លោក ត្រាំ​ ឈ្នះ​ទាំង​៥​រដ្ឋ ចំណែកលោកស្រី គ្លីនតុន ឈ្នះ​៤រដ្ឋ ក្នុង​ការ​បោះឆ្នោត​បឋម

បេក្ខជនមកពី​គណបក្ស​សាធារណរដ្ឋលោក ដូណល ត្រាំ និង​បេក្ខជនគណបក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ីលឡារី គ្លីនតុន (រូបពីCNA)

បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណល ត្រាំ (Donald Trump) បានឈ្នះការបោះឆ្នោតបឋមនៅក្នុងរដ្ឋទាំងប្រាំដែលបានធ្វើទៅកាលពីថ្ងៃអង្គារ ខណៈដែលបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានទទួលជ័យជម្នះនៅក្នុងរដ្ឋចំនួន៤។

លោក Trump បានហៅខ្លួនឯងថាជា “បេក្ខជនសន្មត” របស់គណបក្សសាធារណរដ្ឋ បន្ទាប់ពីជ័យជម្នះនៅក្នុងរដ្ឋ Connecticut រដ្ឋDelaware រដ្ឋ Maryland រដ្ឋ Pennsylvania និងរដ្ឋ Rhode Island។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មានBBC។

លទ្ធផលនៃការបោះឆ្នោតបឋមក្នុងថ្ងៃអង្គារនេះ បាននាំឲ្យលោកត្រាំ កាន់តែខិតកាន់តែជិតទៅរកចំនួនប្រតិភូដែលលោកត្រូវការដើម្បីឈ្នះជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ មុនពេលគណបក្សនេះធ្វើសន្និបាតថ្នាក់ជាតិរបស់ខ្លួននៅក្នុងខែកក្កដា។

ចំណែកឯគណបក្សប្រជាធិបតេយ្យវិញ លោកស្រី គ្លីនតុន មិនបានឈ្នះនៅក្នុង៥រដ្ឋដូចលោកត្រាំ នោះទេ ដោយបេក្ខជនម្នាក់ទៀតគឺលោក Bernie Sanders បានឈ្មោះនៅក្នុងរដ្ឋ Rhode Island។ លោក Sanders ដែលសមាជិកព្រឹទ្ធសភានៅរដ្ឋ Vermont នោះបានប្តេជ្ញាថា នឹងតស៊ូរហូតដល់ទីបញ្ចប់នៃដំណើរការបោះឆ្នោតបឋមនេះ។

លទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋទាំង៥កាលពីថ្ងៃអង្គារ (រូបភាពពីBBC)
លទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋទាំង៥កាលពីថ្ងៃអង្គារ (រូបភាពពីBBC)

ថ្លែងនៅឯមជ្ឈមណ្ឌលសន្និបាតទីក្រុង Philadelphia បន្ទាប់ពីបានឈ្នះឆ្នោតនៅក្នុងរដ្ឋចំនួន៤នោះ លោកស្រី គ្លីនតុន បានឱ្យដឹងថាយុទ្ធនាការរបស់លោកស្រីបានកំណត់គោលដៅច្បាស់ និងប្រកបដោយវឌ្ឍនភាព ដើម្បីធ្វើឲ្យប្រសើរឡើងជីវិតរស់នៅក្នុងសហរដ្ឋអាមេរិក។

ទន្ទឹមគ្នានោះ លោក ត្រាំ បានប្រាប់អ្នកគាំទ្ររបស់លោកនៅទីក្រុងញូយ៉កថា លោកនឹងមិនកែប្រែគោលនយោបាយរបស់លោកនោះទេប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។

ចំនួនប្រតិភូដែលបេក្ខជននៅក្នុងគណបក្សទាំងពីរទទួលបានរហូតមកដល់ពេលនេះ (រូបពី BBC)
ចំនួនប្រតិភូដែលបេក្ខជននៅក្នុងគណបក្សទាំងពីរទទួលបានរហូតមកដល់ពេលនេះ (រូបពី BBC)

គួរបញ្ជាក់ថា ដើម្បីឈ្នះបេក្ខភាពប្រធានាធិបតីក្នុងគណបក្សប្រជាធិបតេយ្យត្រូវការប្រតិភូចំនួន២៣៨៣ ចំណែកក្នុងគណបក្សសាធារណរដ្ឋត្រូវការចំនួន១២៣៧ប្រតិភូ។

មកដល់ពេលនេះ លោកស្រី Clinton ជាបេក្ខជននាំមុខគេរបស់គណបក្សប្រជាធិបតេយ្យដោយទទួលបាន២១៤១ប្រតិភូ នៅខ្វះ២៤២ប្រតិភូ តាមពីក្រោយដោយលោក Bernie Sanders ដែលបច្ចុប្បន្នមាន១៣២១ប្រតិភូ នៅខ្វះ១០៦២។ ចំណែកក្នុងគណបក្សសាធារណរដ្ឋ សេដ្ឋីអចលនទ្រព្យលោក Trump នាំមុខគេដោយទទួលបាន៩៥០ប្រតិភូ នៅខ្វះ២៨៧ តាមពីក្រោយដោយលោក Cruz ដែលទទួលបាន៥៦០ប្រតិភូ នៅខ្វះ៦៧៧។

អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកា ដែលជាការជ្រើសរើសតំណែងប្រធានាធិបតីលើកទី៤៥ជំនួសលោក ប៉ារ៉ាក់ អូបាម៉ា ដែលនឹងត្រូវចូលនិវត្តន៍៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ