តុលាការ​កាត់ទោស​អ្នក​វាយតំណាងរាស្រ្ត​ឲ្យ​ជាប់ពន្ធនាគារ៤ឆ្នាំ តែព្យួរទោស​៣ឆ្នាំ​

(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​

តុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសមនុស្ស៣នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយតំណាងរាស្រ្តបក្សសង្រ្គោះជាតិ២រូប កាលពីខែតុលា ឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៤ឆ្នាំ តែសម្រេចព្យួរទោស៣ឆ្នាំ។

កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករដែលគេស្គាល់ថាគាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។ អ្នកវាយតំណាងរាស្រ្តទាំងបីនាក់នោះគឺឈ្មោះចាយ សារិទ្ធ ឈ្មោះ ម៉ៅ ហឿន និងឈ្មោះ សុត វណ្ណនី។ ពួកគេបានចូលសារភាពកាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៥ ភ្លាមៗក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនពួកគេឲ្យបាននិងឲ្យពួកគេចេញសារភាពជាការប្រសើរ។

ម៉ោងប្រមាណជា៨ព្រឹកថ្ងៃសុក្រនេះ ជនជាប់ចោទទាំងបីរូបត្រូវសមត្ថកិច្ចនាំខ្លួនដល់តុលាការ និងបាននាំបន្តទៅដាក់នៅក្នុងបន្ទប់ជនជាប់ចោទនៅជាន់ទី១នៃអគារសាលាដំបូងរាជធានីភ្នំពេញ។ អ្នកទាំងបីមិនជាប់ខ្នោះដៃដូចអ្នកផ្សេងទៀតដែលកំពុងស្ថិតក្នុងបន្ទប់ជាមួយគ្នានោះទេ។ មិនតែប៉ុណ្ណោះ អ្នកទាំងបីអាចមានឱកាសទាក់ទងជាមួយសាច់ញាតិបានផងដែរ។ មុនចូលសាលសវនាការ សមត្ថកិច្ចបានអនុញ្ញាតឲ្យអ្នកទាំងបីចូលទៅក្នុងសាលសវនាការទី៥នៅទល់មុខបន្ទប់ជនជាប់ចោទដើម្បីជួបសាច់ញាតិរបស់អ្នកទាំងបី។

ចៅក្រមជំនុំជម្រះ លោក ហេង សុខណា បានប្រកាសសាលក្រមថាតុលាការសម្រេចឲ្យពួកគេជាប់ទោសតែ១ឆ្នាំប៉ុណ្ណោះ ដោយព្យួរទោស៣ឆ្នាំ ប៉ុន្តែចៅក្រមមិនបានបញ្ជាក់ពីមូលហេតុនៃការព្យួរទោសនោះទេ។ តុលាការក៏បានបង្គាប់ឲ្យពួកគេបង់ប្រាក់សំណងដល់តំណាងរាស្រ្តលោក គង់ សុភា ៤០លានរៀលនិងលោក ញ៉យ ចំរើន ៤០លានរៀលដែរ។ តុលាការក៏បានបង្គាប់ឲ្យពួកគេបង់ប្រាក់ពិន័យ៦លានរៀលក្នុងម្នាក់ៗចូលរដ្ឋ។

ពួកគេត្រូវព្រះរាជអាជ្ញាចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ តុលាការបានសម្រេចទម្លាក់បទចោទរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយថាតុលាការមិនរកឃើញភស្តុតាងណាមួយបញ្ជាក់ថាអ្នកទាំងបីបានវាយបំផ្លាញរថយន្តរបស់តំណាងរាស្រ្តនោះទេ។

មេធាវីរបស់តំណាងរាស្រ្ត គឺលោក សំ សុគង់ មានប្រសាសន៍ថាលោកនឹងពិចារណាប្តឹងឧទ្ធរណ៍ ហើយថាការកាត់ទោសតម្រឹមនេះមិនសមហេតុផល ដោយថាពួកគេនឹងមានសេរីភាពឡើងវិញឆាប់ៗនេះ។ លោកបន្ថែមថា៖ “ខ្ញុំគិតថាការដែលជាប់(ពន្ធនាគារ)៤ឆ្នាំហើយសម្រេចឲ្យបម្រើទោសតែ១ឆ្នាំនេះគឺមានលក្ខណៈមួយតិចពេក បើចៅក្រមកាត់(ទោស)បួនឆ្នាំហើយឲ្យជាប់ទោសបួនឆ្នាំអាហ្នឹងវាមានលក្ខណៈអាចទួលយកបាន…បើយើងពិនិត្យទៅលើអំពើហិង្សានៅរដ្ឋសភាហ្នឹងគឺមានលក្ខណៈសាហាវឃោរឃៅ ហើយអ្នកប្រើអំពើហិង្សាហ្នឹងសុទ្ធតែជាយោធា”

តំណាងរាស្រ្តគណបក្សប្រឆាំងនិងជាជនរងគ្រោះ លោក គង់ សភា បានឲ្យវីអូឌីដឹងតាមទូរស័ព្ទថាការសម្រេចរបស់តុលាការនេះមិនបានផ្តល់យុត្តិធម៌ដល់រូបលោកនិងលោក ញ៉យ ចំរើន នោះទេ ដោយលោកថាជនដៃដល់មានចេតនាវាយសម្លាប់ពួកលោក ហើយរបួសនៅលើរាងកាយរបស់ពួកលោកទាំងពីរនៅមិនទាន់បានជាស្រួលបួលនៅឡើយ។ លោក គង់ សភា ចាត់ទុកថាសាលក្រមនេះគ្រាន់តែធ្វើឡើងដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ លោកបន្ថែមថា៖ “បើប្រៀបធៀបទៅនឹងលោក មាជ សុវណ្ណារ៉ា គ្រាន់តែបញ្ចេញមតិនៅស្ពាននាគកាត់ទោសគាត់ម្ភៃឆ្នាំ…ខ្ញុំគិតថានេះគ្រាន់តែជានីតិវិធីបង្រ្គប់កិច្ចលុបលាងភាពអាម៉ាស់របស់អ្នកមានអំណាច ភាពអាម៉ាស់របស់រដ្ឋាភិបាលបច្ចុប្បន្ន ដើម្បីឲ្យអន្តរជាតិមើលឃើញថា(រដ្ឋាភិបាល)មានការយកចិត្តទុកដាក់ករណីវាយអ្នកតំណាងរាស្រ្តដែរ”

លោក គង់ សភា ថាលោកនឹងពិភាក្សាជាមួយមេធាវីដើម្បីពិនិត្យលើនីតិវិធីដាក់បណ្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត។

កន្លងទៅ តំណាងរាស្រ្តទាំងពីររូបបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងទាមទារប្រាក់សំណង ក្នុងម្នាក់ៗចំនួន១០០លានរៀល(ស្មើប្រមាណ២៥០០០ដុល្លារ)។ តំណាងរាស្រ្តក៏បានស្នើឲ្យរកជនដៃដល់បន្ថែមទៀតទៀតនិងអ្នកនៅពីក្រោយការវាយពួកគេ។

កាលពីសវនាការកន្លងទៅ អ្នកទាំងបីបានឆ្លើយថាពួកគេជាកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគេក៏ឆ្លើយទៀតថាលោកមិនមែនជាបាតុករចូលរួមបាតុកម្មប្រឆាំងលោក កឹម សុខា នោះទេ តែលោកថាលោកគ្រាន់តែជាអ្នកមកក្តាប់សភាពការណ៍នៃការធ្វើបាតុកម្មនោះប៉ុណ្ណោះ។ ពួកគេថាមិនដឹងថាអ្នកដែលគាត់វាយនោះជាអ្នកតំណាងរាស្រ្តនោះទេ ហើយថាមូលហេតុដែលនាំឲ្យគាត់វាយបុគ្គលនោះដោយថាបុគ្គលនោះបានជេរទៅមនុស្សមួយក្រុម ដែលមានទាំងលោកផងដែរថាជា“អាយ៉ងយួន

ពួកគេបានសារភាពថាលោកបានប្រើហិង្សាមែន តែថាមិនបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈនោះទេ។

អង្គការសិទ្ធិមនុស្សអន្តរជាតិ(HRW)បានចេញរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយថារដ្ឋាភិបាលបានកម្រិតករណីវាយតំណាងរាស្រ្តតែ លើមនុស្សបីនាក់តែប៉ុណ្ណោះ។ អង្គការនេះបានចោទប្រកាន់ថា ការវាយតំណាងរាស្ត្រត្រូវបានបញ្ជាចេញពីថ្នាក់លើក្នុងជួររដ្ឋាភិបាលនិងយោធា។ កន្លងទៅ គណបក្សប្រជាជនកម្ពុជាបានច្រានចោលការចោទប្រកាន់ថាគណបក្សនេះនៅពីក្រោយការវាយតំណាងរាស្រ្ត៕ ដោយ ទូច សុខា និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ