រដ្ឋសភាសិក្សា​ពីការកាត់ប្រាក់ខែ​តំណាងរាស្រ្ត​បក្សប្រឆាំងដែលមិនបានបំពេញការងារ​

គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាបានសម្រេចឲ្យគណៈកម្មការជំនាញនៃរដ្ឋសភាសិក្សាពីការកាត់ប្រាក់ខែរបស់តំណាងរាស្រ្តបក្សប្រឆាំងដែលមិនបានបំពេញការងារ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទនេះ រដ្ឋសភាបានបញ្ជាក់ថាក្រោយពីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្រ្តៃយ៍បានសម្រេចប្រគល់ភារកិច្ចឲ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភានិងអគ្គលេខាធិការដ្ឋានសិក្សាពិចារណាលើអវត្តមានតំណាងរាស្រ្តបក្សប្រឆាំងនិងសិក្សាលើសេចក្តីតម្រូវទាំងឡាយរបស់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ក្នុងការដាក់វិន័យចំពោះតំណាងរាស្រ្តទាំងឡាយណាដែលមិនមកបំពេញភារកិច្ចរបស់ខ្លួនដោយ”ពុំមានមូលហេតុនិងមូលដ្ឋានអាចយកជាការបាន”។ រដ្ឋសភាបានបញ្ជាក់ថា៖ “លទ្ធផលនៃការសិក្សាពិចារណាខាងលើនឹងត្រូវផ្សព្វផ្សាយជូនសាធារណៈជននិងត្រូវដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងសម្រេច”

កាលពីថ្ងៃទី២៧ ខែឧសភា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានប្រកាសថាតំណាងរាស្រ្តទាំងអស់មិនអាចបំពេញការងារនៅមន្ទីររដ្ឋសភាក្នុងកាលៈទេសៈដែលគណបក្សថាមានការរំលោភបំពានអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តជាបន្តបន្ទាប់។ ការប្រកាសបែបនេះ ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ