វិភាគ៖ ហេតុអ្វីកម្ពុជាមិនអាចហៅពលករចំណាកស្រុកចូលប្រទេសវិញដូចភូមា?

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ ត្រូវបានគេមើលឃើញថាជាដើមចមមួយបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនិងជំរុញឲ្យមានលំហូរជំនួយពីសហគមន៍អន្តរជាតិនិងអ្នកវិនិយោគមកកាន់កម្ពុជា។

ប៉ុន្តែជាង២០ឆ្នាំមកនេះរដ្ឋាភិបាលនៅតែមិនទាន់អាចបង្កើតទីផ្សារការងារធានាឲ្យមានប្រាក់ឈ្នួលអាចឲ្យពលរដ្ឋរស់នៅបានសមរម្យ ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសបាននៅឡើយទេ។

លំហូរកម្លាំងពលកម្មចេញទៅរកការងារធ្វើនៅក្រៅប្រទេសនេះអ្នកតាមដានសង្គមមួយចំនួនដាក់ការព្រួយបារម្ភថាប្រទេសក្រីក្រមួយនេះបានបាត់បង់ធនធានមនុស្សនិងកម្លាំងពលកម្មដ៏លើសលប់សម្រាប់ជាតម្រូវការក្នុងស្រុកជំរុញដល់កំណើនសេដ្ឋកិច្ចព្រមទាំងមើលឃើញថាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលធ្វើឲ្យជីវភាពលរដ្ឋប្រសើរឡើងនោះនៅមានកម្រិតតិចតួចនៅឡើយ។

ប៉ុន្តែមេដឹកនាំប្រជាធិបតេយ្យនៃប្រទេសភូមាលោកស្រី អ៊ុង សានស៊ូជី ដែលទើបឈ្នេះឆ្នោតបានឡើងកាន់អំណាច ហើយបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសថៃនាប៉ុន្មានថ្ងៃនេះ បានផ្ញើសារទៅកាន់ពលរដ្ឋរបស់ខ្លួនដែលកំពុងធ្វើការនៅប្រទេសថៃថា “តោះយើងត្រឡប់ទៅផ្ទះយើងវិញ”។

ពាក្យប៉ុន្មានឃ្លារបស់មេដឹកនាំភូមានេះធ្វើឲ្យមានរលកនៃចលនារិះគន់ជាថ្មីទៀតលើរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះរូបភាពយំក្តុកក្តួលរបស់ពលករចំណាកស្រុកភូមានៅពេលឮសម្តីមេដឹកនាំផ្ញើសារបែបនេះ។

ប៉ុន្តែពួកគេបានយកសម្តីលោកស្រី អ៊ុង សានស៊ូជី នេះមកប្រៀបធៀបមេដឹកនាំរដ្ឋាភិបាលកម្ពុជាដែលឮពាក្យនេះ ខណៈកម្ពុជាទទួលបានជំនួយពីសហគមន៍អន្តរជាតិនិងមានអ្នកវិនិយោគចូលមកបណ្តាក់ទុនជាង២០ឆ្នាំមកហើយ តែពលរដ្ឋនៅតែធ្វើចំណាកស្រុក។

ហេតុអ្វីកម្ពុជាមិនអាចហៅពលករចំណាកស្រុកមកចូលប្រទេសវិញដូចភូមា?

នាយកប្រតិបត្តិអង្គការខារាមកម្ពុជាដែលធ្វើការផ្តោតលើពលករចំណាកស្រុកលោក យ៉ា ណាវុធ វិភាគថាការដែលមេដឹកនាំភូមាលោកស្រី អ៊ុង សានស៊ូជី អំពាវនាវឲ្យពលរដ្ឋខ្លួនវិលចូលស្រុកវិញលោកថាអាចមកពីប្រទេសនោះទើបនឹងឈ្នះការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ហើយសហគមន៍អន្តរជាតិនិងប្រទេសធំៗមួយចំនួននិងសម្រុកទៅធ្វើវិនិយោគនិងផ្តល់ជំនួយដល់ប្រទេសនេះ ធ្វើឲ្យប្រទេសភូមាអាចបង្កើតទីផ្សារការងារច្រើនជាងមុន ។

លោក យ៉ា ណាវុធ កត់សំគាល់ថាពលករចំណាកស្រុករបស់កម្ពុជានិងភូមាមិនសូវមានជំនាញដូចគ្នា លោកថាខុសពីប្រទេសហ្វីលីពីនដែលគេមានជំនាញ ពលករគេធ្វើការនៅក្រៅសុ្រកយូរអាចបង្កើនជំនាញនេះបន្ថែមបាន។ លោកថា ពេលគេត្រឡប់មកស្រុកកំណើតគេវិញ បទពិសោធន៍បន្ថែមនៃជំនាញនោះពួកគេអាចយកទៅពង្រីកទីផ្សារការងារនៅក្នុងស្រុកបាន ប៉ុន្តែលោកថាកម្ពុជាខុសពីប្រទេសហ្វីលីពីន។

លោកថា៖ “ហ្វីលីពីនយើងឃើញហើយមិនមានវិស័យកសិកម្មអីច្រើនដូចយើង[កម្ពុជា]ទេ ស្រុកខ្មែរយើងបើយើងគិតតែនាំគ្នាចំណាកស្រុកយើងហ្នឹង អាចប៉ះពាល់ទៅផ្នែកវិស័យផលិតកម្មកសិកម្មមួយដ៏ធ្ងន់ណាស់ អញ្ចឹងខ្ញុំសង្ឃឹមថាថ្ងៃណាមួយ រដ្ឋាភិបាលបង្កើតការងារឲ្យបានច្រើនទាក់ទាញអ្នកវិនិយោគ ហើយពង្រឹងជួយទៅលើផ្នែកសិប្បកម្មខ្នាតតូចខ្នាតមធ្យមនេះ ដែលជាសសៃឈាមសេដ្ឋកិច្ចមួយដែរហ្នឹងអាចស្រូបយកពលកម្មអ្នកធ្វើចំណាកស្រុកហ្នឹងមកវិញ”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី វិភាគថាអ្វីដែលកម្ពុជាមិនហ៊ានសន្យាផ្តល់ទីផ្សារការងារក្នុងស្រុកឲ្យពលរដ្ឋ ដូចមេដឹកនាំភូមា លោកថាអាចមកពីចន្ទៈនយោបាយរបស់កម្ពុជាខុសពីភូមា។

លោក កែម ឡី លើកឡើងថាប្រទេសភូមាក្រោយបោះឆ្នោតមេដឹកនាំប្រទេសគេបានប្តេជ្ញាចិត្តធ្វើកំណែទម្រងដ៏ស៊ីជម្រៅទៅលើប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យពិតប្រាកដ ធ្វើឲ្យសហគមន៍អន្តរជាតិមានជំនឿទុកចិត្ត ពិសេសលោកថាប្រព័ន្ធច្បាប់។

មួយវិញទៀតលោក កែម ឡី វិភាគថាប្រទេសភូមាគ្មានអន្តោប្រវេសខុសច្បាប់មកដណ្តើមការងារពលរដ្ឋគេនៅក្នុងប្រទេសដូចកម្ពុជាដែលសម្បូរទៅដោយអន្តោប្រវេសខុសច្បាប់ដូចជាជនជាតិវៀតណាមនិងជនជាតិចិននោះទេ។

លោកថា៖ «ពាណិជ្ជកម្មស្រុកគេរបៀបពាណិជ្ជកម្មស្អាតស្អំអត់មានបក្សពួក អញ្ចឹងវិនិយោគទុនល្អៗដូចជានៅអាមេរិក នៅអឺរ៉ុបអាចធ្វើបានដោយសារគេរឹតបន្តឹងច្បាប់ពាណិជ្ជកម្ម ហើយគេរៀបចំឲ្យមានសមាថពាណិជ្ជកម្មគេស្មើគ្នាចំពោះមុខច្បាប់ ហើយយើងវាអត់មានអញ្ចឹងហើយយើងអ្នកវិនិយោគរបស់យើងវាអញ្ចេះ ឆក់កណ្តៀតអ្នកវិនិយោគយើងហ្នឹងរបៀបអត់ស្អាតស្អំ ខារ៉ាអូខេ បា ល្បែងស៊ីសង អីអញ្ចឹងណាស់ អាហ្នឹងវាអត់មានស្ថេរភាពទេ»

លោក កែម ឡី វិភាគទៀតថាបញ្ហាមួយទៀតដែលរដ្ឋាភិបាលកម្ពុជាមិនអាចរកទីផ្សារការងារមានប្រាក់ឈ្នួលខ្ពស់សម្រាប់កម្មករខ្មែរបាន លោកថាដោយសារតែរដ្ឋាភិបាលបានបង្កើតបរិយាកាសល្អជាមួយអ្នកវិនិយោគ ហើយភ្លេចជំរុញការលើកស្ទួយសិទ្ធិកម្មករនិងជំរុញលក្ខខណ្ឌការងារ ធ្វើឲ្យកម្មករបាត់បង់ឱកាសទាមទារប្រាក់ឈ្នួលសមរម្យ គួបផ្សំនឹងការផ្តល់ដីសម្បទានរាប់លានហិកតាឲ្យទៅក្រុមហ៊ុនមិនបានដាក់លក្ខខណ្ឌឲ្យយកកម្មករខ្មែរទៅធ្វើការក្នុងកម្រិតប្រាក់ឈ្នួលសមរម្យ ។

ប៉ុន្តែសម្រាប់អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងថាពលករខ្មែរដែលបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេស លោកថាពួកគេជាកម្មករពាក់កណ្តាលជំនាញ។ លោកថាបើគិតពីប្រាក់ឈ្នួលនៅកម្ពុជាទាបបំផុត១៤០ដុល្លារក្នុងមួយខែ ប្រទេសថៃប្រហែលជា២៥០ដុល្លារ ចំណែកប្រទេសភូមាត្រឹម៩៥ដុល្លារក្នុងមួយខែ។

មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះមិនទាន់ជឿថាភូមាអាចមានលទ្ធភាពទទួលពលករចំណាកស្រុកទាំងនោះបានឬអត់នៅឡើយទេ លោកថាអ្វីដែលលោកស្រី អ៊ុង សានស៊ូជី អះអាងជាសានយោបាយច្រើនជាង។

បើតាមលោក ហេង សួង កម្ពុជាបានចុះកិច្ចព្រមព្រៀងឬ(MoU)រួចហើយជាមួយប្រទេសយ៉ាងតិច៧ដូចជាប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង កាតា អារ៉ាប៊ីសាអូឌិត សិង្ហបូរី និងជប៉ុន។ លោកថាពលករចំណាកស្រុកគិតត្រឹមខែកុម្ភៈមានប្រមាណជា៦៥ម៉ឺននាក់ ពួកគេផ្ញើថវិកាចូលកម្ពុជាបានប្រមាណ១,៦ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ប៉ុន្តែបើតាមធនាគារពិភពលោកប៉ាន់ប្រមាណថានៅឆ្នាំ២០១៥ពលករចំណាកស្រុកភូមារកចំណូលបាន៣ពាន់៥រយលានដុល្លារ(3,478 billions)។ សម្រាប់ប្រទេសកម្ពុជាពលករចំណាកស្រុកកម្ពុជារកចំណូលបានប្រមាណជាង៩០០លានដុល្លារ។ នៅកម្ពុជាចំណូលដែលពលករចំណាកស្រុករកបានគឺកើនទ្វេរដង បើប្រៀបធៀបឆ្នាំ២០១៤ដែលមាន៣៧៧លានដុល្លារ។

សម្រាប់អ្នកវិភាគគិតថាបើរដ្ឋាភិបាលនៅតែបន្តបើកទូលាយឲ្យមានពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយភ្លេចគិតពង្រីកទីផ្សារការងារក្នុងស្រុកមិនពង្រឹងប្រព័ន្ធយុត្តិធម៌និងអភិបាលកិច្ចល្អទេ ពួកគេព្រមានថាកម្ពុជានឹងបាត់ធនធានមនុស្សក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ