តុលាការខ្មែរ​ក្រហម​បញ្ចប់​ការសាក​សួរ​អតីតប្រធានគុកទួលស្លែង លោក ឌុច

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង(រូបថតពីសាលាក្តីខ្មែរក្រហម​)

តុលាការខ្មែរក្រហមនៅថ្ងៃចន្ទនេះបានបញ្ចប់ការសាកសួរអតីតប្រធានគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុង។

ឌុចត្រូវបានសាលាក្កីខ្មែរក្រហមហៅលោកឲ្យមកផ្តល់សក្ខីកម្មចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ លោកត្រូវបានតុលាការខ្មែក្រហមកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

ក្នុងការផ្តល់សក្ខីកម្ម លោកបានបដិសេធនូវការធ្វើទារុណកម្មមួយចំនួននៅគុកស២១និងចម្លើយរបស់សាក្សីដែលជាអ្នកបកប្រែវៀតណាមនៅស២១ លោក ផា ថាចាន់ ដែលលោកថាត្រូវបានបង្កើតនិងរៀបចំឡើងក្រោយថ្ងៃ៧មករានិងជាគោលគំនិតរបស់វៀតណាម។ លោកក៏បានឲ្យដឹងដែរថាលោក នួន ជា បានណែនាំលោកឲ្យធ្វើការសួរចម្លើយទាហានវៀតណាម ដោយថតជាសំឡេង ដើម្បីផ្សាយក្នុងវិទ្យុរបស់កម្ពុជាប្រជាធិបតេយ្យពីគោលបំណងរបស់វៀតណាម ឈ្លានពានកម្ពុជាដាក់ចូលជាសហព័ន្ធចិន។

ឌុចបានឲ្យដឹងដែរថានៅឆ្នាំ១៩៧៨ ប៉ុល ពត បានបញ្ជាឲ្យមន្ទីរសន្តិសុខទាំងអស់ឈប់សួរចម្លើយអ្នកទោសដែលជាជនជាតិខ្មែរ តែអនុវត្តដដែលទៅលើអ្នកទោសជាជនជាតិវៀតណាមនិងចារកម្មCIA តែលោកថាលោកបន្តការធ្វើទារុណកម្មទៅលើអ្នកទោសជនជាតិខ្មែរវិញ បន្ទាប់ពីលោកបានជួបជាមួយលោកនួន ជា។ ទាក់ទងទៅនឹងលោកនួន ជា ឌុចបានឲ្យដឹងថាលោកនួន ជា បានបញ្ជាឲ្យចាប់ប្រពន្ធនិងកូនរបស់អ្នកទោសទាំងអស់និងបានបញ្ជាឲ្យខ្លួនកម្ទេចអ្នកទោសទាំងអស់។ ឌុចបន្ថែមថារាល់ការការសម្រេចទាំងអស់គឺខ្លួនត្រូវឆ្លងកាត់ពីបក្សកុំមុនីសកម្ពុជា ដោយថាអ្វីដែលលោក នួន ជា បដិសេធពីការទទួលខុសត្រូវរបស់លោកទៅលើមន្ទីរស២១ ជារឿងមួយដែលធ្វើឲ្យភ្ញាក់ផ្អើលនិងគ្មានន័យ។

ទាក់ទងទៅអតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យលោក ខៀវ សំផន វិញ ឌុចបានរិះគន់លោក ខៀវ សំផន ថាមិនក្លាហានប្រឈមមុខចំពោះទង្វើរបស់ខ្លួនទាក់ទងទៅនឹងការចាប់ខ្លួននិងសម្លាប់កម្មាភិបាលជាន់ខ្ពស់នៃរបបខ្មែរក្រហម ។ ក្នុងពេលផ្តល់សក្ខីកម្មលោកឌុចក៏បានឲ្យដឹងទៀតថាលោក ខៀវ សំផន ដែលមានឈ្មោះបដិវត្តន៍ថាសមមិត្តហែម ត្រូវបានអ្នកទោសនៅស២១ ឆ្លើយដាក់ថាជាភាក់ងារសម្ងាត់CIA តែឈ្មោះរបស់លោកត្រូវបានបក្សកុម្មុយនីស្តកម្ពុជា ស្នើឲ្យដកចេញវិញបន្ទាប់ពីលោកឌុច យកចម្លើយសារភាពនេះទៅប្រាប់លោក នួន ជា។

លោក ឌុច ដែលគ្រប់គ្រងគុកទួលស្លែងដោយមានការធ្វើទារុណកម្មនិងសម្លាប់មនុស្សជាង១៥០០០នាក់ បានថ្លែងថាអ្នកដែលយកមកឃុំខ្លួននិងសួរចម្លើយនៅគុកទួលស្លែងគឺត្រូវកម្ទេចទាំងអស់ ដោយមិនលើកលែងទោះបីស្រ្តីមានផ្ទៃពោះ កូនក្មេងនិងចាស់ក៏ដោយ។ លោកបញ្ជាក់ថា៖ “អត់មានដោះលែងទេ ឲ្យតែចូលស២១ហើយគឺដាច់ខាតកម្ទេច”។ ទោះជាយ៉ាងណាលោកថា ក្នុងចំណោមអ្នកទោសទាំងអស់មានតែពេទ្យធ្មេញឈ្មោះ ឌី ផុន ម្នាក់គត់ត្រូវបានប៉ុលពត បញ្ជាកុំឲ្យសម្លាប់។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានឲ្យវីអូឌីដឹងថាក្រោយពីបញ្ចប់នូវការសួរសាក្សីឌុច សាលាក្តីនឹងបន្តសាកសួរលើសាក្សីថ្មីទៀតនៅថ្ងៃស្អែកទៅលើប្រធានបទដដែលគឺមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុ។ លោកបន្តថាការផ្តល់សក្ខីកម្មរបស់លោក ឌុច នេះបានផ្តល់នូវសារៈសំខាន់ក្នុងការស្វែងរកការពិតនិងយុត្តិធម៌ដែលធ្វើឡើងនៅចំពោះមុខអង្គជំនុំជម្រះជាពិសេសគឺលោក ឌុចបានផ្តល់នូវព័ត៌មានជាច្រើនទាក់ទងទៅនឹងដំណើរការនៃរបបកម្ពុជាប្រជាធិបតេយ្យនិងដំណើរការទាំងមូលនៃមន្ទីរសន្តិសុខស២១។

បើតាមលោក ភក្ត្រា សំណុំរឿង០០២/០២នេះរហូតដល់ពេលនេះគឺមានរយៈពេលជាង២០០ថ្ងៃហើយសម្រាប់តុលាការធ្វើការសាកសួរសាក្សីនិងអ្នកជំនាញនៅក្នុងសំណុំរឿងនេះ។ លោកបន្តថានៅមានប្រធានបទ៣ទៀតដែលនឹងត្រូវសាកសួរ ដោយរួមមានការរៀបការដោយបង្ខំ ជម្លោះប្រដាប់អាវុធរវាងកម្ពុជាប្រជាធិបតេយ្យនិងវៀតណាមនិងតួនាទីរបស់ជនជាប់ចោទនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបានឲ្យដឹងដែរថាការស្តាប់អង្គហេតុនេះគឺសាលាក្តីគ្រោងនឹងបញ្ចប់ក្នុងចុងឆ្នាំ២០១៦ សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានបញ្ចប់សំណុំរឿងគឺចាប់ផ្តើមនៅដើមឆ្នាំ២០១៧និងប្រកាសសាលក្រមលើសំណុំរឿង០០២/០២ អាចគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០១៧។

គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌុចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ