មន្ត្រីអាដហុកដែលជាប់ឃុំថា តុលាការពន្យារពេលស៊ើបសួរ​សាក្សី ដោយ​គ្មានហេតុផល

មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកលោក នី សុខា

មន្ត្រីសិទ្ធិមនុស្សដែលជាប់ឃុំបានលើកឡើងថា តុលាការឃុំខ្លួនពួកគេ​ប្រហែល១ឆ្នាំ ដោយពុំមានហេតុ​ផល​ ខណៈ​ចៅ​ក្រមសម្រេច​ពន្យាពេល​ស៊ើបសួរសាក្សីមួយចំនួនក្នុងសំណុំរឿង​ «សូកប៉ាន់សាក្សី»។

មន្ត្រីសិទ្ធិមនុស្សដែលត្រូវ​ឆ្មំាពន្ធនាគារ ក្រៀកឡើងរថយន្តដឹកអ្នកទោសទំាងដៃជាប់ខ្នោះ​ បានស្រែក​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ចៅ​ក្រម​សាលា​​ដំបូង​រាជ​ធានីភ្នំពេញ សាកសួរពេញ​មួយព្រឹក នៅ​​ថ្ងៃ​២៧​មេសានេះ​ថា «គេបន្តឃុំយើងបន្តទៀត ដោយគ្មានហេតុផល​ ដដែលៗ ធាម ពិសិដ្ឋ[ចៅក្រម​]»។

ចៅក្រម ​ធាម ច័ន្ធពិសិដ្ឋ បាន​សម្រេច​ពន្យារពេល​ស៊ើបសួរ​លើ​សំណុំ​ចោទប្រកាន់ពីបទ «សូក​ប៉ាន់​​សាក្សី» ​ពាក់​ព័ន្ធនឹងនាង​ ខុម ចាន់តារាទី ហៅ “ស្រីមុំ” ដែល​ត្រូវ​គេ​ទម្លាយថា មានទំនាក់​ទំនង​ស្នេហា​​ដ៏​ចម្រូង​ចម្រាស់​ជា​មួយ​មេដឹកនាំគណបក្សប្រឆាំងលោក កឹម ​សុខា ។

រីឯមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកលោក នី សុខា បាននិយាយប្រាប់អ្នកសារព័ត៌​មាននៅ​លើ​រថយន្ត​ដឹកអ្នកទោសដែរថា តុលាការបន្តឃុំខ្លួនពួកគេ គ្រាន់តែបំពេញតាមនីតិវិធីតែប៉ុណ្ណោះ ដោយថាតុលាការ​ធ្វើ​ឡើងក្រោមសម្ពាធនយោបាយ​។

លោកនិយាយថា «គ្រាន់តែជាការបំពេញនីតិវិធីនៃការឃុំខ្លួនបន្តទេ ហើយ​យើងមិនបាច់យល់​អីច្រើនទេ ព្រោះតុលាការ​ស្រុកខ្មែរគ្មានម្ចាស់ការខ្លួនឯងទេ ពីព្រោះថានេះជាការសម្រេចមួយដោយ​ គេហៅថា តាមតលេកាម៉ង់​ វាអត់មានអីចំឡែក​»។

លោកមេធាវី ឡោ ជុនធី ការពារក្តីឲ្យមន្ត្រីសមាគមអាហុក និងមន្ត្រី គ.ជ.ប បា​ន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ចៅ​ក្រម ​ធាម ច័ន្ទពិសិដ្ឋ​ បានសម្រេច​ពន្យាពេល​ស៊ើបសួរ​លើ​សំណុំនេះ​ដោយ​ចៅក្រមមិនបានបញ្ជាក់ថា នឹងត្រូវ​បិទបញ្ចប់ការ​សាកសួរនៅពេលណាច្បាស់នោះ​ទេ​។

លោក ឡោ ជុនធី បានអះអាងថា លោកបានស្នើទៅតុលាការឲ្យពន្លឿននីតិវិធី​បិទបញ្ចប់​ការស៊ើប​សួរលើ​សំណុំ​រឿង​ខាង​លើដែរ ដោយថាដើម្បីកុំឲ្យប៉ះពាល់ដល់​សិទ្ធិរបស់កូនក្តីលោក តែលោកថាចៅ​ក្រ​មមិនព្រម​ធ្វើតាម​​សំណើរនោះទេ​។

ដោយលោកនិយាយថា «យើងអត់ចង់ឲ្យមានការពន្យតទៅទៀតទេ យើង​បាន​ស្នើសុំហើយ ហើយ​អ្វីដែល​ពន្យា​តទៅទៀតវាប៉ះពាល់ទៅដល់សិទ្ធិគាត់ធ្ងន់ធ្ងរ អ្វីដែលឃុំខ្លួន​គត់នៅ​ទី​នោះ​ក៏​មាន​ការលំបាក​ គាត់​ចាស់ៗហើយ​»។

អ្នកប្រឹក្សាឯករាជ្យ ផ្នែកសិទ្ធិមនុស្ស​ លោក សួន​ ប៊ុនស័ក្តិ យល់ថា ការ​ពន្យាពេលស៊ើបសួរ​របស់ចៅក្រម គឺ​គ្រាន់តែជាលេះពន្យាពេលឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប តែប៉ុណ្ណោះ។ លោកថា ករណីនេះ បើ​តុលាការ​​មិនធ្វើការស៊ើបអង្កេតដោយយុត្តិធម៌ទេ នោះអាចធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ប្រិយ​ភាព​បក្ស​កាន់​អំណាច​ ដោយលោក​ថា សំណុំរឿង​នេះ ត្រូវ​បានគេមើលឃើញថា ស្ថិតនៅក្រោយ​សម្ពា​ធអ្ន​កន​យោបា​យ​​។

លោកនិយាយថា «យើង​ទៅចាប់គេឃុំ ហើយអាងតែពន្យាពេល ប៉ះពាល់ដល់កិត្យានុភាព ប៉ះពាល់ដល់មុខមាត់តុលាការ​ការទៅវិញទេ គេគិតថាតុលាការចាប់ហើយ ដើម្បីតែឃុំខ្លួន ហើយ​បើ​រកមិ​នឃើញ​ពន្យាពេលតែអញ្ចឹង ដូច្នេះ​សមនឹងតុលាការ​ស្រុកខ្មែរគឺមិនសូវមានការជឿជាក់​ពីប្រជាពលរដ្ឋ​ផង ឲ្យតែធ្វើអញ្ចឹងទៀត ខ្ញុំគិតថារិតតែប៉ះពាល់ទៅដល់មុខ​មាត់តុលាការ​ដែរ ហើយរឿង​នេះវាអាចជះ​ឥទ្ធិពល​មិនល្អ​ទៅដល់បក្សកាន់អំណាច​ ណាមួយគេចាត់ទុកថាតុលាការបច្ចុប្បន្នមិនឯករាជ្យ ហើយការ​ធ្វើ​អញ្ចឹងវា​អាចនៅក្រោមការបង្គាប់របស់អ្នកកាន់អំណាច វាអាចមើលឃើញអញ្ចឹង ទោះបីជាគោលការ​ច្បាប់វាមិន​​មែនអញ្ចឹងក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋគេម៉ៃថាអញ្ចឹង​​»។

គួរបញ្ជាក់ថា មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក៤នាក់ មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវតុលាកា​រ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធនា​គារ​ព្រៃ​ស កាលពីដើ​មឆ្នាំ​២០១៦ ដោយចោទប្រកាន់ពីបទ «សូកប៉ាន់​សាក្សី» ទាក់ទិន​សំណុំ​រឿងដ៏​ចម្រោ​ង​ច​​ម្រាស់មួយ ​ពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅ “ស្រីមុំ” ដែល​ត្រូវគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេ​ដឹកនាំគណបក្ស​ប្រឆាំង​លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ