អាជ្ញាធរស្វាយរៀងរារាំងមន្ត្រីNGOដែលអប់រំពលរដ្ឋពីការបោះឆ្នោត​

មន្ត្រីសម្របសម្រួល​សហគមន៍ នៃអង្គការ សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក មៃ ទិត្យ​ពេល​បង្រៀន​ពល​រដ្ឋ​នា​ពេល​កន្លង​(រូបភាពពី​ហ្វេស​ប៊ុក​លោក​មៃ ទិត្យ)

អាជ្ញាធរស្រុករមាសហែក ខេត្តស្វាយរៀងរារាំងមិនឱ្យមន្ត្រីអង្គការសង្គមស៊ីវិលបើកវគ្គបណ្តុះបណ្តាលដល់អ្នកអង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទេ ដោយលើកហេតុផលថា មិនបានសុំការអនុញ្ញាត។

មន្ត្រីសម្របសម្រួលសហគមន៍ នៃអង្គការ សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក មៃ ទិត្យបានប្រាប់វីអូឌីនៅព្រឹកនេះថា លោក និងក្រុមការងារកំពុងរៀបចំ​បង្រៀន​ប្រជាពលរដ្ឋឲ្យចេះពីរបៀបអង្កេតការណ៍ពេលបោះឆ្នោតខាងមុខនេះ​ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចុះទៅរារាំង ហើយហៅលោកទៅសូរនាំនៅអធិការដ្ឋានស្រុករមាសហែក សួររកច្បាប់អនុញ្ញាតក្នុងការបង្រៀននេះ​។​

លោកបញ្ជាក់ថា និយាយទៅគេអត់ឱ្យយើងបង្រៀនទេ គេសួរយើងថាយើងមានសុំច្បាប់ ចេញមកពីខេត្ត ចេញមកពីស្រុកអីអត់ ដែលបានមកចុះបង្រៀនហ្នឹង? …….អត់បានបង្រៀនទេថ្ងៃនេះមិនទាន់បានចាប់ផ្តើមផងគេដាក់ប៉ូលីសប៉ុស្តិ៍ ប៉ូលីសអីមក គេអត់ឱ្យយើងធ្វើទេ

នៅពេលសួរនាំនោះ សមត្ថកិច្ចប្រាប់លោកថា មិនឲ្យបង្រៀនទេ ព្រោះមិនមានច្បាប់អនុញ្ញាតពីថ្នាក់ខេត្ត។ ​ទោះយ៉ាងក៏ដោយលោកមៃ ទិត្យ ថ្លែងក្រោយពេលសមត្ថកិច្ចសួរនាំជិត២ម៉ោងនោះថា លោកនៅតែបន្តបង្រៀនពលរដ្ឋដដែល ព្រោះលោកថា ច្បាប់កំណត់ពីសិទ្ធិជួបជុំគ្នាពលរដ្ឋមិនបាច់សុំច្បាប់ទេ។​

លោកថា “ មិនមានអីត្រូវឈប់ មានអីត្រូវខ្លាចនោះទេ ព្រោះស្អែកហ្នឹងខ្ញុំបង្រៀននៅ ហ្នឹងមិនបានខ្ញុំប្រហែលត្រូវទៅបង្រៀននៅខេត្តព្រៃវែងព្រោះយើងមានសហគមន៍នៅហ្នឹងដែរគឺអត់អោយខាតពេលទេ ត្រូវតែបង្រៀន ព្រោះខ្ញុំមានតួនាទីកាន់ខេត្តពីរត្រូវបង្រៀន។  នេះជាការបំបិទសិទ្ធិសេរីភាពរបស់ពួកគាត់ហ្នឹងឯងដែលយើង បង្រៀន យើងមិនបានទាក់ព័ន្ធនឹងនិន្នាការនយោបាយអីផង មិនដឹងថាពួកគាត់យល់ថាមេច ( អាជ្ញាធរ) ហើយយើងពិបាកដែរពីព្រោះបើតាមច្បាប់គឺយើងអត់មានធ្វើអីត្រូវខុសនោះទេ”​

តាមគម្រោងនៅថ្ងៃនេះ លោក ម៉ៃ ទិត្យ ត្រូវបង្រៀនពលរដ្ឋ១៦នាក់ ហើយស្អែកបង្រៀន១៦នាក់ទៀត គឺសរុបនៅខេត្តស្វាយរៀងត្រូវការ អ្នកអង្កេតការណ៍៣២នាក់​

អធិការស្រុករមាសហែក លោក សំ អុល បានប្រាប់វីអូឌីឱ្យដឹងថាលោក មិន បានរារាំង សកម្មភាពការបណ្តុះបណ្តាលពលរដ្ឋពីរបៀបអង្កេតការណ៍បោះឆ្នោតនោះទេ។ លោកថាលោកគ្រាន់តែហៅមន្ត្រីដែលចុះទៅបណ្តុះ បណ្តាលនោះមកសួរនាំរកច្បាប់អនុញ្ញាត។

លោកបញ្ជាក់ថា“និយាយឱ្យចំទៅពួកគាត់នេះមកធ្វើការនៅកន្លែងខ្ញុំនេះគាត់ជាសមាគមន៍ទេហើយពួកគាត់មកនេះអត់មានជំរាបអាជ្ញាធរទេហើយអត់មានច្បាប់អីគ្រប់គ្រាន់ទេ អីចឹងសមត្ថកិច្ចមិនមានរារាំងអីទេគ្រាន់តែខ្ញុំអញ្ជើញគាត់មកកន្លែងខ្ញុំដើម្បីត្រួតពិនិត្យឯកសារ អីចឹងពេលមកដល់ខ្ញុំត្រួតពិនិត្យឯកសារហ្នឹងគឺគាត់អត់មានទំនាក់ទំនង ជាមួយអាជ្ញាធរទេអីចឹងខ្ញុំទាមទារឱ្យគាត់សុំច្បាប់ត្រឹមត្រូវអាហ្នឹងគេឱ្យធ្វើហើយព្រោះស្រុកយើងមានច្បាប់មានទំលាប់មិនមែនចេះតែធ្វើតាមចិត្តអីទេ ខ្ញុំប្រាប់តាប៉ុណ្ណឹងបានហើយ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤នេះបណ្តុំអង្គការសង្គម ស៊ីវិលរៀបចំជាបន្ទប់ស្ថានការណ៍នឹងដាក់ពង្រាយអ្នកអង្កេតការណ៍ជាង ២ម៉ឺននាក់នៅតាមឃុំ សង្កាត់ ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ