នារីម្នាក់ត្រូវចាប់ខ្លួនក្រោយបង្ហោះព័ត៌មានថា លោក ហ៊ុន សែន ទទួលមរណភាព

នារីម្នាក់នៅបាត់ដំបងត្រូវបានចាប់ខ្លូន បន្ទាប់ពីក្នុងគណនេយ្យហ្វេសប៊ុករបស់នាងគេឃើញមានផ្សព្វផ្សាយថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាពដោយធ្លាក់យន្តហោះ។

អ្នកនាង ប៉ាង ស៊ីណា ដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ ស៊ីណានាគមាស ត្រូវបានតុលាការខេត្តបាត់ដំបងបង្គាប់ឲ្យចូលខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ក្រោយពីនៅលើទំព័រហ្វេសប៊ុករបស់នាងផ្សព្វផ្សាយថា លោក ហ៊ុន សែន បានទទួលមរណភាព ដោយភ្ជាប់ជាមួយនឹងរូបភាពរបស់លោកនិងភរិយាផងដែរ។

លោក ទូច សុភក្តី អ្នកនាំពាក្យតុលាការខេត្តបាត់ដំបងបានឲ្យដឹងថា បន្ទាប់ពីមានការឃាត់ខ្លួននិងសាកសួររួចមក តុលាការសម្រេចឲ្យអ្នកនាង ប៉ាង ស៊ីណា នៅក្រៅឃុំ តែនាងនៅតែស្ថិតនៅក្រោមការសើុបអង្កេតរបស់តុលាការ ហើយថានាងត្រូវតែចូលខ្លួនបំភ្លឺរាល់មួយខែម្តង។

លោក សុភក្តី បន្តថាអ្នកនាង ស៊ីណា ត្រូវបានចោទពីបទប្រមាថ ដោយថានាងបង្ហោះសារក្លែងក្លាយប្រមាថលោក ហ៊ុន សែន។

VOD មិនអាចទាក់ទង អ្នកនាង ប៉ាង ស៊ីណា សុំការបំភ្លឺចំពោះបញ្ហានេះបានទេ។

ប៉ុន្តែចៅក្រមសើបសួរ លោក លឹក សុខា ប្រាប់កាសែតខេមបូឌាដេលី ថាអ្នកនាង ស៊ីណា ទទួលស្គាល់ថាគណនេយ្យហ្វេសប៊ុកនោះពិតជារបស់គាត់ តែនាងមិនមែនជាអ្នកបង្ហោះសារនោះទេ ដោយថានាងបានបាត់ទូរស័ព្ទកាលពីថ្មីៗកន្លងទៅ។

យោងតាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ ការប្រមាថបទប្រមាថចំពោះអ្នករាជការសាធារណៈនឹងត្រូវជាប់ពន្ធនាគារពី១ទៅ៦ថ្ងៃនិងពិន័យជាសាច់ប្រាក់ពី១ពាន់ទៅ១០ម៉ឺនរៀល។

គួររំលឹកផងដែរ កាលពីខែមីនាកន្លងទៅសាលាដំបូងរាជធានីភ្នំពេញក៏បានកាត់ទោសនិសិ្សតម្នាក់ឲ្យជាប់ពន្ធនាគារ១៨ខែ ដោយសារគេបានបង្ហោះលើគណនេយ្យហ្វេសប៊ុករបស់គេអំពីការធ្វើ «បដិវត្តពណ៌»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ