូរ​ទីតាំង​នៃ​សាលា​រចនា​នេះ ដោយ​ថា ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​សារមន្ទីរ​ជាតិ។ លោក​បញ្ជាក់​ថា “នៅ​កន្លែង​ចាស់នេះ កន្លែង​តូច​មួយ​ហ្នឹង ​គឺ​មាន​ឈ្មោះ​ថា​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ហ្នឹង​មាន​មហាវិទ្យា​ល័យ​នៅ​ក្រោម​វា​ដល់​ទៅ ៥ អី​ចឹង​វា​ចង្អៀត​ណាស់​។ ជាគោលការគ្រឹះរបស់រដ្ឋាពិបាល របស់ក្រសួង គឺយើងចង់ធ្វើម៉េចឲ្យមានសភាពល្អប្រសើរជាងនេះ”​។​

បើ​តាមលោក ថៃ នរៈសត្យា ​សាលា​រចនា​ថ្មី ត្រូវ​គ្រោង​​សង់​ឡើង​នៅ​លើ​ដី​ទំហំ៤​ហិច​តា ​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ជាមួយ​ការ​​ចំណាយ​ទឹក​​ប្រាក់​ប្រហែល១២​លាន​ដុល្លា​។

នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឺមអេង គាំទ្រចំពោះការផ្លាស់ប្តូទីតាំងសាលារចនាដើម្បីផលប្រយោជន៍ជាតិ ប៉ុន្តែគួររក្សាអត្តសញ្ញាណផ្នែកណាមួយដើម្បីឲ្យអ្នកជំនាន់ក្រោយដឹងថាជាសាលារចនាផង។ លោកបន្ថែមថា «យើងអាចអភរក្សនៅផ្នែកណាមួយដើម្បីឲ្យសម្គាល់ថាជាសលារចនា ហើយអាចឲ្យមានជាសកម្មភាពអ្នកហាត់ការរយៈពេលខ្លី ទុកនៅមួយបន្ទប់ មួយកន្លែងណាមួយ ច្រកណាមួយក៏ជាការប្រសើរដែរបាទ! ដើម្បីសំគាល់ថាជាសាលារចនាពីមុន»។

ចំណែកប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច មិនគាំទ្រនិងការផ្លាស់ប្តូរទីតាំងសាលាទេ តែចង់ឲ្យមានការជួសជុលវិញ និងសង់បន្ថែមនៅកន្លែងផ្សេង៖ «ខ្ញុំចង់ឲ្យមានការអភិរក្ស ជួសជុលបន្ថែម ធ្វើឲ្យល្អទុកជាស្នាដៃ ទុកជាកេរ្តិ៍មរតករបស់អង្គមហាក្សត្រជំនាន់មុនដែលព្រះអង្គបានកសាង។ ខ្ញុំដឹងថាសាលាវិចិត្រសិល្បៈមានអាយុកាល១០០ឆ្នាំហើយ ហើយគួរតែថែរក្សាទៅ រីឯសារៈមន្ទីដូចជាមិនដល់ថ្នាក់ទទួលភ្ញៀវជាតិ អន្តរជាតិមិនគ្រប់មិនគ្រាន់នោះទេ»។

លោក ម៉ក់ រ៉េមីសា ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញថតរូប លោកក៏ជាអតីតសិស្សជំនាក់ទី៤ ធ្លាប់ស្នាក់នៅសាលារចនារយៈពេល១០ឆ្នាំ ហើយទើបតែបានចូលរួមខួប១០០ឆ្នាំសាលារចនាដែលប្រារព្ធកាលពីសប្តាហ៍មុន លោកបានលើកពីបទពិសោធន៍ជាច្រើនទាក់ទងនឹងការសិក្សាកន្លងមកនៅសាលារចនា និងនិយាយពីស្នាដៃសិល្បៈដែលគេទុកចោលនៅខាងក្រោមអាគារសារៈមន្ទីមិនបានតាំងបង្ហាញ។ លោកគាំទ្រចំពោះការផ្លាស់ប្តូរសាលា ព្រោះទីណាក៏នៅតែខ្មែរដែរ គ្រាន់តែលោកបារម្ភថាខ្លាចការដោះដូរនេះខុសពីអ្វីដែលមានការអះអាងប្រាប់មហាជន។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ដំបូងមានឈ្មោះជាសាលាភូមិន្ទសិល្បៈ ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៨ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥។ សាលានេះមានជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុបតែងលំអ វិចិត្រកម្ម និងចំលាក់។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ សាកលវិទ្យាល័យត្រូវបានពួកខ្មែរក្រហមបង្ខំអោយបិទទ្វារលែងដំណើរការ។ ប៉ុន្តែនៅឆ្នាំ១៩៨០ សាកលវិចិត្រសិល្បៈ បានបើកទ្វារឡើងវិញដោយមានបង្រៀនមុខវិជ្ជា សិល្បៈសូន្យរូប សៀក របាំ ភ្លេង និងល្ខោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ