កូនប្រុស​ប្រធានសភា​មី​យ៉ាន់​ម៉ាលាលែង​ពី​តំណែង​ជា​ជំនួយការ​ផ្ទាល់របស់​ឪពុក​

លោក Mann Win Khaing Than ប្រធានថ្មីរបស់សភាមីយ៉ាន់ម៉ា (រូបភាពពី Mizziama.com)

កូនប្រុសរបស់លោក Mann Win Khaing Than ប្រធានថ្មីរបស់សភាមីយ៉ាន់ម៉ា បានលាលែងពីតំណែងជាជំនួយការផ្ទាល់របស់ឪពុករបស់លោក បន្ទាប់ពីការិយាល័យប្រធានាធិបតីបានចេញបទបញ្ជាមួយហាមឃាត់មិនឲ្យមន្ត្រីរដ្ឋាភិបាលយកសាច់ញាតិធ្វើជាជំនួយការផ្ទាល់។

ក្រោយការលាលែងរបស់កូនប្រុសប្រធានសភា តំណែងជំនួយការផ្ទាល់នេះត្រូវបានជំនួសដោយអគ្គលេខាធិការរងនៃរដ្ឋសភាវិញ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានស៊ីនហួរ (Xinhua)។

ពុំមានការបញ្ជាក់ពីមូលហេតុនៃការលាលែងនោះទេ តែការលាលែងនេះគឺធ្វើឡើងក្រោយការិយាល័យប្រធានាធិបតីកាលពីថ្ងៃចន្ទបានចេញបទបញ្ជាមួយ ហាមមន្ត្រីរដ្ឋាភិបាលទាំងអស់មិនឲ្យតែងតាំងប្ដីឬប្រពន្ធ កូន កូនប្រសារ ក្មួយ ឬចៅរបស់ខ្លួនជាជំនួយការផ្ទាល់ខ្លួននោះទេ។ បទបញ្ជានោះបានកំណត់ថាមានតែមន្ត្រីសាធារណៈប៉ុណ្ណោះដែលអាចទទួលតំណែងជាជំនួយការផ្ទាល់នេះបាន។

យោងតាមរបាយការណ៍ផ្សេងៗ អតីតប្រធានសភាលោក Aung Myint ក៏បានតែងតាំងកូនប្រុសរបស់លោកជាជំនួយការផ្ទាល់ផងដែរនិងបានបំពេញការងាររយៈពេល៥ឆ្នាំ។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី៥ ខែមេសា ការិយាល័យរបស់លោកប្រធានាធិបតីក៏បានចេញបទបញ្ជាមួយ ហាមប្រាមសមាជិកគណៈរដ្ឋមន្ត្រី និងបុគ្គលិក មន្ត្រីរដ្ឋាភិបាល ទាំងអស់មិនឲ្យទទួលសំណូក ដែលជាផ្នែកមួយនៃវិធានការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសនេះ។

បទបញ្ជានេះបានព្រមានថា អំពើពុករលួយបានរីករាលដាលក្នុងប្រទេសធ្វើឲ្យប៉ះពាល់ដល់សង្គមនិងសេដ្ឋកិច្ច និងនីតិរដ្ឋ។ រដ្ឋាភិបាលថ្មីមានគោលបំណងចង់លុបបំបាត់ទាំងស្រុងនូវអំពើពុករលួយជាទម្លាប់បែបនេះនៅក្នុងរយៈពេលខ្លី៕

ប្រភព៖ Global Times

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ