តុលាការ​បញ្ជូន​មេឃុំគណបក្ស​សម រង្ស៊ី ទៅពន្ធនាគារ រឿង​ផ្តល់​លុយ​ឲ្យម្តាយស្រីមុំ ​

តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន មេឃុំរបស់គណបក្សសម រង្ស៊ី លោក ស៊ាង ចែត បន្ទាប់ពីសាកសួរពេញមួយថ្ងៃ ជុំវិញព័ត៌មានដែលអង្គភាពប្រឆំាងអំពើពុករលួយចោទថា មេឃុំរូបនោះយកប្រាក់៥០០ដុល្លារទៅឲ្យម្តាយកញ្ញាស្រីមុំ ជាថ្នូរកុំឲ្យនិយាយរឿងពិត ពីទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា។

មេឃុំស្រករបស់គណបក្សសមរង្ស៊ី ក្នុងខេត្តកំពង់ចាម  លោក ស៊ាង ចែត ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានអះអាងថា នាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ លោក កឹម    សុខា។

ក្រោយពីការសាកសួរចប់នៅម៉ោងជាង៦ល្ងាចនេះ មេធាវីការពារ លោក សំ សុគង់ មានប្រសាសន៍ថាតុលាការសម្រេចបញ្ជូនលោក ស៊ាង ចែត ទៅពន្ធនាគារ ដោយចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ទ ដែលប្រឈមមានទោស៥ទៅ១០ឆ្នាំ។ លោកយល់ថាការចោទប្រកាន់នោះមិនសមរម្យនោះទេ។ លោកបញ្ជាក់ថាលោកបានស្នើសុំឲ្យកូនក្តីនៅក្រៅឃុំ តែតុលាការបានបដិសេធ។

គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការឃាត់ខ្លួននេះនិងបានហៅការឃាត់ខ្លួននេះថា មានចរិតដូចរបបខ្មែរក្រហម គឺធ្វើឡើងតាមការឆ្លើយដាក់ពីបុគ្គលកញ្ញា ស្រីមុំ តែម្នាក់។ ក្នុងសេចក្តីថ្លែងការណ៍ គណបក្សនេះបានទាមទារឲ្យដោះលែងលោក ស៊ាង ចែត ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ