វិភាគ៖ តើអ្វីជាគន្លឹះរក្សាសន្តិភាពឲ្យបានយូអង្វែង?

បំបួសកុលបុត្រខ្មែរជាង៥០០អង្គ/នាក់នៅសៀមរាប ក្នុងថ្ងៃបុណ្យវិសាខបូជា នៅអង្គរវត្ត

បើទោះបីជម្ឍដ្ឋានជាតិ និងអន្តរជាតិ ព្រួយបារម្ភថា របត់នយោបាយពេលនេះ បានដើរដល់ចំនុចបែកបាក់ជាតិ និ​ងគំ​រាមដល់​សន្តិ​ភា​ពក៏ដោយ ប៉ុន្តែរដ្ឋាភិបាល បានការពារថា ​ចំ​ណា​​ត់​​កា​ររបស់ខ្លួន ជារនាំ​ងកា​​រពា​រ​សន្តិភាព ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជាញឹកញាប់ បានផ្ញើសារនយោបាយ ទៅប្រទេសលោកសេរី ពិសេសសហ​រដ្ឋអាមេ​រិក កុំឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ខណៈតុលាការបានរំលាយបក្សប្រឆាំងដ៏មួយមុនការបោះឆ្នោតមកដល់។

លោក ហ៊ុន សែន បានអះអាងថា កម្ពុជាមានអធិបតេយ្យភាព ដែលការពារដោយរដ្ឋធម្មនុញ្ញ មិន​អា​ចឲ្យប​រទេ​ស ​ឬមហាអំ​​ណា​ចណា​ជ្រែតជ្រែកដែនអធិបតេយ្យភាពរបស់ខ្លួនបានឡើយ។

រដ្ឋធ្ម​នុញ្ញមាត្រា១ចែងថា«ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រិត អចិន្ទ្រៃ​យ៍មិ​នចូ​ល​បក្ស​ស​ម្ព័ន្ធ»

មិនតែប៉ុណ្តោះ លោក ហ៊ុន សែន ពេលចុះជួបកម្មករកាលពីខែមុន បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ត្រូវហ៊ានក្រោក​ឈរឡើង ប្រឆាំង​នឹ​ង​ប​​រ​ទេសឈ្លានពាន ដែលលោកថា ដើម្បីការពារសន្តិភាពដែលកម្ពុជារកបានដោយកម្រ ។

ប៉ុន្តែ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រងការរិះគន់ និងរងសម្ពាធពីបរទេស បន្ទាប់ពីរបបដឹកនាំមួយនេះ បានរំលាយគណ​បក្ស​សង្គ្រោះ​ជាតិ ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម ​សុខា គំរាមដល់សកម្ម​​ភាពអ្នកឃ្លាំមើ​លកា​​របោះ​​​​ឆ្នោ​ត​ និងសិ​ទ្ធិម​នុ​ស្ស មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦មកដល់។

ករណីនេះ ជំរុញឲ្យសហរដ្ឋអាមេរិក និងសភាពអឺរ៉ុប នាំមុខគេប្រកាសផ្តាច់ជំនួយដល់ គ.ជ.ប និងគំរាមដាក់​ទណ្ឌកម្ម​សេដ្ឋ​​កិច្ច​ បើរដ្ឋាភិបាលកម្ពុជា មិនស្តាប្រជាធិបតេយ្យឡើងវិញនោះ។

ជាការកត់សម្គាល់មួយទៀត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ស្រី រ៉ូណាស្មីត បានវាយតម្លៃថា ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​ឈាន​ដល់​ការ​រឹតត្បិត​បំផុត ពិសេសសំ​ឡេងប្រ​ឆាំង។ លោកស្រីថា ចំណាត់ការរបស់រដ្ឋាភិបាលនេះ ​​គំរាម​កំហែង​ដល់​ស្ថេរភាព ​ ដែល​រដ្ឋាភិបាល​ និង​ប្រជា​ជន​បាន​​​ខិត​ខំ​​កសាង​ឡើង​ដោយ​លំ​បាក។

តំណាងអង្គការសហប្រជាជាតិរូបនេះ  ជំរុញទៅ ​រដ្ឋាភិបាល ​ឲ្យ​ងាក​មក​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ដើម្បី​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ និ​​ង​ស​ន្តិ​ភាព​ពិតប្រាកដ។   តើអ្វីជាគន្លឹះរក្សាសន្តិភាពបានយូអង្វែង ?

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ លើកឡើងថា ប្រទេសមួយ អាចថែរក្សាស​ន្តិភាព ឲ្យនៅគង់វ​ង្សបាន គេ​​មិន​ត្រូវ​សំអា​ងតែលើ គ្មានសង្គ្រាមផ្ទៃក្នុងកើតឡើងនោះទេ។ លោកថា គេត្រូវធ្វើឲ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មានជី​វ​ភាព​ធូធា មា​នសេ​រីភាព ពេញលេញ គ្មានការគំរាមកំហែងផ្នែកនយោបាយ ជាដើម។

លោក ហង្ស វិទូ វិភាគទៀតថា បើសង្គមមួយផ្តល់ឱកាសមានបាន តែមនុស្សមួយក្រុម ហើយមនុ​ស្សមួ​យ​ក្រុ​មទៀត ចេះតែបន្តរ​ង​​គ្រោះរហូត​​ លោកថា សន្តិភាពស្ថិតនៃប្រទេសនោះស្ថិតក្នុងភាពផុយស្រួយ ។

លោកថា៖«ទី២សន្តិភាពហ្នឹងមានន័យថា ពលរដ្ឋហ្នឹងគាត់អាចបញ្ចេញមតិយោបលបាន គាត់អាចបញ្ចេញសិទ្ធិរបស់គាត់បាន ហើយរដ្ឋាភិបាលហ្នឹងគាត់គោរពនីតិរដ្ឋ គាត់អនុវត្តប្រទេសហ្នឹងតាមបែបប្រជាធិបតេយ្យអាហ្នឹងបានហៅថាសន្តិភាព។

ហើទី៣សន្តិភាពត្រូវធ្វើឲ្យមនុស្សហ្នឹងមានភាពស្ងប់សុខ ហើយសំបូរុងរឿងទៀត មិនមែនមានន័យថាគ្រាន់តែអត់មានសង្គ្រាម តែការស៊ីចុកល្ហេមល្ហាមដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋទៅធ្វើខ្ញុំគេស្ទើរតែគ្រប់ប្រទេស ហើយយើងស្រែកថាសន្តិភាព ខ្ញុំគិតថាមិនមែនជារឿងត្រឹមត្រូវទេ»

លោក ហង្ស វិទូ វិភាគទៀតថា របត់នយោបាយពេលនេះ មិនមែ​នជាគន្លឺះរ​ក្សាស​ន្តិភាពបានយូអង្វែងទេ លោកថា អាចជា​កា​រជំរុ​​​ញឲ្យ​បែ​ក​បា​ក់ជា​តិច្រើនជាង ដោយថាចំណាត់របរស់រដ្ឋាភិបាល ដែលរំលាយបក្សប្រឆាំងនោះ ហើប្រកាសពីវិធា​ន​​ការទប់​​ស្កាត់​បើមានការតវ៉ានោះលោកថា ជាការបិទមាត់មនុស្សជិតពា​ក់​ក​ណ្តា​ល​ប្រទេស ។

លោកថា៖«យើងសួរថាតើនេះ ជាគន្លឹះឈានទៅរកសន្តិភាពឬយ៉ាងម៉េច? មានន័យថា ដើម្បីចង់បានសន្តិភាព យើងបំបិទមាត់ម្ខាងទៀតកុំឲ្យមាត់ឬយ៉ាងម៉េច?អញ្ចឹងចំនុចនេះមួយខ្ញុំជឿថា រដ្ឋាភិបាលខ្លួនឯងក៏គាត់យល់ដែរ ប៉ុន្តែដោយសារតែរឿងអំណា រឿងលាភសក្ការៈវិញទេ ដែលធ្វើឲ្យគាត់បែងចែកមិនបានច្បាស់លាស់»

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី  វិភាគប្រហាក់ប្រហែលដែរថា សន្តិភាព ពេលនេះ លោកថាជាសន្តិ​ភាព​បែប​ប្រុ​ងជើ​ងការ ដោយថា រដ្ឋាភិបាលប្រើពេលវេលាសច្រើន ស្រាប់ទប់ស្កាត់ និងបង្ក្រាបសំឡេងប្រឆាំង លោកថា សន្តិភា​ពប្រភេ​ទនេះ​ ​នឹងមិនស្ថិតនៅយូអង្អែងទេ បើស្ថានការនយោបាយមិនវិលទៅរកស្ថានភាពដើមនោះ។

លោក មាស នី វិភាគទៀតថា គន្លឹះនៃការថែរក្សាសន្តិភាពបានយូអង្វែង គឺការពង្រឹងផ្ទៃក្នុងជាតិ ឈា​នទៅជំ​រុញកា​រអភិវ​ឌ្ឍ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង មិនមែនប្រើពេលដើម្បីតែបង្កើត យុទ្ធសាស្ត្រកម្ទេចខ្មែរគ្មានឯងនោះទេ ។

លោកថា៖«អ្នកនយោបាយធ្វើម៉េចត្រូវតែស្វែងរកនូវឯកភាពជាតិ។កាលណាយើងមានឯកភាពជាតិ យើងមានសន្តិភាពហើយអាហ្នឹ​​ងបានយើងមានឥទ្ធិពលឬរក្សានូវតម្លៃសមធម៌ជាមួយប្រទេសជិតខាង ។ប៉ុន្តែបើនៅក្នុងស្រុកយើង យើងទាស់តែគ្នាឯងមិនចេះចប់ អ្នកជិតខាងក៏គេមិនឲ្យតម្លៃយើងដែរ»

សរុបជារួម អ្នកវិភាគថា គន្លឹះដែលអាចរក្សាសន្តិភាពបានយូអង្វែងគឺ អ្នកនយោបាយខ្មែរត្រូវចេះអង្គុយទល់មុខគ្នា ស្វែងរ​កដំ​ណោះ​​​ស្រាយបញ្ហាជាតិ ដោយតម្កល់ប្រយោជន៍ជាតិជាធំ។ មិនត្រូវចាត់ទុកខ្មែរណាជាសត្រូវ ត្រូវជីកកប់អតីតកាល ហើ​យប​​ង្កើ​ត​ទំនុកចិត្តគ្នា នាពេលបច្ចុប្បន្ន ដើម្បីឲ្យប្រាកដថា គ្មានការសងសឹកកើតឡើង អំឡុងភាគីណាមួយបាត់បង់អំណាច ធ្វើកំ​ណែ​ទ​ម្រ​ង់ប្រព័ន្ធយុត្តិធម៌ ដ៏ពិតប្រាកដមួយធានាដល់យុត្តិធម៌សង្គម។

រដ្ឋា​ភិ​បាលត្រូវចេះ ចាប់យកឱកាសពីមហាអំណាចគ្រប់និន្នាការ ដើម្បីជំរុញដល់ការអភិវឌ្ឍប្រទេស ធានាថាពលរដ្ឋ​គ្រប់ត្រទាប់​វណ្ណៈ​ ទទួលបានផលពីការអភិវឌ្ឍនេះទាំងអស់គ្នា បើកលំហប្រ​ជាធិបតេយ្យឡើ​ងវិញ តា​មរដ្ឋធមនុញ្ញជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ