ប៊ែលហ្សិក​ប្រគល់​ជន​សង្ស័យ​វាយ​ប្រហារ​ភេរវកម្ម​ទីក្រុង​ប៉ារីស​ទៅ​បារាំង

ជន​សង្ស័យ​នៃ​ករណី​វាយ​ប្រហារ​ភេរវកម្ម​ទីក្រុង​ប៉ារីស សាឡះ អាប់ដេស្លាម (រូបភាពពី BBC)

ជនសង្ស័យនៃករណីវាយប្រហារភេរវកម្មទីក្រុងប៉ារីស សាឡះ អាប់ដេស្លាម ត្រូវបានអាជ្ញាធរប៊ែលហ្សិកប្រគល់ទៅអាជ្ញាធរបារាំងនៅថ្ងៃពុធ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីរបស់ព្រះរាជអាជ្ញាសហព័ន្ធរបស់ប្រទេសប៊ែលហ្សិក។

ជនសង្ស័យនោះឈ្មោះ អាប់ដេស្លាម ជាជនជាតិម៉ារ៉ុក សញ្ជាតិបារាំង និងធំដឹងក្ដីនៅក្នុងប្រទេសប៊ែលហ្សិក។ ជនសង្ស័យរូបនេះត្រូវបានគេជឿថាជាសមាជិកនៅរស់រានមានជីវិតចុងក្រោយនៃហេតុការណ៍ភេរវកម្មដែលបានសម្លាប់មនុស្ស១៣០នាក់ នៅទីក្រុងប៉ារីសកាលពីឆ្នាំមុន។

សេចក្ដីប្រកាសព័ត៌មានមួយបានថា ជនសង្ស័យ សាឡះ អាប់ដេស្លាម ដែលជាមនុស្សម្នាក់ស្ថិតនៅក្នុងផែនការវាយប្រហារភេរវកម្មទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានប្រគល់ខ្លួនឲ្យអាជ្ញាធរបារាំងកាលពីព្រឹកថ្ងៃពុធនេះ។

សេចក្ដីប្រកាសព័ត៌មានដដែលនេះក៏បានរៀបរាប់ថា គេពុំទទួលបានព័ត៌មានបន្ថែមផ្សេងទៀតពាក់ព័ន្ធនឹងពេលវេលា ឬកាលៈទេសៈនៃការផ្ទេរជនសង្ស័យរូបនេះឡើយ។

នគរបាលប៊ែលហ្សិកក៏បានព្យាយាមសួរជនសង្ស័យរូបនេះជុំវិញការពាក់ព័ន្ធទៅនឹងជនបង្កៃគ្រាប់បែកអត្តឃាតបីនាក់ផ្សេងទៀត ដែលបានវាយប្រហារព្រលានយន្តហោះ និងស្ថានីយរថភ្លើងទីក្រុងប៊្រុចសែល កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ដោយបានសម្លាប់មនុស្ស៣២នាក់និងបណ្ដាលឲ្យមនុស្សរាប់រយនាក់ផ្សេងទៀតរងរបួស៕

 

ប្រភព៖ Bangkok Post

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ