សកម្មជនអាវខ្មៅគ្រោងនឹងហែក្បួនទៅផ្ទះនាយករដ្ឋមន្រ្តី

សកម្មជនអាវខ្មៅប្រកាសថាពួកគេគ្រោងនឹងហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្រ្តីវិញម្តង បន្ទាប់ពីធ្វើយុទ្ធនាថ្ងៃចន្ទពណ៌ខ្មៅអស់ជាច្រើនសប្ហាហ៍នៅតែមិនទាន់មានការដោះលែងសកម្មជនសិទ្ធិមនុស្សដែលជាប់ឃុំ។

នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះជាសប្ដាហ៍ទី៨ហើយដែលសកម្មជនដីធ្លីធ្វើយុទ្ធនាការទាមទាឲ្យមានការដោះលែងមន្រ្តី គ.ជ.ប លោក នី ចរិយា និងមន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក៤រូបទៀត។ ក្នុងយុទ្ធនាការសប្ដាហ៍នេះសកម្មជនដីធ្លីមកពីតំបន់ថ្មគោល អតីតបុរីកីឡា និងបឹងកក់មានគ្នា១៦នាក់បានលើកបដាឈរតវ៉ានៅក្នុងតំបន់បុរីសន្តិភាព២សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ។

តំណាងសកម្មជនដីធ្លីមកពីតំបន់ថ្មគោលអ្នកស្រី ច្រាយ នីម លើកឡើងថាក្នុងការតវ៉ាកន្លងមកមិនទាន់ឃើញមានលទ្ធផលទេ មានតែការរារាំងនិងគំរាមកំហែងពីអាជ្ញាធរ។ អ្នកស្រីបន្តថា ពួកសកម្មជនគ្រោងនឹងធ្វើយុទ្ធនាការហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើសុំឲ្យអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំទាំងនោះ។

សកម្មជនអាវខ្មៅម្នាក់ទៀតដែលអះអាងថាជាជនពីការបណ្ដេញចេញតំបន់បឹងកក់កញ្ញា អ៊ីម ស្រីទូច លើកឡើងថាការគ្រោងនឹងហែក្បួននេះមិនមែនជាសកម្មភាពនៃការធ្វើបដិវត្តពណ៌ទេ គ្រាន់តែជាការតវ៉ាទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ កញ្ញាបន្តថា ពួកសកម្មជនមានការព្រួយបារម្ភពីការចាប់ខ្លួនក្នុងគម្រោងហែក្បួនដែរ ប៉ុន្តែកញ្ញាថានេះជាជំរើសចុងក្រោយក្នុងការតវ៉ា។

កញ្ញាបន្តថា៖ “ពួកយើងបារម្ភតែពួកយើងអត់មានជំរើស ព្រោះថាយើងបានតស៊ូដោយអហិង្សាដោយសន្តិវិធីហ្នឹងវាច្រើនសប្ដាហ៍ហើយ ជាក់ស្ដែងយើងអត់ទាន់ទទួលបានដំណោះស្រាយ យើងមានតែទទួលបានការចាប់ ការបង្រ្កាប។ អញ្ចឹងយើងអត់ជំរើសទេ យើងនៅមានតែសម្ដេចមួយដែលគាត់ក្នុងនាមជាម៉ែជាឳ។ អញ្ចឹងសម្រេចចុងក្រោយពួកយើងមានតែទៅរកសម្ដេចដើម្បីអន្តរាគមន៍ដោះលែងមន្រ្តីអង្គការសង្គមស៊ីវិល ព្រោះពួកយើងជាប្រជាពលរដ្ឋរងគ្រោះត្រូវការពួកគាត់(អង្គការសង្គមស៊ីវិល)ខ្លាំងណាស់”។

សកម្មជនទាំងនោះថាមិនទាន់កំណត់ថ្ងៃនៃការធ្វើយុទ្ធនាការហែក្បួននេះឲ្យបានជាក់លាក់នៅឡើយទេ ប៉ុន្តែពួកគេនឹងបន្តតវ៉ាទាមទារហូតដល់មានការដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប ទាំងនោះឲ្យមានសេរីភាពវិញ។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ជិន ប៊ុនធឿន បាននោះទេ ដោយទូរសព្ទហៅចូលគ្មានអ្នកទទួល។

មន្រ្តីរដ្ឋាភិបាលធ្លាប់ហៅយុទ្ធនាការអាវខ្មៅនេះថាជាបដិវត្តពណ៌ក្នុងបំណងផ្ដួលរលំរដ្ឋាភិបាល ហើយអាជ្ញាធរក៏បានព្យាយាមទប់ស្កាត់សកម្មភាពនេះជាហូរហែផងដែរ។

ទោះបីជាយ៉ាងណាក្នុងយុទ្ធនាការស្លៀកខ្មៅព្រឹកនេះមិនមានការចាប់ខ្លួនដូចការតវ៉ាកន្លងទៅនោះទេ ប៉ុន្តែអាជ្ញាធរនិងសន្តិសុខខណ្ឌពោធិ៍សែនជ័យប្រមាណជាង២០នាក់បានមកដល់បន្ទាប់ពីពួកគេបញ្ចប់សកម្មភាពតវ៉ា។

អាជ្ញាធរទាំងនោះអះអាងថាពួកគេដាក់កម្លាំងនេះគឺដើម្បីការពារសណ្ដាប់ធ្នាប់សង្គម ហើយការចាប់ខ្លួនឬមិនចាប់ស្ថិតក្រោមការបញ្ជាពីថ្នាក់លើ។

នៅល្ងាចនេះសកម្មជនបឹងកក់បានក៏អះអាងថាពួកគេធ្វើយុទ្ធនាការអាវខ្មៅក្នុងន័យដូចគ្នានេះដែរ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដោយចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ អង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លីបានហៅការឃុំខ្លួននេះជារឿងអយុត្តិធម៌ ហើយពួកគេប្រកាសធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទាឲ្យមានការដោះលែងអ្នកជាប់ឃុំ។ ការធ្វើយុទ្ធនាការកន្លងមកស្រ្តីសកម្មជនដីធ្លីទាំងនោះត្រូវបានអាជ្ញាធររារាំងនិងចាប់ខ្លួនជាបន្តបន្ទាប់ ហើយពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ