លោក កឹម សុខា​ ថា​លោក ហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានស្នាក់នៅក្នុងស្នាក់ការបក្សអស់រយៈពេល១ខែមកហើយនោះ បានផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មានបរទេសមួយថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតនាពេលខាងមុខហើយរូបលោកបានក្លាយជាមុខសញ្ញារបស់នាយករដ្ឋមន្ត្រី។

នេះជាលើកទី១ហើយដែលលោក កឹម សុខា បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានស្នាក់នៅក្នុងស្នាក់ការបក្សនៅចាក់អង្រែលើតាំងពីថ្ងៃទី២៦ ខែឧសភា ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនរូបលោកពីអាជ្ញាធរ។ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីបដិសេធមិនចូលទៅតាមការកោះរបស់តុលាការក្នុងនាមជាសាក្សីចនួនពីរលើក។

សារព័ត៌មានReuters បានដកស្រង់សម្តីលោក កឹម សុខា មកចុះផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ថា គណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយលោកថាទោះបីជាការបោះឆ្នោតអាចមិនសេរីនិងមិនយុត្តិធម៌ក៏ដោយ។ លោក កឹម សុខា ប្រាប់Reutersទៀតថាប្រជាពលរដ្ឋខ្មែរចង់បានការផ្លាស់ប្តូរមួយបន្ទាប់ពីស្ថិតនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំ។

លោក កឹម សុខា មានប្រសាសន៍ទៀតថាលោកនាយករដ្ឋមន្ត្រីខ្លាចចាញ់ឆ្នោតក្នុងការបោះឆ្នោតខាងមុខ ដោយលោកថាទើបលោកនាយករដ្ឋមន្ត្រីប្រើយុទ្ធសាស្រ្តធ្វើបាបមេដឹកនាំបក្សប្រឆាំង។ លោកប្រាប់ Reutersថា៖ “អ្វីដែលគាត់(នាយករដ្ឋមន្ត្រី)ខ្លាចបំផុតគឺការចាញ់ឆ្នោត…យុទ្ធសាស្រ្តរបស់គាត់គឺផ្តួលថ្នាក់ដឹកនាំគណបក្សប្រឆាំង ដូច្នេះឥឡូវនេះ ខ្ញុំគឺជាមុខសញ្ញារបស់គាត់”

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាលោកមិនចាប់បារម្ភចំពោះការលើកឡើងរបស់លោក កឹម សុខា នេះទេ ដោយលោកថាបក្សប្រឆាំងបានលើកឡើងបែបនេះមានជារឿយៗនិងច្រើនដងមកហើយ។ លោកបន្តគណបក្សប្រជាជនកម្ពុជាមិនបានបារម្ភថានឹងចាញ់ឆ្នោតនៅពេលខាងមុខនោះទេ ដោយលោកថាថ្នាក់ដឹកនាំគណបក្សនេះមិនមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការ ដូចបក្សប្រឆាំងនោះទេ។ លោកមានប្រសាសន៍ថា៖ “ គាត់ធ្លាប់តែនិយាយអ៊ីចឹងតាំងពីដើមមក ធ្លាប់និយាយអ៊ីចឹង មែនតែត្រឹមការបោះឆ្នោតលើកក្រោយហ្នឹងទេ គ្រប់អាណត្តិហ្នឹង…ឱ! មានបារម្ភអី គេមានជាប់ទោសដូចគាត់ឯណា គាត់ទេដែលត្រូវបារម្ភនោះ កុំថាគេ កុំនិយាយយករួចខ្លួននោះ សម្តេចហ៊ុន សែន មានជាប់ពាក់ព័ន្ធជាមួយតុលាការឯណាអត់ទេ  មានតែឯឧត្តម សម រង្ស៊ី ឯឧត្តម កឹម សុខា ទេដែលកំពុងជាប់កុនជាមួយតុលាការហ្នឹង”

ទាក់ទងនឹងការប្រកួតប្រជែងផ្នែកនោយបាយនេះ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក សូ ចន្ថា មើលឃើញថានៅកម្ពុជាអ្នកនយោបាយមិនទាន់ប្រកួតប្រជែងគ្នាដោយស្មោះត្រង់នៅឡើយទេ។ លោកថា អ្នកនយោបាយបានយករឿងបុគ្គលផ្ទាល់ខ្លួនមកធ្វើជាកម្មវត្ថុក្នុងការវាយប្រហារគ្នា ជាជាងលើកយកគោលនយោបាយរបស់ខ្លួន មកប្រកួតប្រជែងគ្នា។  លោកបន្តថាការអនុវត្តច្បាប់ទៀតសោត ក៏មិនមានភាពស្មើគ្នារវាងគណបក្សនយោបាយមួយនិងគណបក្សនយោបាយផ្សេងទៀត។ លោកបន្ថែមថា៖ “អ្នកនយោបាយត្រូវតែមានភាពចាស់ទុំជាងនេះ ពាក្យចាស់ទុំនយោបាយសំដៅថាអ្នកនយោបាយត្រូវហ៊ានប្រកួតគ្នាដោយស្មោះត្រង់ហ៊ានចាញ់ហ៊ានឈ្នះ ក៏ប៉ុន្តែមិនមែនយករបៀបវារៈរឿងបុគ្គលដាក់បន្ទុកគ្នាទេ”

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងនិរទេសនៅក្រៅប្រទេសគេចពីការចាប់ខ្លួន រីឯប្រធានស្តីទីគណបក្សនេះកំពុងជាប់បណ្តឹងនៅតុលាការនិងកំពុងស្នាក់ស្នាក់ការបក្សបន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួន។ ចំណែកតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភានិងសកម្មជនរបស់បក្សនេះមួយចំនួនទៀតកំពុងជាប់ពន្ធនាគារនិងខ្លះកំពុងជាប់បណ្តឹងនៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ