ថន តារា ប្រកាស​ប្ដូរជីវិត​ថ្មី​​​​​​​​​​តាម​​ស្វាមី​ជនជាតិថៃ

ថន តារា និងស្វាមី

ក្នុងពិធីមង្គលការរបស់តារាសម្ដែង ថន តារា និងបុរសជនជាតិថៃ កាលពីថ្ងៃទី២៦ មិថុនា គេកត់សម្គាល់ថាតារាសិល្បៈ និងអ្នកមុខអ្នកការយ៉ាងច្រើនកុះករបង្ហាញមុខចូលរួម។ ក្រោយបញ្ចប់មង្គលការ នាងមិនត្រឹមតែប្រកាសចាកចេញពីស្រុកខ្មែរដោយគ្មានអាល័យប៉ុណ្ណោះទេ គឺប្រកាសលះបង់គ្រប់យ៉ាងបូករួមទាំងចំណូលចិត្តខាងផ្នែកសិល្បៈនិងទម្លាប់ផ្សេងៗ ដើម្បីកសាងជីវិតថ្មីនៅលើទឹកដីថៃសម្របតាមត្រកូលយូបាំរ៉ុង ដែលជាអ្នកនយោបាយនៅក្នុងប្រទេសថៃនោះផង។

ថន តារា បានអះអាងថាក្រោយពេលរៀបការអ្នកនាងនឹងជ្រើសយកស្រុកថៃធ្វើទីកន្លែងរស់នៅអចិន្ត្រៃយ៍ បើទោះជានាងបានតាំងចិត្តតាំងពីដើមថាមិនចង់ទៅរស់នៅឯណាឆ្ងាយពីម្ដាយ និងបងប្អូននៅស្រុកខ្មែរ។ អ្នកនាងនឹងប្រើជម្រើសឡើងចុះស្រុកខ្មែរធ្វើជាជំនួសវិញ ដើម្បីទុកពេលថែទាំស្វាមីនិងកូនប្រុសរបស់ស្វាមី ដែលនាងបញ្ជាក់ថាដើម្បីកសាងជីវិតថ្មីអោយបានរឹងមាំ។ សូម្បីតែអាជីពសិល្បៈ ក៏នាងសម្រេចចិត្តបោះបង់ទាំងស្រុងផងដែរ ដើម្បីកុំអោយមានរឿងប្រឡូកប្រឡាក់ណាមួយនឹងពាក្យចចាមអារ៉ាម។ កាលពីមុនអ្នកនាងបញ្ជាក់ថា បើទោះជារៀបការហើយក៏អ្នកនាងនឹងឡើងចុះស្រុកខ្មែរបន្តការងារពិធីការិនីមួយអាទិត្យម្ដងនិងទទួលថតស្ពតមិនចោលនោះទេ ដោយនាងក៏នឹងស្វះស្វែងឱកាសចេញធ្វើពិធីការិនីនៅតាមកញ្ចក់ទូរទស្សន៍ថៃ ឬទទួលការងារសិល្បៈនៅក្នុងប្រទេសថៃជំនួសផង។ ប៉ុន្តែមុនពេលពិធីការនិងក្នុងពេលពិធីការ នាងបានប្ដូរជំហរថ្មីថាមិនរវល់នឹងរឿងទាំងនោះទៀតទេ បើទោះជាស្វាមីតាមចិត្តរឿងប្រឡូកសិល្បៈ។ អ្នកនាងនិយាយថា៖ “រៀបការហើយក្រៅពីទៅនៅថៃតាមគាត់ ខ្ញុំក៏សម្រេចឈប់ពីសិល្បៈទាំងស្រុងផងដែរ ព្រោះបើនៅតែប្រឡូកអាជីពពិធីការិនីម្ដងម្កាល ឬថតស្ពតអីតិចតួច គឺវាអាចមានពាក្យនេះពាក្យនោះប៉ះពាល់ដល់គាត់(កតិ្តយស)។ អញ្ចឹងមានតែឈប់ម្មងដើម្បីស្វាមី!”។ អ្នកនាងបានអះអាងថាខ្លួននឹងសំលឹងមើលមុខរបរនៅក្នុងប្រទេសថៃឬអាចចូលប្រឡូកកិច្ចការនយោបាយតាមលោកណាវ៉ារ៉ាត់ យូបាំរ៉ុង បើទោះជានាងមិនសូវចូលចិត្ត។ អ្នកនាងបញ្ជាក់ថាក្រោយពេលរៀបការអ្វីដែលស្វាមីចាត់ចែង នាងនឹងទទួលយកទាំងអស់ហើយអ្វីដែលនាងយល់ថាមានការប៉ះពាល់ដល់ចំណងស្នេហ៍ គឺនាងប្រកាសប្ដូរចោលទាំងអស់។ អ្នកនាងនិយាយថា៖ “ដោយសារគាត់ជាអ្នកនយោបាយ ចឹងខ្ញុំប្រហែលជៀសមិនផុតរឿងជួយគាត់ក្នុងកិច្ចការនឹងទេ សរុបទៅខ្ញុំចាំមើលគាត់បើគាត់អនុញ្ញាតអោយខ្ញុំធ្វើអីខ្ញុំត្រូវតាមគាត់ ព្រោះយើងមានប្ដីហើយអត់ចេះតែធ្វើអីស្រេចចិត្តដូចមុនទៀតទេ”។

ក្នុងពិធីមង្គលការរបស់នាង ថន តារា ត្រូវគេឃើញរំភើបឡើងហូរទឹកភ្នែក ដោយនាងបញ្ជាក់ថានេះជាលើកទី១ដែលនាងទទួលបានកិត្តិយសពីបុរសជាទីស្រឡាញ់ តាមរយៈមង្គលការដែលស្រ្តីភាគច្រើនចង់បាន។ នាងប្រកាសថែរក្សាស្នេហារបស់ខ្លួនអោយដល់ទីបញ្ចប់ ទើបនាងប្រកាសផ្លាស់ប្ដូរជីវិតថ្មីទាំងស្រុងដើម្បីផ្គាប់ចិត្តស្វាមី តាមអ្វីដែលលោកណាវ៉ារ៉ាត់ យូបាំរ៉ុង ចង់បាន។ នាងគ្រោងទៅទៅលេងហុងកុងនិងដើរលេងជុំវិញប្រទេសថៃ ក្រោយបញ្ចប់រៀបការ ប៉ុន្តែមិនទាន់ច្បាស់ថាស្វាមីនឹងដៃនាងដើរក្រេបទឹកឃ្មុំថ្ងៃណានិងទីកន្លែងណាអោយច្បាស់នៅឡើយទេ។

ដូចគ្នាដែរ ថន តារាក៏ប្រកាសវិចបង្វិចទៅកាន់ភូមិគ្រឹះរបស់ស្វាមី នៅក្នុងប្រទេសថៃក្នុងពេលដ៏ខ្លីផងដែរ ដើម្បីកសាងជីវិតថ្មីក្នុងនាមជាភរិយារបស់អ្នកនយោបាយនៅក្នុងប្រទេសថៃ។ នាងថាស្វាមីរបស់ខ្លួនបានទាំងផ្ដល់ចិញ្ចៀនពេជ្រប្រចាំត្រកូលរបស់គ្រួសារយូបាំរ៉ុងអោយនាងមុនថ្ងៃរៀបការ អ៊ីចឹងហើយទើបនាងកក់ក្ដៅបើទោះជាបានស្គាល់លោកក្នុងរយៈពេលមួយខ្លី។ នាងថាស្វាមីរបស់ខ្លួនគឺជាប្អូនប្រុសបង្កើតរបស់លោក ឆាលើម យូបាំរ៉ុង អតីតឧបនាយករដ្ឋមន្ត្រីថៃ ក្នុងជំនាន់លោកស្រីយីងឡាក់ធ្វើជានាយករដ្ឋមន្ត្រី ហើយលោកក៏ជាមន្ត្រីជាន់ខ្ពស់មួយរូបប្រចាំនៅក្នុងសភាបាងកក ដែលមានមុខមាត់ក្នុងជួររដ្ឋាភិបាលថៃផងដែរ។ លោកគឺជាបុរសពោះម៉ាយកូន វ័យ៥២ឆ្នាំ ដែលនាងបានស្គាល់កាលពីដើមខែមេសា ក្នុងឆ្នាំ២០១៦ ក្នុងពេលដែលលោកចុះមកលេងស្រុកខ្មែរ ហើយនាងត្រូវបានគេអញ្ជើញអោយនាងធ្វើជាអ្នកបកប្រែថៃ។ រវាងនាងនិងស្វាមី តារារូបនេះបញ្ជាក់ថាស្គាល់គ្នារយៈពេលខ្លីបំផុត ប៉ុន្តែអ្វីដែលនាងកក់ក្ដៅ គឺលោក ណាវ៉ារ៉ាត់ យូបាំរ៉ុង ផ្ដល់អោយនាងនូវខាន់ស្លាយ៉ាងពេញមុខនៅស្រុកខ្មែរនិងគ្រោងទៅជប់លៀងធំដុំនៅក្នុងប្រទេសថៃម្ដងទៀត ក្រោយពេលនាងទៅដល់ប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ