បទយកការណ៍៖ វីរភាព ឈុត វុទ្ធី​ ដិតជាប់ក្នុងអារម្មណ៍របស់យុវជនស្រឡាញ់បរិស្ថាន

សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី​(រូប​ថតដោយ​ Vanessa de Smet)

ក្រោមពន្លឺ​ថ្ងៃ​រៀប​នឹងលិច​នៅ​មាត់​ច្រាំង​ទន្លេ​ចតុមុខ នៅ​មុខ​ទី​សក្ការៈបូ​ជា​ដែល​អ្នក​ភ្នំពេញ​ តែ​ង​មាន​ជំនឿ​និង​សុំ​សេច​ក្តី​សុខ​សប្យា​យ គឺ​ទី​សក្ការៈព្រះ​អង្គ​ដងកើនោះ​មាន​សំឡេង​ស្រែកហៅ​ឈ្មោះ​​មនុស្ស​ម្នាក់​ដែល​បាន​បាត់​បង់​ជិវិត​កាលពី​៥​ឆ្នាំមុន ក្រោមក្រសែ​ភ្នែក​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ជាង​២០​នាក់​។​

មនុស្ស​ម្នាក់នោះ​គឺ​​ជា​សកម្ម​ជន​បរិស្ថាន​ដែល​​បានបាត់​បង់​ទាំង​កម្លាំង​កាយ​ចិត្ត រួម​ទាំង​ជិវិត​ ដោយសារការពារ​ព្រៃ​ឈើ និង​បរិស្ថាន​​នោះ គឺ​លោក ឈុត វុទ្ធី។

លោក ​ឈុត វុទ្ធី​ ត្រូវ​បាន​គេ​បាញ់សម្លាប់​​កាលពី​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១២ ​នៅ​តំបន់​សាងសង់​ទំនប់​វារី​អគ្គី​សនី​ដោយ​ក្រុមហ៊ុន​ចិន នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា​ ​ខេត្ត​កោះ​កុង។ ៥ឆ្នាំ​មុន​ថ្ងៃ​នេះប្រហែល​មាន​អ្នក​​​ស្រលាញ់​បរិស្ថាន​មិន​តិច​ទេ​ដែល​កំពុង​ស្រក់​ទឹក​ភ្នែកនឹក​អាលះអាល័យ​ដល់​រូប​លោក ខណៈ​មនុស្ស​​​មួយ​​ចំនួន​ទៀត​ទើប​តែ​ចាប់​ផ្តើម​ស្គាល់លោក វុទ្ធី និង​ការ​លះ​បង់​របស់​លោក សម្រាប់​កម្ពុជា។

នៅថ្ងៃ​ទី​២៦​មេសា​ ឆ្នាំ​២០១៧ ​ក្រុម​យុវជន​ដែល​គោរព​ស្រលាញ់​លោក​ ឈុត វុទ្ធី​ ជា​ង៥០នាក់​បាន​នាំ​គ្នា​មក​បួង​សួង​សុំ​ឲ្យ​បារមី​ព្រះ​អង្គដងកើ​ ជួយ​អន្ទង់​ចិត្ត​ដល់​អ្នក​ដឹក​នាំ​ប្រទេ​ស​ឲ្យ​នឹកភ្នករក​យុត្តិ​ធម៌​ដល់​ការ​ស្លាប់​របស់​លោក ​វុទ្ធី។

​​យុវជន​ទាំង​នោះ​ថា​រូប​កាយ​របស់​លោក​ ឈុត វុទ្ធី​ បាត់​បង់​ក៏ពិត​មែន​តែ​ព្រលឹង និង​ឈាម​របស់​លោក​បាន​ជ្រាបចូល​ខ្លួន​ពួក​គេ​ហើយ។ពួកគេនិយាយថា បុព្វ​ហេតុ​ការ​ងារ​ដែល​លោក ​វុទ្ធី​ បាន​លះ​បង់​​ជា​​អ្វី​ដែល​ជម្រុញ​ដល់​ពួកគេធ្វើ​ការ​​កាន់​តែ​ខ្លាំង​​បន្ត​ពី​លោក​។

សំបុរសណ្តែក​បាយ ក្នុង​ឈុតអាវ​ខ្មៅ​ដែល​មាន​រូប​លោក ​ឈុត វុទ្ធី និង​មាន​បង់កក្រមាផង​នោះ យុវជន​ឆ្នាំទី​២ ផ្នែក​អភិវឌ្ឍន៍​ធន​ធាន​ធម្មជាតិ លោក ង៉ន់ ហ៊ីន បាន​ឲ្យ​ដឹង​ថាលោក​មិន​ដែលឮឈ្មោះ ឬ​ដឹង​ថា​​លោក​ ឈុត វុទ្ធី ជានរណា​គេ​ទេ​​ពី​មុនមក គឺទើប​តែ​ស្គាល់​បន្ទាប់​ពី​លោកវុទ្ធី​បាត់​បង់​ជិវិត​ទៅ​ហើយ។ លោក​ថា៖ «ដោយ​សារ​តែ​ឃើញ​ការ​លះ​បង់​របស់​គាត់ គាត់​ហ៊ាន​លះ​បង់​ជីវិត ដោយ​សារ​តែ​អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថាខ្ញុំ​អាច​លះ​បង់​នូវ​អ្វីដែលដូច​ជា​ការ​ងារ​សង្គម​មួយ​ចំនួន សុខចិត្តពេល​ខ្លះ​ខ្ញុំរៀងអញ្ចឹង​ខ្ញុំ​​ចុះទៅ អ្នក​ខ្លះ​គេ​ប្រាប់​ខ្ញុំ​ថាកុំ​ចុះ​ខេត្ត​ញឹកពេក ខាត​រៀន​ខាត​សូត្រ​អី​អញ្ចឹង។ តែ​ដោយសារ​ការ​លះ​បង់​ការ​ស្រលាញ់​ហើយ​មើល​ឃើញ​ថាផល​ប៉ះពាល់ ឃើញ​ថា​ទាញ​យក​តែ​ពី​អ្នក​មាន​អំណាច​អញ្ចឹង​ ចេះ​តែ​ចង់​ដើ​រ​ចុះ​ទៅ​ចេះតែ​ឃើញ​គំរូ​របស់​លោក​ ឈុត វុទ្ធី​ ទៀត​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្តនៅ​ពេល​ដែល​ធ្វើ​ការ​ងារ​សង្គម​ហ្នឹង​»។

បន្ទាប់ពី​បាន​ស្គាល់ ​លោក ឈុត វុទ្ធី យុវជន​រូប​នេះ​បាន​កោត​សរសើរពីការ​លះបង់​របស់​លោក​ចំពោះ​បុព្វហេតុ​បរិស្ថាន​ និង​ថា​ជាគំរូ​មួយ​ជម្រុញ​ឲ្យ​លោក​ចង់ធ្វើ​ការ​ពារ​ព្រៃ​ឈើនៃ​​ប្រទេសនេះ​កាន់​តែ​ខ្លាំង។

យុវជនផ្នែកធនធានធម្មជាតិរូបនេះ ​បន្ថែម​ថាការ​ស្លាប់​របស់​លោក ឈុត ​វុទ្ធី​ មិន​អាចបង្អាក់ទឹកចិត្ត​ស្រលាញ់​ធម្មជាតិរបស់លោកបានឡើយ។

បន្ទាប់ពី​សមាធិ​៥នាទី និង​ការ​បញ្ចេញ​មតិ​យោបល់​លើការ​ស្លាប់​របស់​លោក ឈុត ​វុទ្ធី ក្រុម​យុវជន​ក៏​បំបែកគ្នា​រៀង​ខ្លួន ដែល​អ្នក​ខ្លះអង្គុយ​មើលវីដេអូតាមទូរស័ព្ទដៃដែល​មាន​ចំណង​ជើង​ថា «ខ្ញុំ​ជា ឈុត វុទ្ធី» ហើយ​​អ្នក​ខ្លះ​ទៀត​បាន​ជជែក​គ្នា​នូវ​អ្វី​ដែល​ទាក់​ទង​នឹងសកម្មជនការពារបរិស្ថានរូបនេះ។

ដោយ​​កំពុង​លើក​ទូរស័ព្ទបង្ហាញ​​បទ​ចំរៀង​ដែល​សហគមន៍​ព្រៃ​ឡង់​បាន​តែង​ដើម្បី​ឧទ្ទិស​ដឹង​គុណ​ដល់​លោក ឈុត ​វុទ្ធី យុវជន​ដែលធ្វើការ​ខាង​បរិស្ថាន​ម្នាក់​ទៀត​ លោក សួង នាគព័ន្ធ ​បាន​​ងាក​មក​ផ្តល់​បទ​សម្ភាសន៍​ជា​មួយខ្ញុំ​ផង​ដែរ​នៅពេល​ខ្ញុំ​ចូល​ទៅ​ជិត។ លោក​ថាលោក​ទើប​តែ​បាន​ស្គាល់​លោក​ ឈុត វុទ្ធី នៅពេ​ល​ដែល​លោកវុទ្ធី​​លាចាក​លោក​នេះ​ទេ តែអ្វី​ដែល​ជម្រុញ​ឲ្យ​លោក​នាគព័ន្ធចូល​ធ្វើ​ការបរិស្ថាន​បន្ត​នេះគឺ​ក្តេរ៍​ឈ្មោះ និង​ការ​លះបង់​របស់​លោក​ ឈុត វុទ្ធី ដែល​បានជម្រុញ​ឲ្យ​រូប​លោក​ចូលធ្វើ​ការ​ខាង​បរិស្ថាននេះ លោក​បាន​បន្ថែ​មថាការ​ងារ​ដែល​លោក​ធ្វើ​បន្តនេះ​គឺ​លោក​ធ្វើ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​របស់​ខ្លួន។

លោកថា៖ «​ក៏​ប៉ុន្តែ​ចាប់​តាំងពី​ឆ្នាំ​២០១៣ ខ្ញុំ​តែង​តែ​ចូល​រួម​ក្នុងការ​ការ​ពារព្រៃ​ឈើ ដូច​ជា​នៅ​តំបន់​អារ៉ែង គេ​ទៅ​ចាប់​ពួក​ខ្ញុំ​ដាក់​ទៅ​ប៉ុន្មាន​ម៉ោង​នៅ​ខេត្ត​កោះ​កុ​ងហ្នឹង យើង​បាន​ទៅ​ព្រៃ​ឡង់​សហគមន៍​ក្បាល​ខ្លា បាន​ពន្យល​ណែ​នាំ​សហគមន៍​ឲ្យ​មាន​ភាព​តស៊ូឲ្យ​មា​ន​ភាព​រឹងមាំ ពេល​ដែល​យើង​ចេះ​សាមគ្គីគ្នា គ្រប់​សហគមន៍​ទាំង​អស់យើង​គេ​ធ្វើ​យើង​មិន​បាន​ទេ។ គេ​គិត​ថា​លុយ​វា​សំខាន់​ណាស់ វា​សំខាន់​ជាង​ប្រទេស​ជាតិ​ វា​សំខាន់​ជាង​បរិស្ថាន នោះ​ជាភាព​ខ្សោយ​របស់​យើង បើ​សិន​ជា​យើ​ង​គិត​ថា​លុយ​វាមិន​មែន​ជា​រឿង​ធំ​ទេ រឿង​ដែល​ធំ​បំផុតនោះ​គឺ បាត់​បង់​ព្រៃ​ឈើ បាត់​បង់​ជីវភាព​គ្រួសារ និង​បាត់​បង់​អាយុ​ជីវិត​របស់​ប្រជាពល​រដ្ឋ​យើង»។

ក្នុង​សំឡេង​រាង​រឹង​ៗ​បន្តិចដោយ​សារ​ជា​​ខ្មែរធំ​ដឹង​ក្តី​នៅ​បរទេស​ អ្នក​ស្រាវជា្រវ​​ផលិត​ឯកសារ​​​វី​ដេអូ​ពី​ធម្មជាតិ​កញ្ញា ម៉ម កល្យាណី ហៅ​​ការ​លះ​បង់​របស់​លោក​ ឈុត វុទ្ធី ​គឺ​ដើម្បី​ការ​ពារ​ប្រជា​ជន​​កម្ពុ​ជា ការ​ពារ​ធន​ធាន​​ធម្មជាតិ​កម្ពុជា។ កញ្ញា​ថាឈាម​របស់​លោក​ ឈុត ​វុទ្ធី ទោះ​បី​ជា​ហូរ​ចេញ​ក្រៅ​ខ្លួន​របស់​លោក​ធ្លាក់​ចុះ​ដល់​​ដី​ក៏​ពិត​មែន​ តែ​ឈាម​ដែល​ស្រលាញ់​បរិស្ថាន​នោះ​​កំពុង​ស្ថិត​ក្នុង​ខ្លួន​អ្នក​ដែល​ស្រលាញ់​​បរិស្ថាន​ទាំង​អស់ ដែល​តែ​ង​តែ​ទន្ទិញ​​ប្រាប់​អ្នក​ទាំងនោះ​ថា​កុំ​ឲ្យ​ខ្លាចក្នុង​កិច្ចការរព​បរិស្ថាន​នេះ។

កញ្ញា​ថា៖ «ខ្ញុំ​អត់​ដែល​បានធ្វើ​ការ​ជាមួយ​គាត់​សោះ​ប៉ុន្តែ​ឈាម​របស់​គាត់​បាន​ជ្រាប​ចូល​ក្នុង​ឈាម​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ឈើគាត់ ខ្ញុំ​ឥឡូវ​កំពុង​ថត​កុន​ឯក​សារ​នៅ​ក្នុងព្រៃឈើគាត់ស្លាប់នៅក្នុង អញ្ចឹង​ឈាម​របស់​គាត់​ហូរ​ទៅ​ក្នុង​ឈាម​ខ្ញុំ​ដែរ ហូរ​ទៅ​ក្នុងឈាម​របស់​ប្អូន​ ហូរ​ទៅ​ក្នុង​ឈាម​ទាំង​អស់​គ្នាឲ្យ​តែ​យើង​ស្រលាញ់ព្រៃ​ឈើ ឲ្យ​តែ​យើង​ស្រលាញ់​ទឹក​ដី​ គាត់​ប្រាកដ​ជា​ពាក់​ព័ន្ធ​ជាមួយ​យើង​ហើយ យើង​ត្រូវ​គិត​ចឹង កុំ​ឲ្យ​គិត​ថា​គាត់​ផ្សេង​ យើង​ផ្សេង​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​រួម​គ្នា សុទ្ធ​តែ​ជា​កូនរបស់​ធម្មជាតិ កូន​ខ្មែរ យើង​កូន​ទឹក​ដី​ខ្មែរ ចឹង​បើ​យើ​ងអត់ការ​ពារ​ទឹក​ដី​ព្រៃ​ឈើ​ដូច​លោកឈុត វុទ្ធី យើង​មិន​មែន​កូន​ខ្មែរ​ទេ»។

សំណុំ​រឿងឃាតកម្ម​លើ​លោក ​ឈុត​ វុទ្ធី​ ត្រូវ​បានតុលាការបិទបញ្ចប់​ដោយ​អះអាង​ថា​អ្នក​ដែល​បាញ់​សម្លាប់លោក ឈុត វុទ្ធី នោះ​គឺមន្ត្រី​អាវុធហត្ថខេត្តកោះកុងម្នាក់ឈ្មោះ​ អ៊ិន រតនា ដែលត្រូវ​មន្ត្រី​ស៊ើប​​អង្កេត​របស់​រដ្ឋា​ភិបាលអះអាងថាបានបាញ់សម្លាប់ខ្លួនឯង ក្រោយ​ពីបាញ់​សម្លាប់​លោក​ ឈុត វុទ្ធី។

ទោះ​ជា​យ៉ាង​ណា​សម្រាប់​យុវជន​ដែល​មក​រំលឹកខួបពីការបាញ់សម្លាប់ ​លោក ឈុត ​វុទ្ធី​នេះថាពួក​គេ​មិន​សុខ​ចិត្ត​ទៅ​នឹង​ការបិទ​បញ្ចប់សំណុំរឿង​នេះ​ទេដោយ​ថា​វា​អយុត្តិ​ធម៌។

កញ្ញា ម៉ម កល្យាណី និយាយ​ថា​​ការ​បិទ​សំណុំ​រឿ​ងនេះ​វា​មិនត្រឹម​តែ​អយុត្តិ​ធម៌​សម្រាប់​លោកវុទ្ធី​ទេ វា​ជា​រឿង​អយុត្តិ​ធម៌​សម្រាប់ទឹក​ដី ព្រៃ​ឈើ និង​ប្រជា​ពល​រដ្ឋ​ដែល​ស្រលាញ់​បរិស្ថាន។ ​

កញ្ញាកល្យាណី៖ «ពេល​នេះ​យើង​អត់​ទាន់​បាន​ស្វែង​រក​យុត្តិ​ធម៌។ ពីព្រោះ​នៅ​ក្នុង​ពេល​ហ្នឹង នៅ​តែ​មាន​អ្នក​បំផ្លាញព្រៃ​ឈើ​នៅ​តែ​មាន​អ្នក​បំផ្លាញ​ទឹក​ដី អញ្ចឹងពី​ថ្ងៃ​ហ្នឹង​ទៅ​មុខ​ទៀតណា បើ​យើង​នៅ​តែ​បំផ្លាញព្រៃ​ឈើ យើង​ក៏​នៅ​តែ​អត់​មាន​យុត្តិធម៌​ដែរ មិន​គ្រាន់​តែ​យុត្តិ​ធម៌សម្រាប់​លោក ឈុត វុទ្ធី ទេ​យុត្តិ​ធម៌​សម្រាប់​ព្រៃ​ឈើ​ហើយ​ទឹក​ដីដែល​លោក​ឈុត វុទ្ធី​ដែល​កំពុង​តែ​ការ​ពារ»។

ចំថ្ងៃ​ខួប​៥ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​វុទ្ធីនេះអង្គការ​ Global witness បាន​ចេញ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា «ប្រាំ​ឆ្នាំ​ចាប់​ពី​ឃាតកម្ម​លើ​មិត្ត​របស់​យើង​គឺ​លោក ឈុត វុទ្ធី» ដែល​បាន​រៀប​រាប់​ព្រឹត្តិ​ការ​ណ៍ដែល​កើត​ឡើង​នៅ​​ Global witness នៅ​​ថ្ងៃ​ដែល​មាន​ឃាត​កម្ម​លើ​លោក​វុទ្ធី។ ថ្ងៃនោះ​ជា​ថ្ងៃ​ដែល​បុគ្គលិក​នៃ​ Global Witness ឡើង​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ធំបំផុត​មួយ​នៅ​ធនាគា​ពិភព​លោក ខណៈ​​ដែល​ថ្លែង​នោះ​សំឡេង​របស់​អ្នក​ថ្លែង​សន្ទរកថា​បាន​បែកប្រែ​តក់​ស្លុត និង​ធ្វើ​ឲ្យ​ស្ថាន​ភាព​ជ្រួល​ឡើង​ក្នុង​បន្ទប់សន្ទរកថា ហើយ​ការ​ស្លាប់​របស់​លោក​ឈុត វុទ្ធី​ត្រូវ​បាន​ពិភព​លោកឮនៅ​ពេល​នោះ​ដែរ។

អង្គការ​អន្តរជាតិមួយ​នេះ​បាន​សន្យាថាខ្លួន​នឹង​មិន​បោះ​បង់​ចោលអ្នក​ការពា​របរិស្ថាន និង​ដី​ធ្លីឡើយ ខ្លួន​នៅ​តែ​រក​ផ្លូវ​សម្រាប់​ពាំ​នាំ​នូវ​ការ​តស៊ូរបស់​ពួក​គេ​ទៅកាន់​​ពិភព​លោក និង​ទាម​ទារ​នូវ​ចំណាត់​ការ​មួយ​ពី​ពិភព​លោក​ដើម្បី​ការ​ពារ​សកម្មជន​បរិស្ថានដទៃ​ទៀត​ដែល​ខំ​តស៊ូ​ដើម្បី​បុព្វហេតុកា​រពារ​ផែន​ដី​របស់​យើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ